ស្ថានភាព​នៅ​អេស្ប៉ាញ ​ចាប់​ផ្ដើម​​អាក្រក់​ជាង​អ៊ីតាលី ​ត្រឹម​មួយ​ថ្ងៃ​មាន​អ្នក​ស្លាប់ ៨៤៩នាក់ ឆ្លង​ថ្មី​លើស ៩ពាន់​នាក់

អេស្ប៉ាញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​ពី​អត្រា​ស្លាប់​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ចាប់​តាំង​ពី​មាន​ការ​ឆ្លង​រាតត្បាត​វីរុស​កូវីដ ១៩ ក្នុង​ប្រទេស​ខ្លួន​មក នាំ​ឲ្យ​មន្ទីរពេទ្យ​ទូទាំង​ប្រទេស គ្មាន​កន្លែង​គ្រប់​គ្រាន់​ដើម្បី​ទទួល​អ្នក​ជំងឺ ខណៈ​រដ្ឋាភិបាល នៅ​តែ​មិន​មាន​វិធានការ​មាន​ប្រសិទ្ធភាព អាច​គ្រប់​គ្រង់​ស្ថានការណ៍​បាន​នៅឡើយ។

តួលេខ​អ្នក​ស្លាប់​កាល​ពីថ្ងៃ​អង្គារ ក្នុង​ប្រទេស​នេះ មាន​ដល់ ៨៤៩នាក់ នាំ​ឲ្យ​​ចំនួនស្លាប់​​សរុប​កើត​ដល់ ៨១៨៩​នាក់។ នេះ​បើ​តាម​តួលេខ​ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​អេស្ប៉ាញ ខណៈ​អត្រា​ឆ្លង​ថ្មី មាន ៩២២២នាក់ នាំឲ្យ​តួលេខ​សរុប មាន ៩៤៤១៧នាក់ តែ​ក្នុង​នោះ​មាន​ជាង ១៩២០០នាក់​បាន​ជា​សះស្បើយ​និង​ចាកចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ។ នេះ​ជា​អត្រា​ឆ្លង និង​ស្លាប់​​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​នេះ។

រដ្ឋាភិបាល​អេស្ប៉ាញ កំពុង​ចាប់​វិធានការ​ក្តៅ រឹត​បន្តឹង​គ្រប់​សកម្មភាព​សាធារណៈ ស្រប​ពេល​ពិធី​បុណ្យ​បែប​ប្រពៃ​ណី​លោក​ខាង​លិច Easter កំពុង​ចូល​មក​ដល់​នៅ​ចុង​សប្តាហ៍​ក្រោយ ដែល​ទំនង​នាំ​ឲ្យ​ការ​ឆ្លង​រាលដាល​កាន់​តែ​ខ្ពស់ និង​ស្លាប់​កាន់​តែ​ច្រើន។

ការ​បិទ​ប្រទេស​រយៈពេល ២សប្តាហ៍ គិត​ចាប់​ពី​ថ្ងៃ ១៤ មីនា រហូត​មក​ទល់​ពេល​នេះ មិន​អាច​ជួយ​ស្រោច​ស្រង់​ស្ថានការណ៍​នៅ​អេស្ប៉ាញ​បាន​នៅ​ឡើយ​ទេ ដោយ​រដ្ឋាភិបាល បាន​សម្រេច​ពន្យារ​ពេល​បិទ​ប្រទេស​រហូត​ដល់​ថ្ងៃ ១១ មេសា ខាង​មុខ។

ដោយ​ឡែក​ក្នុង​ប្រទេស​អ៊ីតាលី​វិញ​ តួលេខប្រចាំថ្ងៃដែលត្រូវបានចេញផ្សាយដោយភ្នាក់ងារការពារស៊ីវិលបានបញ្ជាក់ថាមានការឆ្លងថ្មីចំនួន ៤០៥៣ ករណី នាំឱ្យមានករណីឆ្លងសរុបឡើងដល់ ១០៥៧៩២ ករណី។ ទន្ទឹម​នឹង​នោះមនុស្ស ៨៣៧ នាក់ទៀតបានស្លាប់ដែលនាំឱ្យចំនួនប្រជាជនអ៊ីតាលីស្លាប់កើនឡើងដល់ ១២៤២៨ នាក់ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP