ប្រមុខ​ការពារ​ជាតិថៃ៖ ស្នាក់​នៅ​ផ្ទះ​ដើម្បី​ជាតិ​ កុំចាំឲ្យ​ជាតិ​ប្រើធម៌​ក្ដៅ

ប្រមុខ​កង​កម្លាំង​ការពារ​ជាតិថៃ​លោក Pornpipat Benyasri កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ស្នើសុំ​ឱ្យ​ប្រជាជន​នៅ​ទូទាំង​ប្រទេស ​មិន​ត្រូវ​ចាកចេញ​ពី​ផ្ទះ​ក្នុង​អំឡុង​ពេល​ចុង​សប្ដាហ៍​​ ក្នុង​គោល​បំណង​ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​វីរុស​ឆ្លង​កូវីដ១៩។

ឧត្ដមសេនីយ៍​ដែល​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​ សម្រាប់​មជ្ឈមណ្ឌល​រដ្ឋបាល Covid-19 បាន​ព្រមាន​ថា ​បម្រាមគោចរ​មិន​អាច​ជៀស​ផុត​បាន​ទេ​ ប្រសិន​បើ​ការ​ប្រកាស​របស់​លោក​បាន​ប្រកាស​ជា​សាធារណៈ ​តែ​ប្រជាជន​ធ្វើ​មិន​លឺ។ លោក​មាន​ប្រសាសន៍​ថា  “ យើង​គួរ​តែ​គ្រប់គ្រង​ខ្លួន​ឯង ​ជំនួស​ឱ្យ​ការ​បង្ខំ​របស់​រដ្ឋ”។

ការ​អំពាវនាវ​របស់​លោក​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ​នៃ​ការ​ឆ្លង​វីរុស​ថ្មី ដែល​បាន​កើន​លើស​ចំនួន ១ពាន់​ជា​លើក​ដំបូង ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់​ពី​ប្រទេស​នេះ​បាន​រាយការណ៍​ករណី​ថ្មី​ចំនួន ១១១ ករណី។

សូមបញ្ជាក់ថា ឧត្ដមសេនីយ៍ Pornpipat ត្រូវ​បាន​ចាត់​តាំង​សម្រាប់​កិច្ចការ​សន្តិសុខ​ក្រោម​ក្រឹត្យ​គ្រា​អាសន្ន​ ដែល​បាន​ផ្ដល់​ឱ្យ​នាយក​រដ្ឋមន្ត្រី​ ប្រាយុធ ចាន់អូចា​ ដើម្បីគ្រប់គ្រង​នូវ​វិធានការ​ប្រឆាំង​នឹងវីរុស។

លោកឧ​ត្ដមសេនីយ៍ បាន​និយាយ​ថា ​ប្រជាជន​ត្រូវ​តែ​ផ្លាស់ប្ដូរ​អាកប្បកិរិយា​ និង​ស្នាក់នៅ​ផ្ទះ​មុន​ពេល​ករណី​លេខ​លោត​ផ្លោះ​ ហើយ​ស្ថានភាព​មិន​អាច​គ្រប់គ្រង​បាន។  លោក​ប៉ាន់​ស្មាន​ថា​ ចំនួន​ករណី​អាច​មាន​ចន្លោះ​ពី ៧ពាន់ ទៅ ១ ម៉ឺន។ លោកបន្ថែម​ទៀតថា “ យើង​ត្រូវ​ការ​កិច្ច​សហប្រតិបត្តិការ​របស់ប្រជាជនគ្រប់គ្នា ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ សូមកុំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​ និង​លុបចោល​រាល់​សកម្មភាព​ទាំងអស់ ។ នៅ​ផ្ទះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ” ។ ​រាល់​អាជីវកម្ម​ទាំងអស់​មាន​ពេល​វេលា​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​ ដើម្បី​កែ​សម្រួល​កាល​វិភាគ​ចុង​សប្ដាហ៍ ។

ឧត្ដមសេនីយ៍ Pornpipat បាន​ព្រមានម្ដងទៀតថា ​ប្រសិន​បើ​ចំនួន​ករណី​ថ្មី​នៅ​តែ​បន្ត​លោត ​បម្រាម​គោចរ​គឺ​ជៀស​មិន​រួច​ហើយ​វា​អាច​រួម​បញ្ចូល​ទាំង​​ថ្ងៃ​ ព្រោះ​វីរុស​មិន​ឈប់​រាលដាលនោះទេ។

ទោះយ៉ាងណា អាជ្ញាធរ​សន្តិសុខ​បាន​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចំនួន ៣៥៩ កន្លែង ​នៅ​តាម​ខេត្ត ​និង ៧ កន្លែង​នៅ​ទី​ក្រុង​បាងកក​ ដើម្បី​ឃ្លាំ​មើល​អ្នក​ដំណើរ​ និង​ទប់ស្កាត់​ការ​រីក​រាលដាល​កាន់​តែ​ខ្លាំង​ជាង​នេះ។

គួរ​រំលឹក​ថា ​មកទល់​ថ្ងៃនេះ ​ប្រទេស​ថៃ​មាន​ចំនួន ១០៤៥ ករណី​ និង ​អ្នក​ស្លាប់ ៤៤ នាក់ ៕

 

ចុចអាន៖មេដឹកនាំG20 អនុម័តកញ្ចប់ទឹកប្រាក់៥ទ្រីលានដុល្លារ បន្ធូរបន្ថយវិបត្តិសេដ្ឋកិច្ច

ចុចអាន៖ វៀតណាមបញ្ជូនមនុស្សរាប់ម៉ឺន​នាក់មកពីបរទេសទៅ​ស្នាក់ក្នុងជំរំ​ដាច់​ដោយ​ឡែក ស្រប​ពេល​កូវីដ​១៩​វាយ​លុក

 

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព៖bangkokpost