ចិន​លើកលែង​ទំនិញ​សណ្តែកសៀង​និង​សាច់ជ្រូក​របស់​អាមេរិក​ពី​បន្ទុក​ពន្ធគយ​

ប្រទេស​ចិន​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​នេះ​ថា ​នឹង​លើកលែង​ពន្ធ​លើ​ការ​នាំចូល​សណ្តែកសៀង​ហើយ​និង​សាច់ជ្រូក​មួយចំនួន​រប​ស់​អាមេរិក​នៅក្នុង​សញ្ញា​ចុងក្រោយ​នៃ​ការបន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ក្រុង​ប៉េកាំង​និង​ក្រុង​វ៉ាស៊ីនតោន ដោយសារ​រដ្ឋាភិបាល​ទាំងពីរ​កំពុង​ព្យាយាម​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយផ្នែក។

ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំជាងគេ​ទាំង​២​នេះ បាន​វាយលុក​គ្នា​ទៅវិញទៅមក​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ដោយពេល​នេះ​បាន​ដក​ពន្ធ​ដែល​បាន​ដកព​ន្ធ​ដែល​ធ្លាប់​ដាក់​លើ​ទំនិញ​តម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​វិញ​។​

ការសម្រុះសម្រួល​គ្នា​នេះ​ធ្វើឡើង​នៅពេលដែល​ភាគី​ទាំងពីរ​ឈានដល់​កិច្ចព្រមព្រៀង​តូច​មួយ​ដែល​ក្រុង​វ៉ាស៊ីនតោន​អះអាងថា​មាន​រួមបញ្ចូល​ទាំង​ការសន្យា​របស់​ចិន​ក្នុង​ការបង្កើន​ការទិញ​កសិផល​របស់​អាមេរិក​ផងដែរ​។ វា​ក៏​កើតឡើង​នៅមុន​ពេល​នៃ​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ដែល​បានគ្រោង​ថា​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៥ ធ្នូ​ខាងមុខនេះ ដែល​អ្នកសង្កេតការណ៍​ទាំងឡាយ​បានបង្ហាញ​ក្ដីបារម្ភ​ថា​អាច​រារាំង​ការចរចា​នេះ​។​

ដោយឡែក ក្រសួង​ហិរញ្ញវត្ថុ​បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​គណៈកម្មការ​ពន្ធគយ​នៃ​ក្រុមប្រឹក្សារដ្ឋ​កំពុង​អនុវត្ត​ការដកចេញ​ផលិតផល​ធ្វើ​ពី​សណ្តែកសៀង សាច់ជ្រូក និង​ទំនិញ​ផ្សេងទៀត​ចេញពី​បន្ទុក​ពន្ធគយ​ដោយ​ផ្អែកលើ​ពាក្យស្នើសុំ​ពី​សហគ្រាស​នានា​” ។

គួរ​បញ្ជាក់ថា ពន្ធ​លើ​សណ្តែកសៀង​បាន​កើនឡើង​ពី​៣​ទៅ​៣៣% បន្ទាប់ពី​ពន្ធ​ពីរដង​កាលពី​ខែកក្កដា​ឆ្នាំ ២០១៨​គឺ​២៥% និង ៥%​ទៀត​នៅ​ខែកញ្ញា​។​

ចិន​គឺជា​ប្រទេស​ដែល​បរិភោគ​សណ្តែកសៀង​ដ៏​ធំជាងគេ​នៅលើ​ពិភពលោក ហើយ​បាននិងកំពុង​ដើរ​ទិញ​ផលិតផល​នេះ​នៅ​តំបន់​ក៏ដូចជា​ប្រទេស​ផ្សេងទៀត ដូចជា​ប្រេ​ស៊ី​ល​ជាដើម​ដើម្បី​ជំរុញ​ការផ្គត់ផ្គង់​៕ AFP
​តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114