Jungkook ក្រុម BTS និងតារាកូរ៉េច្រើនទៀតរង​ការរិះគន់ក្រោយចូលបារពេលផ្ទុះកូវីដ១៩

សមាជិកក្រុមចម្រៀង BTS , Jungkook និងតារាចម្រៀងកូរ៉េមួយចំនួនទៀតបានចេញលិខិតសុំទោសចំពោះការបំពានច្បាប់គម្លាតសង្គម ដោយបានចូលបារមួយកន្លែង ស្របពេលមានការរឹតបន្តឹងដើម្បីទប់ស្កាត់ការឆ្លងរលកទីពីរ។

កាលពីថ្ងៃទី ១៨ ខែឧសភា សារព័ត៌មាន Dispatch បានរាយការណ៍ថា តារាចម្រៀង Kpop ល្បី៤រូប រួមមាន Jungkook ពីក្រុម BTS, Mingyu ពីក្រុម SEVENTEEN, Jaehyun ពីក្រុម NCT និង Cha Eun Woo ពីក្រុម ASTRO បានចំណាយពេលមួយយប់នៅឯសង្កាត់ Itaewon ជាកន្លែងផ្ទុះថ្មីនៃវីរុស COVID-19 ដែល​បង្ក​ឲ្យ​មានការរិះគន់ជាច្រើន។

ផលិតកម្ម Big Hit Entertainment ជាទ្រនំរបស់ BTS បាននិយាយតាមរយៈសេចក្ដីថ្លែងការណ៍ភ្លាមៗ ថាតារាចម្រៀងនាំមុខប្រចាំក្រុមនេះគឺ Jungkook បានទៅភោជនីយដ្ឋាននិងបារ៍មួយកន្លែងនៅក្នុងសង្កាត់ Itaewon។ សេចក្ដីថ្លែងការណ៍ពីផលិតកម្មឲ្យដឹងថា តារាវ័យ ២២ឆ្នាំបានស្ថិតនៅទីនោះតាំងពីមុនពេលករណីឆ្លងក្នុងចំណោមអ្នកចូលក្លឹបកម្សាន្តនៅ Itaewon ត្រូវបានបញ្ជាក់កាលពីដើមខែម្ល៉េះ ហើយរូបគេមិនបានបង្ហាញរោគសញ្ញាអ្វីនោះទេ និងបានទទួលការធ្វើតេស្ត៍ដោយមានលទ្ធផលអវិជ្ជមាន។

កាលពីថ្ងៃសុក្រសប្តាហ៍មុន សារព័ត៌៌មាន Reuters បានរាយការណ៍ថាកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងកូវីដ ១៥០ ករណីទាក់ទងនឹងការផ្ទុះឡើងនៅតំបន់ក្លឹបរាត្រី Itaewon។ ការផ្ទុះឡើងនៅតំបន់នេះបានជំរុញឱ្យអាជ្ញាធរកូរ៉េខាងត្បូងពន្យារពេលបើកសាលារៀនឡើងវិញមួយសប្តាហ៍ទៀត និងបានបញ្ជាឲ្យបិទក្លឹប និងរង្គសាលដែលទើបតែត្រលប់មករកស៊ីវិញ បន្ទាប់ពីវិធានការណ៍គម្លាតសង្គមត្រូវបានបន្ធូរបន្ថយកាលពីថ្ងៃទី ៦ ឧសភា ៕

ចុចអាន៖កូរ៉េខាងត្បូងប្រមូលអ្នកសង្ស័យរាប់ម៉ឺននាក់មកធ្វើតេស្ត ក្រោយអ្នកឆ្លងកូវីដចេញពីក្លឹបកម្សាន្តកើនដល់ ១១៩ករណី

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ Soompi