ធ្ងន់​.ក​ហើយ!! សិស្សស្រី​៤នាក់​ដែល​ព្រួត​វាយ​ដំ​ជាន់​ក្បាល​ក្មេង​ស្រី​ម្នាក់ នៅ​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ​ ពេល​នេះ​សមត្ថកិច្ច​ឃាត់​ខ្លួន​សួរនាំ​និង​ចាត់​វិធាន​ការ​ហើយ​…

ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​វីដេអូ ក្មេងសិស្សសាលា៤នាក់​ ​ព្រួត​គ្នា​វៃ​សិស្ស​សាលា​ម្នាក់ ដោយ​ធ្វើ​សកម្មភាព ជាន់​ក្បាល​ វាយ​ដំ​ទាត់​ធាក់​ និង​ជេរប្រទេច​នោះ​មក​ នា​រសៀល​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​សិស្ស​សាលា​ទាំង៤នាក់​នោះ​ យក​ទៅ​សួរនាំ និង​ចាត់​វិធាន​ការ​ហើយ។

បើ​តាម​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​គាត់​មិន​ដាក់​ពាក្យ​បណ្ដឹងអ្វី​ទេ តែ​ដោយសារ​បានឃើញ​​រូបភាព​វីដេអូ​បង្ហោះ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​បាន​ដឹង​ថា​កូន​គាត់​ត្រូវ​បាន​សិស្សស្រី​ដូចគ្នា៤នាក់ ​ព្រួត​វាយដំ ជាន់​ក្បាល និង​ជេរ​ប្រទេច​ដូច​សត្វ​ធាតុនោះ ទើប​រសៀល​ថ្ងៃទី១៦ ខែមករា នេះ ដឹកដៃ​កូន​មក​ដាក់​ពាក្យ​បណ្ដឹង​តែ​ម្តង ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​ក្មេង​ស្រីទាំង៤នាក់​នេះ មក​សួរនាំ​។ ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​បន្ត​ថា រូបគាត់​មិន​ទាមទារ​ឲ្យ​សមត្ថកិច្ចដាក់​ទោស​អ្វី​ទេ គឺ​គ្រាន់​តែ​សុំ​ឲ្យ​សមត្ថកិច្ច​អប់រំ​ និង​ឲ្យ​ឪពុក​ម្តាយ​មក​ធានា កុំឲ្យប្រើ​អំពើហិង្សា​លើ​ក្មេងស្រីដទៃទៀតតែ​ប៉ុណ្ណោះ។

ករណី​ហិង្សា​វាយ​ដំ​ជ្រាំ​ធាក់​នេះ គឺ​កើត​ឡើង​តាំង​ពី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មក​ម្ល៉េះ ដែល​បង្ក​ឡើង ក្នុង​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ ធ្វើ​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ជាំ​ពេញ​ខ្លួន​ប្រាណ​ទាំង​អស់​មិន​ហ៊ាន​ចូល​សាលា​ ទើប​តែ​ធ្លាយ​វីដេអូ​វាយ​ដំ​នេះ បាន​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដឹក​ដៃ​កូន​ស្រី​ដាក់​ពាក្យ​បណ្ដឹង​ និង​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​អប់រំ​សួរនាំ​។

គួរ​បញ្ជាក់​ថា ​បន្ទាប់​ពី​ផ្អើល​ Share វីដេអូឃ្លីប​តៗ​គ្នា ​ពីសកម្មភាព​ក្មេង​ស្រី​៤នាក់ ​ព្រួត​គ្នា​វាយ​ដំ​ទាត់​ធាក់​ក្មេង​ស្រី​ម្នាក់ យ៉ាង​ចាស់​ដៃ និង​ជេរ​ប្រទេច​រួច​មក ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ថា ហេតុ​ការណ៍​នេះ កើត​ឡើង​ក្នុង​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ​ ទើប​ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់​ខ្លួន​ក្មេង​ស្រី​បង្កទាំង៤​ មក​សួរនាំ​ និង​ចាត់​វិធានការ​តែ​ម្តង៕
កម្ពុជាថ្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114