អង្គការ​ចលនា​ដើម្បី​សុខភាព កម្ពុជា បាន​គាំទ្រ​ចំណាត់​ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​បញ្ឈប់​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ

​ភ្នំពេញ​៖ លោក​វេជ្ជ​. មុំ គង់ នាយក​ប្រតិបត្តិ នៃ​អង្គការ ចលនា​ដើម្បី​សុខភាព កម្ពុជា បាន​គាំទ្រ​យ៉ាង​ពេញទំហឹង នូវ​ចំណាត់​ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​សូម​អំពាវនាវ​ដល់​អ្នក​លក់​បារី​រាយ​ទាំងអស់ កុំ​ចូលរួម​ក្នុង​ការ​ផ្សាយពាណិជ្ជកម្ម​ខុសច្បាប់​តាម​ការ​អូសទាញ​របស់​ក្រុមហ៊ុន​ផលិត​ថ្នាំជក់​។ ព្រោះថា​ថ្នាំជក់​ជា​ផលិតផល​តែមួយគត់ ដែល​សម្លាប់​អ្នកប្រើប្រាស់​ពាក់​កណ្ដាល​។ ប្រជាជន​កម្ពុជា​ស្លាប់​ប្រមាណ ១៥ ០០០​នាក់ ជា​រៀង​រាល់​ឆ្នាំ​ដោយសារ​ការ​ប្រើប្រាស់​ថ្នាំជក់ និង​ខាតបង់​ថវិកា ៦៤៩ ដុល្លារ​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ ដែល​ស្មើ​នឹង​៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​

សូម​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីណែនាំ​ដល់​ក្រុមហ៊ុន​ថ្នាំជក់​ទាំងអស់​នៅ​ថ្ងៃ ទី​៥ កុម្ភៈ ឆ្នាំ​២០២០ ឲ្យ​បញ្ឈប់​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជា​ពិសេស​កម្មវិធី​ប្រកួតប្រជែង​ការ​តាំង​កញ្ចប់​បារី​ដែល​ល្មើស​នឹង​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់​ដោយ ក្រុមហ៊ុន​ថ្នាំជក់​ត្រូវ​ប្រមូល​យកចេញ ឲ្យ​អស់​នៅ​សម្ភារ​ផ្សាយពាណិជ្ជកម្ម​កន្លងមក រួម​ទាំង​លុប​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​នៅ ក្នុង វេប​សាយ​របស់​ក្រុមហ៊ុន និង​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​។ ទន្ទឹម​នឹង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​បន្ត​តាមដាន​ក្រុមហ៊ុន​ថ្នាំជក់​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់ ដើម្បី​ចាត់​វិធាន​តាម​ផ្លូវ​ច្បាប់​។​

តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឆ្នាំ​២០១៩ បាន​រក​ឃើញ​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​បាន​ធ្វើ​សកម្មភាព​ផ្សាយពាណិជ្ជកម្ម​ល្មើស​នឹង​ច្បាប់ ដោយ​ពួកគេ​បាន​បិទ​ផ្ទាំង​រូបភាព​ផ្សាយពាណិជ្ជកម្ម​បារី និង​បង្គាប់​ឲ្យ​អ្នកលក់​បារី​ដាក់​ទូ​តាំង​បារី​ដែល​មាន​រូប​បារី ឫ​ស្លាក​ក្រុមហ៊ុន​ផលិត​បារី​។ ក្រុមហ៊ុន​ទាំងនោះ​មាន ក្រុមហ៊ុន ប្រ៊ី​ធី​ស អឹ​មើ​រី​ខិ​ន ថឹ​ប៊ែ​ក​ខូ ខេ​ម​បូ​ឌា លីមីត​ធី​ត​(BAT) ដែល​បាន​ផ្សព្វផ្សាយ​បារី​ម៉ាក 555 សេក Alain Delon និង​Kent ក្រុមហ៊ុន​អ៊ី​ន​ដូ​ប៊ែ​ស គ្រុប (Indobest Group) ដែល​បាន​ផ្សព្វផ្សាយ​បារី​ម៉ាក Mevius, Winston ក្រុមហ៊ុន​ហួត​ត្រា​កូ អ៊ី​ន​ធើ​ណេ​សិ​នណល លីមីត​ធី​ត (Houtraco_Ltd) ដែល​បាន​ផ្សព្វផ្សាយ​បារី​ម៉ាក Fine, West, Djarum, ក្រុមហ៊ុន​វិ​នី​តុ​ន​គ្រុប (Viniton Group) ដែល​បាន​ផ្សព្វផ្សាយ​បារី​ម៉ាក Angkor Crown Luxury Happy Time, Cambo Cocopalm និង​ក្រុមហ៊ុន​ហេង ហេង អាហរ័ណ នីហរ័ណ (Heng Heng Import & Export) ដែល​បាន​ផ្សព្វផ្សាយ​បារី​ម៉ាក Marlboro​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ទាំងនេះ បាន​ប្រើ​ល្បិចកល​ដោយ​ផ្ដល់​ជា​រង្វាន់ និង​ការឧបត្ថម្ភ​ផ្សេងៗ​ដល់​អ្នកលក់ ដូចជា​ឆ្នាំង​ដាំបាយ ដែកកេះ អាវយឺត បារី ឧបករណ៍​បញ្ចូល​ថ្ម​ទូរស័ព្ទ ប្រតិទិន លុយ និង​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​ពិធី​ជួប​លាង​ជាដើម ដើម្បី​ឲ្យ​អ្នកលក់ ដាក់​លក់​បារី​ឲ្យ​ដាច់​កាន់​តែ​ច្រើន​។​

​ក្រុមហ៊ុន​បាន​ទាក់ទាញ​អ្នក​លក់រាយ​មួយ​ចំនួន​ដែល​ចង់បាន​ផលប្រយោជន៍ ភ្លេច​គិត​ពី​ការ​ផាក​ពិន័យ​ដែល​មាន​ចំពោះ​ខ្លួន ក្នុង​គោលបំណង​អូសទាញ​អ្នកលក់​ទាំងនោះ ឲ្យ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ដាក់​តាំង​បារី និង​ចូល​រួម​ចំណែក​ប្រព្រឹត្ត​ល្មើស​ដូច​ខ្លួន​ដែរ​។ បុគ្គល​ដែល​ល្មើសច្បាប់ នៅតែ​បន្ត​ដាក់​តាំង​បង្ហាញ​បារី ក្នុង​ទម្រង់​ផ្សាយពាណិជ្ជកម្ម​បារី និង​ត្រូវ​ផ្ដន្ទាទោស​ផាក​ពិន័យ​ពី ១ ០០០ ០០០ រៀល (​មួយ​លាន​) ទៅ ៤ ០០០ ០០០ រៀល (​បួន​លាន​) រៀល​។ បុគ្គល​ដែល​នៅតែ​បន្ត​ផ្សាយពាណិជ្ជកម្ម​ល្មើសច្បាប់ និង​ត្រូវ​ផ្ដន្ទាទោស​ផាក​ពិន័យ​ពី ៨ ០០០ ០០០ (​ប្រាំបី​លាន​) ទៅ ៤០ ០០០ ០០០ រៀល (​សែសិប​លាន​)​។ គូស​បញ្ជក់​ផង​ដែរ​ថា កម្ពុជា​គឺជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំជក់ ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់​ឲ្យ​មាន​ប្រសិទ្ធភាព​៕

 

អត្ថបទ៖ សុង​យោ​