លី​គ​កំពូល​កម្ពុជា​៖ សប្តាហ៍​ទី ១ បើកឆាក​ថ្ងៃ​សៅរ៍ មាន ៣​គូរ​ប្រកួត​តទល់​គ្នា​

ការប្រកួត​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០២០ នឹង​ចាប់ផ្តើម​ពីថ្ងៃ​សៅរ៍ ទី​១៥ ខែកុម្ភៈ តទៅ ដោយមាន ៣​គូ​រួមមាន យុវជន​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី អាយុ​ក្រោម ១៨​ឆ្នាំ ជួប កងយោធពល​ខេមរភូមិន្ទ វិសាខា ជួប នគរបាលជាតិ និង ភ្នំពេញ​ក្រោ​ន ជួប អគ្គិសនី​កម្ពុជា​។

យុវជន​បាទី អាយុ​ក្រោម ១៨​ឆ្នាំ ជួប កងយោធពល​ខេមរភូមិន្ទ​ការប្រកួត​ធ្វើឡើង​វេលា​ម៉ោង ៣និង៣០​នាទី​រសៀល នៅ​មជ្ឈមណ្ឌល​កីឡាបាល់ទាត់​បាទី ដែល​នឹង​ផ្សាយ​ផ្ទាល់​តាមរយៈ BTV ។ យុវជន​បាទី កាលពី​រដូវ​កាល ២០១៩​កន្លង​ទទួល​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ ១៤ ពោល​គឺជា​លេខ​ដែល​ត្រូវ​កាត់​ចេញពី​លី​គ តែ​ដោយសារ​ពួកគេ​ទទួល​បាន​សិទ្ធិ​ពិសេស​ពី​សហព័ន្ធ​ក្នុង​ការ​អភិវឌ្ឍន៍​ត្រៀម​សម្រាប់ SEA GAMES 2023 ទើប​មានឱកាស​នៅ​បន្ត​ក្នុង​រដូវ​កាល​ថ្មី​នេះ​។ បច្ចុប្បន្ន​កីឡាករ​ដែល​លេចធ្លោ​រប​ស់​ពួកគេ​បាន​ចេញ​ទៅតាម​បណ្តា​ក្លិប​ធំៗ​រួមមាន សៀង ច​ន្ធា​, សៅ វ៉ៃ​ហ្វី និង ជួង មករា ផ្លាស់​ទៅ​បឹងកេត​។ អំពី​កង​យោធពល​ខេមរភូមិន្ទ​វិញ មានការ​កែទម្រង់​ជាច្រើន ក្រោយ​កីឡាករ​ល្អៗ​របស់​ក្លិប​រួមមាន ច្រឹង ពលរដ្ឋ​, ឈិន ឈឿន​, រ៉ឹង ប៊ុន​ហៀ​ង និង​អ្នកចាំទី អ៊ុំ វិចិត្រ ចាកចេញ​។ យ៉ាងណាមិញ​ក្រោម​ការដឹកនាំ​របស់លោក ទេព ឡុង​រចនា ជា​គ្រូ​បង្គោល នៅតែ​បន្ត​ការពង្រឹង​ក្លិប និង​ប្រជែង​ក្នុង​លី​គ​កំពូល​ដដែល​។

ប្រវត្តិ​ជួប​គ្នា​កាលពី​រដូវ​កាល ២០១៩ កងយោធពល​ខេមរភូមិន្ទ យកឈ្នះ យុវជន​បាទី ទាំងពីរ​ជើង ( ជើង​ទី​១ ៤-៣ និង​ជើង​ទី​២ ៤-១ ) ។

