BREAKING NEWS
Search

អ្នកនាំពាក្យ​ ៖ ​​លោក សួង សុភ័ណ្ឌ​ ​ត្រូវចាប់ខ្លួន​ ក្នុងបទល្មើសជាក់ស្តែង ​និងញុះញង់​

ភ្នំពេញ៖ លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ និងជាអតីតបេក្ខជន​តំណាងរាស្រ្ត នៃអតីត​គណបក្សសង្គោះជាតិ ត្រូវ​បានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនហើយកាលពីវេលាម៉ោងប្រមាណជាង១២ ថ្ងៃត្រង់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ទាក់ទងទៅនឹង​បទល្មើសជាក់ស្តែង ​និងញុះញង់​ទំលាក់ហុសទៅលើអាជ្ញាធរមាន​សមត្ថកិច្ច លើបញ្ហាព្រំដែន​ នេះបើតាម​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ។​

​លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបា​លជាតិ​​ បាន​ថ្លែងប្រាប់កម្ពុជាថ្មី​នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះថា ​​លោក សួង សុភ័ណ្ឌ​ ត្រូវបាន​ចាប់ខ្លួនទាក់ទងទៅនឹង​បទល្មើសជាក់ស្តែង ​និងញុះញង់​ទំលាក់​ ហុសទៅលើអាជ្ញាធរមាន​សមត្ថកិច្ច។ លោកឧត្តមសេនីយ៏ឯក​ បញ្ជាក់យ៉ាងនេះថា “ត្រូវចាប់ខ្លួន​ក្នុងបទល្មើស​ជាក់ស្តែង​ ដោយបានផ្សព្វផ្សាយព័ត៌​មានញុះញង់ និងទំលាក់ហុសទៅលើអាជ្ញាធរមាន​សមត្ថកិច្ចពាក់ព័ន្ធបញ្ហាព្រំដែន”​។

ចំណែកលោក យិន ឈឿន អ្នកនាំពាក្យគណបក្សខ្មែរឈ្នះបានថ្លែងប្រាប់កម្ពុជាថ្មី​នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះដែរថា លោក សួង សុភ័ណ្ឌ ពិតជាត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ហើយ កាលពីវេលាម៉ោងជាង១២ ថ្ងៃត្រង់ ហើយ​យើងមិនទាន់ដឹងថា ការចាប់ខ្លួននេះពាក់ព័ន្ធទៅនឹងករណីអ្វីនោះទេ ហើយពេលនេះ ត្រូវបាននាំយកទៅសួរនាំនៅស្នងការរាជធា​នីភ្នំពេញ ហើយខាងគណបក្ស​នៅមិនទាន់បានចូលជួបសួរនាំនៅឡើយទេ។

ដោយឡែកតាម​ព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា លោក សួង សុភ័ណ្ឌ ​ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ពាក់ព័ន្ធ​​បទល្មើសជាក់ស្តែង ទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស លើគណៈកម្មាធិការចម្រុះកិច្ចការ​ព្រំដែនថា ប្រព្រឹត្តបទល្មើសក្បត់ជាតិ​ ​ ហើយលោក សួង សុភ័ណ្ឌ នឹងត្រូវ​អនុវត្ត​តាមនីតិវិធី​ច្បាប់​៕

អត្ថបទ៖ កោះកែវ