ឧកញ៉ា​ល្បីៗ រួម​ជា​មួយ​អ្នក​ជំនួញ​ជោគជ័យ​ជា​ច្រើន​រូប បោះ​ទុន​លើ​ជំនួញ​ហាង​បញ្ចាំ​ គ្រោង​ពង្រីក​សាខា​ជា​ច្រើន ទូទាំង​ប្រទេស

យ៉ាង​តិច​មាន​ឧកញ៉ា​ល្បី​ឈ្មោះ​២រូប ព្រម​ទាំង​អ្នក​ជំនួញ​ជោគជ័យ​ជា​ច្រើន​រូប​ទៀត បាន​សម្រេច​​បោះ​ទុន​រួម​គ្នា បង្កើត​ជា​ក្រុមហ៊ុន រកស៊ី​ហាង​បញ្ចាំ​ធំ​មួយ ត្រៀម​​បើក​សម្ពោធ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មុខ​ជំនួយ​នេះ​គ្រោង​ពង្រីក​សាខា ជា​ច្រើន​កន្លែង​ទៀត ស្ទើរ​​គ្រប់​ខេត្ត​ក្រុង​ក្នុង​​ប្រទេស​កម្ពុជា​តែ​ម្ដង។

ម្ចាស់​ភាគ​ហ៊ុន​​នៃ​អាជីវកម្ម​​ខាង​លើ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា មាន​​លោក​ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា លោក ឧកញ៉ា ហ៊ួត ជា លោក បណ្ឌិត ឡាយ គីមឆេន លោក ង៉ូវ សេរីរ័ត្ន លោក ងួន វឌ្ឍនា លោក ងួន វឌ្ឍនៈ ព្រម​ទាំង​អ្នក​ជំនួញ​ជា​​ច្រើន​ផ្សេង​ទៀត ដោយ​អ្នក​ទាំង​​អស់​នោះ បាន​ចូល​ហ៊ុន​គ្នា សរុប​ជា​ដើម​ទុន​ទាំង​អស់​ជា​ច្រើន​លាន​ដុល្លារ។

តាម​ការ​ឲ្យ​ដឹង​ពី​ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដោយសារតែ​ទីផ្សារ​បញ្ចាំ គឺ​ជា​មុខ​ជំនួញ​​មួយ​ដែល​ពេញ​និយម​ខ្លាំង​មិន​ថា នៅ​សម័យ​បច្ចុប្បន្ន ឬ ដូច​ជា​សម័យ​មុន ទើប​លោក​សម្រេច​បង្កើត​មុខ​របរ​នេះ បន្ថែម​១​មុខ​ទៀត​លើ​ជំនួញ​ដី​ធ្លី លំនៅឋាន ដែល​លោក​មាន​បច្ចុប្បន្ន ដោយ​ការ​បង្កើត​នេះ មិន​មែន​បែប​ការ​បើក​ហាង​បញ្ចាំ​ធម្មតា​ឡើយ គឺ​​បើក​ជា​ក្រុមហ៊ុន ហើយ​មាន​ច្រើន​សាខា​តែ​ម្ដង។


ហាង​បញ្ចាំ​​ខាង​លើ​មាន​ឈ្មោះ​ថា” FTCASH express ” ដែល​ក្រុមហ៊ុន បញ្ចាំ ថ្មី​មួយ ​ ផ្ដល់​សេវាកម្ម​លើ​ការ​បញ្ចាំ​អចលនទ្រព្យ​ដូច​ជា​ ផ្ទះ​ ដីធ្លី​ ប្លង់​រឹង ​ក៏​ដូច​ជា​ប្លង់​ទន់ ​សម្ភារៈ​ផ្សេងៗ​មាន​ម៉ូតូ​ឡាន​គ្រឿង​អលង្ការ គ្រឿង​អេឡិចត្រូនិក ជា​ដើម ដោយ​ក្នុង​អត្រា​ការ​ប្រាក់​ទាប។

លោក​ឧកញ៉ា​ថា វត្តមាន​FTCASH express នឹង​ជួយ​សម្រួល ដល់​តម្រូវការ​ប្រាក់ របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា អ្នក​ជំនួញ ដែល​ត្រូវ​ការ​ប្រាក់​បន្ទាន់ រហ័ស យក​ទៅ​ដោះស្រាយ​​ជីវភាព​ក៏​ដូច​ជា​វិនិយោគ​លើ មុខ​ជំនួញ​​របស់​ខ្លួន​ជា​ដើម។

ទោះបី​ជា​​ម្ចាស់​ភាគហ៊ុន​ឃើញ​ថា សុទ្ធតែ​បុគ្គល​ល្បី​ៗ​ចូល​ហ៊ុន​បែប​ណា​ក្ដី លោក ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដែល​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​មួយ​នេះ មិន​បាន​បង្ហាញ​ទុន​សរុប របស់​ក្រុមហ៊ុន​ឲ្យ​ដឹង​ឡើយ ព្រោះ​​វា​ជា​​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន ប៉ុន្តែ​លោក​បាន​បង្ហើប​ថា ក្នុង​១សាខា ក្រុមហ៊ុន​ត្រៀម ប្រាក់​មិន​​ក្រោម​១លាន ដុល្លារ សម្រាប់​ឲ្យ​ដំណើរការ​ឡើយ។

សាខា​ទី​១​គ្រោង បើក​សម្ពោធ​នៅ​ថ្ងៃ​ទី​២២ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ នៅ ខណ្ឌ​សែន​សុខ។ បន្ទាប់​មក សាខា​​ជាង​១០ ផ្សេង​ទៀត តាម​ខណ្ឌ​នីមួយ ក្នុង​រាជធានី​ភ្នំពេញ ​នឹង​ត្រូវ​សម្ពោធ​ជា​បន្តបន្ទាប់ ព្រម​ទាំង នៅ​តាម​បណ្ដា​ខេត្ត​ជា​ដើម៕