ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់​ក្រៀក​ជនរងគ្រោះ​ ប្លន់​យក​លុយ ​និង​ទូរស័ព្ទ​ ​​​ ត្រូវ​ជាប់អន្ទាក់​​​​សមត្ថកិច្ច

ភ្នំពេញ​ ៖ ​ជន​សង្ស័យ​ម្នាក់ ​បន្ទាប់ពី​ចាប់​ក្រៀក​ជនរងគ្រោះ​ប្លន់​យក​ថង់​លុយ​បាន​សម្រេច​ ហើយ​ព្យាយាម​គេចខ្លួន​បាន​ប៉ុន្មាន​ថ្ងៃក្រោយ ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១​ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានតែ​ម្តង។

ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​​ ប្រើ​អំពើ​ហិង្សា​ (​វាយ​យក​លុយ​ និង​ទូរស័ព្ទ​ដៃ​)​​នេះ ​កើតឡើង​នៅ​ថ្ងៃ​០៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ​វេលា​ម៉ោង​០៨​និង​៣០​នាទី ​ក្រោយ​ពី​ធ្វើ​សកម្មភាព ​កាលពី​ថ្ងៃ​ទី​២៨ ​ខែ​តុលា​ ឆ្នាំ​២០១៩​វេលា​ម៉ោង​០១​និង​១០​នាទី ​នៅ​ចំណុច​មុខ​ហាង​VIP ដែល​មាន​ទីតាំង​ផ្ទះ​លេខ​21Eo​ ផ្លូវ​130​ភូមិ​3​ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ​ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​​មាន ​​ឈ្មោះ ឃុំ ឃឿន ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​ពុំ​ពិតប្រាកដ​។​ ចំណែក​ជនរងគ្រោះ ឈ្មោះ ប៉ែន វៀង​ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូ​កង់​បី​ មាន​ទីលំនៅ​មិន​ពិតប្រាកដ​(​ដេក​នៅ​លើ​ម៉ូតូ​រ៉ឺម៉ក​កង់​បី ចត​លើ​ចិញ្ចើម​ផ្លូវ​ព្រះស៊ីសុវត្ថិ​កែង​ផ្លូវ​លេខ​១៣០​សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌ​ដូនពេញ)។ សម្ភារៈ​បាត់បង់​មាន​លុយ​ចំនួន​៩០០​ដុល្លារ ​និង​ទូរស័ព្ទ​ដៃ​ចំនួន​មួយ​ម៉ាក​Huawei​ ពណ៌​ទឹកមាស​១​គ្រឿង។

ដំណើរ​រឿងហេតុ​នោះ​ គឺ​កាល​ថ្ងៃ​ទី​២៨​ ខែតុលា ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​០១​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ជនរងគ្រោះ​ឈ្មោះ​ប៉ែន វៀង ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ បាន​ចង​អង្រឹង​ដេក​នៅ​កន្លែង​កើត​ហេតុ​ខាងលើ ហើយ​ក៏​ដក​យក​ទូរស័ព្ទ​ដៃ​មក​​មើល​ម៉ោង ​រួច​ក៏​យក​ទុក​ក្នុង​ថង់​លុយ។ ស្រប​ពេល​នោះ​ជនសង្ស័យ​ឈ្មោះ​ប៉ែន វៀន ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ដែល​កំពុង​ដើរ​ក្បែរ​នោះ​ ឃើញ​ដូច្នេះ ​ក៏​ទៅ​ចាប់​ក្រៀក​ជនរងគ្រោះ​វាយ​ដណ្តើម​យក​ថង់​ ដែល​មាន​លុយ​ចំនួន​៩០០​ដុល្លារ ​និង​ទូរស័ព្ទ​ដៃ​​​​​បាន​សម្រេច ​រត់គេចខ្លួន​បាត់​តែម្តង។

បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល​ទី​១​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ បាន​បើក​ការស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ឃុំ ឃឿន ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ នៅ​ចំណុច​មុខ​ហាង​VIP​ ដែលមាន​ទីតាំង​ផ្លូវ​លេខ​១៣០​កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ​ សង្កាត់​ផ្សារកណ្ដាល​ទី​១ ​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ និង​នាំខ្លួន​ជនសង្ស័យ​យកមក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារកណ្តាល​ទី​១ ​ធ្វើការ​សាកសួរ។

ចំពោះមុខ​កម្លាំង​ខណ្ឌ ប៉ុស្តិ៍​កំពុង​ប្រើ​វិធាន​ការ​ជំនាញ​សួរចម្លើយ​រក​បក្ខពួក​ និង​សកម្មភាព​ ដែល​បាន​ប្រព្រឹត្ត​កន្លង​មក​ ហើយ​បាន​កសាង​សំណុំរឿង​តាម​នីតិ​វិធី។

សមត្ថកិច្ច​បញ្ជាក់​ថា ​ជ​ន​សង្ស័យ​ឈ្មោះ​ឃុំ ឃឿន ធ្លាប់​ប្រើ​ប្រាស់​គ្រឿងញៀន​ និង​ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​ស ពី​បទ លួច​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114