ដើម្បីបង្កើនចំណូលក្នុងពេលកូវីដ ឥណ្ឌូណេស៊ីនឹងដាក់ពន្ធបន្ថែមលើសេវា Streaming និងសេវាឌីជីថល​មួយ​ចំនួន​ទៀត

មន្ត្រីពន្ធម្នាក់បាននិយាយកាលពីថ្មីៗនេះថា ប្រទេសឥណ្ឌូណេស៊ីនឹងតម្រូវឱ្យក្រុមហ៊ុនអ៊ីនធឺណិតធំៗត្រូវតែបង់ពន្ធលើតម្លៃបន្ថែម (VAT) លើការលក់ផលិតផល និងសេវាកម្មឌីជីថលទាំងអស់ចាប់ពីខែកក្កដាទៅ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនប្រាក់ចំណូល ក្នុងពេលកូវីដ១៩។

យោងតាមបទប្បញ្ញត្តិរបស់ក្រសួងហិរញ្ញវត្ថុដែលត្រូវបានផ្សព្វផ្សាយនៅលើវិបសាយរបស់ខ្លួនបានឱ្យដឹងថា ក្រសួងនឹងដាក់ពន្ធVAT ១០% លើផលិតផលឌីជីថលដែលត្រូវបានលក់ដោយក្រុមហ៊ុនអ៊ីនធឺណិតអនិវាសនជន ដោយមានវត្តមានគួរឱ្យកត់សម្គាល់នៅលើទីផ្សារឥណ្ឌូណេស៊ី រួមមានសេវាកម្ម Streaming កម្មវិធីផ្សេងៗ និងហ្គេមឌីជីថលចាប់ពីថ្ងៃទី១ ខែកក្កដានេះទៅ។

កាលពីមុនរដ្ឋាភិបាលបាននិយាយថា សេវាកម្មទាំងឡាយនៅលើវេទិកា Streaming ដូចជា Spotify និង Netflix នឹងត្រូវបង់ពន្ធថ្មីនេះ។ យ៉ាងណាមិញ ក្រុមហ៊ុនទាំងពីរមិនបានឆ្លើយតបនឹងសំណើសុំការអធិប្បាយឡើយ។

ទោះជាយ៉ាងណា ផលិតផលនិងសេវាកម្មដែលត្រូវបានទិញតាមរយៈ Google Play របស់ក្រុមហ៊ុន Alphabet Inc ក្នុងចំណោមផលិតផលផ្សេងទៀតក៏នឹងធ្លាក់ចូលក្នុងប្រភេទពន្ធនេះដូចគ្នា ទោះបីជារដ្ឋាភិបាលមិនបានដាក់ឈ្មោះក្រុមហ៊ុនណាមួយក្រៅពី Spotify និង Netflix ក៏ដោយ។ ក្រុមហ៊ុន Google មិនអាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗបានទេ។

បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ីបានគិតពន្ធ VAT ១០% លើការលក់ផលិតផលនិងសេវាកម្មភាគច្រើនទៅហើយ។ ប្រទេសនេះមានគោលបំណងធ្វើឱ្យក្រុមហ៊ុនអ៊ីនធឺណិតទាំងអស់ត្រូវតែបង់ពន្ធស្របច្បាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយការសម្រេចដាក់ពន្ធអាករលើតម្លៃបន្ថែមនេះត្រូវបានប្រកាសនៅក្នុងខែមីនា ពោលគឺនៅពេលដែលប្រធានាធិបតីលោក Joko Widodo បានដាក់ចេញនូវវិធានការបន្ទាន់ៗ ដើម្បីជួយប្រទេសនេះក្នុងការប្រឈមជាមួយវិបត្តិកូវីដ១៩។

សេដ្ឋកិច្ចអ៊ីនធឺណិតរបស់ឥណ្ឌូណេស៊ីគឺជាការរីកចម្រើនដ៏ធំនិងលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់១៣០ពាន់លានដុល្លារត្រឹមឆ្នាំ២០២៥ នេះបើយោងតាមការស្រាវជ្រាវធ្វើឡើងដោយ Google, Temasek Holdings និងក្រុមហ៊ុន Bain & Company៕ REUTERS

ប្រែសម្រួល៖ តរុណី