កីឡា​ជាតិ​លើក​ទី​៣ ត្រូវ​បាន​ពន្យារ​ការប្រកួត​

ដោយសារ​បញ្ហា​ជំងឺ​ផ្លូវ​ដង្ហើម​(​កូ​វីដ​-១៩)​នោះ ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ​ឆ្នាំ​២០២០ ត្រូវ​បាន​ពន្យារ​ជា​បណ្ដោះអាសន្ន​ហើយ។​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​មានប្រសាសន៍ថា ក្រោយ​ទទួល​បាន​ចំណារ​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា កាលពី​ចុង​សប្ដាហ៍​កន្លងមក​នោះ ការប្រកួត​កីឡា​ជាតិ​ដ៏​ធំ​នេះ ​ត្រូវបាន​ពន្យារ​សិន ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ឯកភាព​ពន្យារពេល​រៀបចំ​ការប្រកួត​កីឡា​ជាតិ តប​តាម​ការស្នើសុំ​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ស្មារតី​ចូលរួម​បង្ការ និង ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី Covid-19។

ជាមួយនឹង​ការ​ពន្យារ​ពេល​នេះដែរ លោក វ៉ា​ត់ ចំរើន បាន​ថ្លែងអំណរគុណ និង​គាំទ្រ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រា​ជ​រដ្ឋាភិបាល ដែល​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​កីឡា​ករ​-​កីឡាការិនី ពិសេស​ផ្ដល់​ឱកាស​ឲ្យ​គណៈកម្មការ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ត្រៀម​លក្ខណៈ​រៀបចំ​នៅពេល​ស្ថានភាព​រីក​រាលដាល​ នៃ​ជំងឺឆ្លង​Covid-19 មាន​សភាព​ប្រក្រតី​ឡើងវិញ។​

លោក​បន្ដថា « ឥឡូវ​យើង​មាន​ផលប៉ះពាល់​ច្រើន ពិសេស​កីឡាករ​មិនបាន​ហាត់ អាច​ប៉ះពាល់​បច្ចេក​ទេស ​ឬ​អាច​គ្រោះថ្នាក់​ពេល​ប្រកួត​ច្រើន​។ ​ម្យ៉ាង​ការហាត់​ស៊ាំ​ត្រៀម​សម្ដែង​អបអរ​ពិធី​បើក​ និង​បិទ​ ក៏​មិនបាន​ហាត់​ដែរ​។ ​ចឹ​ង​វា​ជា​ការ​ល្អ​ដែល​យើង​ផ្អាក​ហើយ​រក​ពេល​ប្រមូលផ្ដុំ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ត្រៀម​រៀបចំ​ឡើងវិញ​។ ចឹ​ង​យើង​សូម​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល សម្រាប់​ការឯកភាព​លើក​ពេល ដ្បិត​នេះ​ជា​កង្វល់​អ្នកបច្ចេកទេស តែ​យើង​នឹងបន្ដ​ការ​ខំប្រឹង ដើម្បី​ត្រៀម​រៀបចំ ព្រោះ​យើង​មិន​បោះបង់​ផែនការ​នេះ​ឡើយ»​។​

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​២​ឆ្នាំ​ម្ដង ​បានរៀបចំ​២​លើក​រួចមកហើយ ក្នុង​គោលបំណង​សម្រួច​ផែនការ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ទាំង​ការ​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​-​កីឡា​ការិនី និង​ ធនធាន​មន្ត្រី​បច្ចេកទេស សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​ទាំងមូល ពិសេស​ពិធី​បើក​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​តែម្ដង​។ ចំពោះ​កីឡា​ជាតិ​លើក​ទី​៣ ក្រោយ​រាជរដ្ឋាភិបាល​សម្រេច​ព​ន្យា​រ​ពេល​កាលបរិច្ឆេទ​ថ្មី ដើម្បី​រៀបចំ​នៅ​មិនទាន់​កំណត់​នោះ​ទេ ដោយ​រង់ចាំ​ស្ថានភាព​ជំងឺឆ្លង Covid-19 មាន​ភាព​ធូរ​ស្រាល ឬ​ប្រក្រតី​ឡើង​វិញ​សិន​។​

សូមបញ្ជាក់​ថា ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​២០២០ នេះ គ្រោង​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កែប និង​ខេត្ត​កំពង់ធំ និង​មាន​ប្រភេទ​កីឡា​ចំនួន​៣០​ប្រភេទ​ សម្រាប់​ដាក់​ប្រកួត ត្រូវ​បាន​ចែកចេញជា​២៩៣ វិញ្ញាសា ក្នុង​នោះ​មាន​៨៣ វិញ្ញាសា សម្រាប់​នារី ព្រមទាំង​មាន​ប្រតិភូ​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី​ចំនួន​ ៤ ០៤២​ នាក់ មកពី​ខេត្ត​ក្រុង​ទាំង​២៥​របស់​កម្ពុជា និង​ សមាគម ក្លិប ចំនួន​៣ គឺ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​

ចំពោះ​កីឡា​ទាំង​៣០​ប្រភេទ ដែល​ត្រូវដាក់​ឲ្យ​ប្រកួត​នោះ រួមមាន កីឡាបាល់ទាត់​, បាល់ទះ​, បាល់​បោះ​, អត្តពលកម្ម​, ប៉េតង់​, វាយ​សី​, វាយ​កូន​បាល់​, វាយ​កូនឃ្លី​លើ​តុ​, ចំបាប់​, តេ​ក្វាន់​ដូ W.T.F របស់​កូរ៉េខាងត្បូង​, ហែល​ទឹក​, ល្បុក្កតោ​, កាយសម្ព័ន្ធ​, ប្រដាល់​សាកល​, ហ្សូ​រិ​ន​ជី​កាំ​ប៉ូ និង តេ​ក្វាន់​ដូ I.T.F របស់​កូរ៉េខាងជើង​។ កា​រ៉ា​តេ​ដូ​, ប្រដាល់​គុន​ខ្មែរ​, យូ​ដូ​, ទ្រី​យ៉ា​ត្លុង​, សូ​ហ្វ​តិ​ន្នី​ស​, បេ​ស្ប​ល​, ប្រណាំង​កង់​, សីដក់​, កីឡា​បាញ់កាំភ្លើង និង វ៉ូ​វី​ណា​ម ហើយ​ឆ្នាំនេះ ​ក្រសួង​សម្រេច​ថែម​៣​ប្រភេទ​កីឡា​ទៀត គឺ​ម៉ូតូ​ទឹក អុក និង​ កីឡា​ជិះ​សេះ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​ ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ​ប្រជែង​បាន​មេដាយ​ច្រើន​ជាង​គេ ដោយ​ក្រសួងមហាផ្ទៃ​បាន​លេខ​២ និង​ក្រសួងការពារជាតិ​បាន​លេខ​៣​។ ​ការប្រកួត​លើក​ទី​២​ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ​ បាន​មេដាយ​នាំមុខគេ ឯ​រាជធានី​ភ្នំពេញ​ធ្លាក់​មក​លេខ​២ ​និង​ក្រសួង​ការពារ​ជាតិ​រក្សា​តំណែង​លេខ​៣​ដដែល៕


អត្ថបទ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114