BREAKING NEWS
Search

រូបចម្លាក់អាទិទេពហិណ្ឌូត្រូវបានដកចេញពីវីដេអូបទចម្រៀងបំបែកកំណត់ត្រារបស់ក្រុម Blackpink បន្ទាប់ពីមានពាក្យបណ្តឹង

បទចម្រៀងដែលមានចំណងជើងថា How You Like That របស់ក្រុម Blackpink ត្រូវបានចេញផ្សាយនៅថ្ងៃទី ២៦ ខែមិថុនា ហើយវីដេអូរបស់បទចម្រៀងមួយនេះបានបំបែកកំណត់ត្រាដោយចំណាយពេលត្រឹមតែ ១២ ម៉ោងប៉ុណ្ណោះទទួលបានការទស្សនាដល់ទៅ ៥០ លានដង ខណៈដែលកំណត់ត្រាចាស់កាលពីមុនរបស់ក្រុម BTS មានរយៈពេលជាង ១៣ ម៉ោង ។

ទោះយ៉ាងណាក្រុមចម្រៀង និងអ្នកគ្រប់គ្រងផលិតកម្ម YG Entertainment បានទទួលពាក្យបណ្តឹងយ៉ាងឆាប់រហ័សពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីមានការប្រើប្រាស់រូបចម្លាក់អាទិទេពហិណ្ឌូនៅក្នុងវីដេអូនោះ ។

នៅក្នុងឈុតខ្លីមួយដែលបង្ហាញពីសមាជិកក្រុមនាង Lisa កំពុងរ៉េប រូបចម្លាក់របស់ព្រះនាង Lord Ganesha ត្រូវបានគេប្រើជាទម្រ ហើយដាក់នៅលើកម្រាល ។

អ្នកគាំទ្ររួមទាំងអ្នកគាំទ្រតារាចម្រៀង K-pop នៅឥណ្ឌាបានអំពាវនាវទៅកាន់បណ្តាញសង្គមដើម្បីទាមទារឲ្យលុបចោលរូបអាទិទេពនោះ ។

មនុស្សម្នាក់បានសរសេរថា “វាជាការមិនគោរពយ៉ាងខ្លាំង ហើយអ្វីដែលយើងចង់បានគឺដកឈុតនោះចេញពី MV និងការសុំទោសជាផ្លូវការ” ។

ទន្ទឹមនោះ Hashtags #Ganesha និង #YGapologise ក៏ចាប់ផ្តើមមាននិន្នាការជុំវិញឧប្បត្តិហេតុនេះផងដែរ ។

បន្ថែមពីនេះដំណឹងល្អគឺថា ចលនារបស់អ្នកគាំទ្រសម្រាប់ការផ្លាស់ប្តូរបានដំណើរការ ហើយរូបភាពនោះត្រូវបានដកចេញពីវីដេអូ ។ ហើយវាត្រូវបានធ្វើឡើងដោយមិនចាំបាច់បញ្ចូលឈុតនោះឡើងវិញទេ ។

យោងតាមគេហទំព័រ Allkpop បានឲ្យដឹងថា ផលិតកម្ម YG Entertainment បានទាក់ទង YouTube សុំការអនុញ្ញាតិដើម្បីផ្លាស់ប្តូរវីដេអូនេះដោយមិនបាត់បង់នូវការវិភាគ និងចំនួនបំបែកកំណត់ត្រានៃការចូលទស្សនា ៕ CNA

រូបភាពពីវីដេអូបទចម្រៀង How You Like That របស់ក្រុម Blackpink ។

ប្រែសម្រួលដោយ ៖ ជីវ័ន្ត