អេស្បាញចង់សាកល្បងដកចេញនូវបម្រាមគោចរចុងខែនេះទោះអ្នកស្លាប់នៅតែមានច្រើន​

អេស្បាញកំពុង​ជឿថា គេ​អាចនឹងបន្ធូរបន្ថយការរឹតបន្តឹងនានា នៅត្រឹមចុងខែមេសានេះដោយសារ​សញ្ញាវិជ្ជមាន​នៃការគ្រប់គ្រងស្ថានភាព​វីរុសឆ្លង។

យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនិងជាអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Maria Jesus Montero បាននិយាយថា ប្រជាជនអាចចាប់ផ្តើមវិលត្រឡប់មករកជីវភាពធម្មតារបស់ពួកគេវិញដោយសន្សឹមៗបន្ទាប់ពីថ្ងៃទី ២៦ ខែមេសា នៅពេលដែលការរឹតត្បិតដ៏តឹងរឹងត្រូវបានគេរំពឹងថា នឹងផុតសុពលភាពទៅនោះ។

ទោះបីយ៉ាងណា នៅតែមានគោលការណ៍ណែនាំសំខាន់ ៗ ស្តីពីកិច្ចប្រជុំនៅទីសាធារណៈដែលមិនទាន់អនុញ្ញាត្តិសេរីឡើយ។

បម្រាមគោចរបានចូលជាធរមានចាប់តាំងពីថ្ងៃទី ១៥ ខែមីនា ហើយជនជាតិអេស្បាញនានាត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះរបស់ពួកគេតែក្នុងករណី រកទិញឥវ៉ាន់ចាំបាច់។

អេស្បាញនៅតែ​មាន​អ្នកស្លាប់ដោយសារវីរុសនេះ ចំនួន ៧៥៧ នាក់ទៀតនៅថ្ងៃពុធនេះ ដែលធ្វើឱ្យការស្លាប់សរុបដោយកូវីដ១៩មាននៅប្រទេសខ្លួនឡើងដល់  ១៤.៥៥៥ នាក់។

អ្នកឆ្លងថ្មីមាន ប្រមាណ​ជា​ដល់១៤៦.៦៩០ នាក់ទៅហើយ គឺកើនឡើងពី ១៤០.៥១០  កាលពីថ្ងៃអង្គារ(ថ្មីជាង៦០០នាក់ត្រឹមមួយយប់)។

អេស្បាញជាប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុតលំដាប់ទី ២ ដោយសារតែវីរុសឆ្លងកូវីដនេះ បន្ទាប់ពីប្រទេសអ៊ីតាលី។

ចម្រើន តារា​