បាត់ដំបង ៖ នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោកប្រធានប្រតិបត្តិនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន បានធ្វើការបកស្រាយអំពីបញ្ហាមួយចំនួន ទាក់ទិននឹងករណីសិស្សដួលសន្លប់រហូតដល់២៥នាក់ កាលពីម្សិលមិញនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧ព្រឹក នៅចំណុចក្នុងបរិវេណ វិទ្យាល័យសំពៅលូន ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានសិស្សានុសិស្សចំនួន២៥នាក់ ក្នុងនោះស្រី២៤នាក់ បានដួលសន្លប់ជាបន្តបន្ទាប់នៅក្នុងសាលា ដោយគេនៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយ។
យោងតាមសភាពជាក់ស្តែង ដែលលោកគ្រូ អ្នកគ្រូ បានសង្កេតឃើញ គឺ ដំបូងមានសិស្សខ្លះចាប់ផ្តើមមានអាការៈវិលមុខ ថប់ៗផ្លូវដង្ហើម ហើយក៏ចាប់ផ្ដើមទន់ដៃ ទន់ជើង ដួលសន្លប់ជាបន្តបន្ទាប់ តាមគ្នា រហូតមានចំនួន២៥នាក់ ក្នុងនោះ មានប្រុសតែម្នាក់ប៉ុណ្ណោះ ទើបនាយកសាលា បានចាត់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ដើម្បីសង្គ្រោះបឋមសិន។
ភ្លាមៗនោះដែរ ក្រោយពីបានបញ្ជូនទៅដល់មន្ទីរពេទ្យ និងដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យផងនោះ សិស្សស្រីចំនួន៤នាក់ បានធូរស្រាល ព្រមទាំងបានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ដោយឡែកសិស្សចំនួន២១នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ដោយសារតែអាការៈនៅមិនទាន់ធូរស្រាលនៅឡើយ។
នៅព្រឹកមិញនេះ លោកវេជ្ជបណ្ឌិត ចក់ សំអុល ប្រធានប្រតិបត្តិ នៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន បានបញ្ជាក់តាមរយៈទូរស័ព្ទប្រាប់កម្ពុជាថ្មីថា ការដួលសន្លប់ជាបន្តបន្ទាប់របស់សិស្សនៅក្នុងវិទ្យាល័យសំពៅលូននេះ គឺមកពីកត្តាច្រើនយ៉ាងដែលគួបផ្សំគ្នាដូចជា ការទទួលទានចំណីអាហារមិនសូវគ្រប់គ្រាន់ ការសម្រាកបានតិច ដោយសារតែបច្ចុប្បន្នសិស្សម្នាក់ៗចូលចិត្តសម្ភារៈនិយម ( ស្មាតហ្វូន ) ដែលធ្វើឲ្យពួកគេមិនសូវបានសម្រាក ដែលធ្វើឲ្យជាតិកាល់ស្យូមមានការថយចុះ និង កត្តាដែលសំខាន់មួយទៀត គឺកត្តាផ្លូវចិត្ត។
លោកប្រធានប្រតិបត្តិបានសង្កត់ធ្ងន់ថា យោងទៅលើកត្តាទាំងនេះហើយ ដែលធ្វើឲ្យសិស្សមានសភាពទន់ជ្រាយ អស់កម្លាំង ទន់ដៃ ទន់ជើង ងងឹតមុខ ហើយក៏ដួលសន្លប់តែម្តង ដូច្នេះហើយបានជាសិស្សដទៃឃើញ អាចទាញផ្លូវចិត្តឲ្យទន់ជ្រាយទៅតាមគ្នា ក៏ចាប់ផ្តើមកើតអាការៈបែបនេះដែរ ប៉ុន្តែបើឲ្យគ្រូពេទ្យវិនិច្ឆ័យទៅលើរោគសញ្ញា គឺមិនអាចកំណត់ទិសដៅ នៃជំងឺនេះបានឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន