យុវជន​រូប​ស្រស់​ម្នាក់ ​មិន​ខំ​រៀន​សូត្រ ​យកចំណេះ​បម្រើ​ជាតិ​ បែរជា​បែកគំនិត​លួច​ម៉ូតូ​ ត្រូវ​ឃាត់ខ្លួន​

បន្ទាយមានជ័យ ៖ យុវជន​វ័យក្មេង​ម្នាក់ ​ទំនងជា​កូន​អ្នក​មាន​ មិន​ខំ​រៀន​សូត្រ​យកចំណេះ​បម្រើ​ជាតិ​ទេ ​បែរជា​បែកគំនិត​លួច​ម៉ូតូ​គេ ​ត្រូវ​នគរបាល​ក្រុង​សិរីសោភ័ណ​ឃាត់ខ្លួន​ ក្រោយ​​​គេចខ្លួនបាត់​បាន​២​ថ្ងៃ។

ករណី​លួចខាងលើ​នេះ​ កើតឡើង​នៅ​ចំណុច​ហាង​កាហ្វេ TBR ស្ថិត​ក្នុង​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់​ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ឯក ​ស៊ី ឌី​ អធិការ​នគរបាល​ក្រុង​សិរីសោភ័ណ បាន​ប្រាប់​ឲ្យ​ដឹងថា​ បន្ទាប់ពី​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ​ ឈ្មោះ​ភឿន កេ​សី ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ជា​សិស្ស​​វិទ្យាល័យ​សិរីសោភ័ណ​ថា ​មាន​ចោរ​បាន​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក បន្ទាយមានជ័យ 1U.5998 ពី​កន្លែង​ផ្ញើ​ម៉ូតូ កាលពី​វេលា​ម៉ោង​៥​ល្ងាច ​ថ្ងៃទី​១២ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០​។​ ដោយ​ទទួល​តាម​បទបញ្ជា​របស់​ លោក​ឧត្ដមសេនីយ៍​ទោ ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ ធ្វើការ​ស្រាវជ្រាវ​តាម​រក​ជនល្មើស និង​ដោយ​មាន​កាមេរ៉ា​សុវត្ថិភាព​ផង កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនល្មើស​បាន​នៅ​វេលា​ម៉ោង​១០​ព្រឹក ​ថ្ងៃទី​១៤ ខែ​កុម្ភៈ​ឆ្នាំ​២០២០ ជនសង្ស័យ​មានឈ្មោះ ណាប់ សុខា ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ចំណុច​ហាង​កាហ្វេ TBR នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ យក​មក​សាកសួរ​ចម្លើយ រួមទាំង​ម៉ូតូ​១​គ្រឿង​របស់​ជនរងគ្រោះ​ផង​។​

ជនសង្ស័យ​បាន​សារភាពថា ​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​នេះ​ពិតប្រាកដ​មែន​។​ ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ និង​ការ​ដកហូត​បាន​វត្ថុតាង​ជាក់ស្ដែង ​ម៉ូតូ​របស់​ជនរង​គ្រោះ ដែល​ជនល្មើស​បាន​លួច​ផង​នោះ កម្លាំង​ជំនាញ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​តាម​នីតិ​វិធី​ច្បាប់។ ចំណែក​ម៉ូតូ​បាន​ធ្វើការ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ដែរ​៕​


អត្ថបទ ៖ គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114