វិសាខា ជួប នគរបាលជាតិ
ការប្រកួត​ធ្វើឡើង​វេលា​ម៉ោង ៦:០០​នាទី​ល្ងាច នៅ​កីឡដ្ឋាន​ព្រី​នស៍ ដែល​នឹង​ផ្សាយ​ផ្ទាល់​តាមរយៈ BTV ។ វិសាខា នៅតែ​ជា​ក្លិប​ដែល​នាំចូល​កីឡាករ​ល្បីៗ​ជាច្រើន​ក្នុងឆ្នាំនេះ ពោលគឺ​បន្ទាប់ពី​នាំចូល​ខ្សែបម្រើ ច្រឹង ពលរដ្ឋ​, រ៉ឹង ប៊ុន​ហៀ​ង និង​កីឡាករ​បរទេស​ខ្លាំងៗ​រួមមាន Mohammed Khan, Filip Mihaljevic, Alisher Mirzaev និង Mustafa Zazai ។ ពួកគេ​ក៏មាន​គ្រូបង្វឹក​ថ្មី​ផ្លូវការ​ផងដែរ ដែល​កាន់​អាជ្ញា​បណ្ណ​គ្រូបង្វឹក​កម្រិត UEFA “A” ។ អំពី នគរបាលជាតិ​វិញ ក៏មាន​ការត្រៀមខ្លួន​យ៉ាង​ល្អ​ដែរ​ក្នុង​រដូវ​កាល​ថ្មី​នេះ បើទោះបី​ពួកគេ​មិនមាន​នាំចូល​កីឡាករ​បរទេស​ចំណូល​ថ្មី​ក៏ដោយ ។​

ប្រវត្តិ​ជួបគ្នា​កាលពី​រដូវ​កាល ២០១៩ វិសាខា យកឈ្នះ នគរបាលជាតិ ទាំងពីរ​ជើង ( ជើង​ទី​១ ៣-១ និង​ជើង​ទី​២ ៣-០ ) ។​

​ភ្នំពេញ​ក្រោ​ន ជួប អគ្គិសនី​កម្ពុជា​

​ការប្រកួត​ធ្វើឡើង​វេលា​ម៉ោង ៦:០០​នាទី​ល្ងាច នៅ​កីឡដ្ឋាន​ស្មា​ត អ​.​អេស​.​អ៊ិន ដែល​នឹង​ផ្សាយ​ផ្ទាល់​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កម្ពុ​ជាថ្មី ។ ភ្នំពេញ​ក្រោ​ន​ក្នុងការ​ត្រៀមខ្លួន​រដូវ​កាល ២០២០​នេះ បាន​នាំចូល​សុទ្ធសឹង​កីឡាករ​មានបទពិសោធន៍​ក្នុង​លី​គ​កំពូល​កម្ពុជា កាលពីមុន​រួមមាន Omogba, Okereke Timothy, Masaaki Ideguchi និង អ៊ុំ វិចិត្រ ជាដើម​។ យ៉ាងណាមិញ​ពួកគេ​ទទួលបាន​បទពិសោធន៍​ក្នុងការ​ប្រកួត​មិត្តភាព ទាំង​ជាតិ និង​អន្តរជាតិ ជាច្រើន​អំឡុង Pre-Season ។ ក្រ​លែ​ក​ទៅ​អគ្គិសនី​កម្ពុជា​វិញ បើទោះបី​មិន​ប្រើប្រាស់​កីឡាករ​បរទេស តែ​ពួកគេ​ហាក់​កំពុង​សម្លឹងមើល​ការបណ្តុះ​ថ្នាល​យុវជន ដោយ​នាំចូល​កីឡាករ​ដែល​ឆ្នើមៗ​ពី​តាម​បណ្តា​ក្លិប​នានា ដើម្បី​ប្រកួតប្រជែង​ក្នុង​ឆ្នាំ​២០២០​នេះ​។​

​ប្រវត្តិ​ជួបគ្នា​កាលពី​រដូវ​កាល ២០១៩ ភ្នំពេញ​ក្រោ​ន យកឈ្នះ យុវជន​បាទី ទាំងពីរ​ជើង ( ជើង​ទី​១ ៥-០ និង​ជើង​ទី​២ ៧-០ ) ។​

​ក្រៅពី​ការប្រកួត​ទាំង​៣​គូ​នេះ ក៏​នឹងមាន​ការប្រកួត ៣​គូ​ទៀត​នៅ​ថ្ងៃអាទិត្យ ដែល អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​ជួប បឹងកេត​, អាស៊ី​អឺរ៉ុប ជួប គិរីវង់ និង ព្រះខ័ន​រាជ​ស្វាយរៀង ជួប សូល​ទី​ឡូ​អង្គរ៕
ម៉េង ហួរ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114