BREAKING NEWS
Search

យូស៊ីហៃ ស៊ូហ្គា ឡើងកាន់អំណាចនាយករដ្ឋមន្ត្រីថ្មី គាំទ្រពេញទំហឹងពីលោក ស៊ីនហ្ស៊ូ អាបេ

មន្ត្រីជំនិត និងជាដៃស្តាំដ៏មានឥទ្ធិពលរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ូ អាបេ គឺលោក យូស៊ីហៃ សូហ្គា ត្រូវបានគណៈរដ្ឋមន្ត្រីជប៉ុន នៅព្រឹកថ្ងៃពុធ បោះឆ្នោតគាំទ្រក្លាយជានាយករដ្ឋមន្ត្រីថ្មី ជាផ្លូវការ។ នេះបើតាមការអះអាងពីសារព័ត៌មានក្នុងស្រុករបស់ជប៉ុន។

លោក ស៊ូហ្គា ជាមន្ត្រីជំនួយការដ៏យូរឆ្នាំ និងជាប្រធានលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីជប៉ុន ក្រោមរដ្ឋកាលលោក ស៊ីនហ្ស៊ូ អាបេ ខណៈកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍ លោកត្រូវសមាជិកបក្សកាន់អំណាចជប៉ុន LDP បោះឆ្នោតជ្រើសជាប្រធានបក្ស មុនទទួលបានតំណែងនាយករដ្ឋមន្ត្រីថ្មី ជំនួសលោក អាបេ នៅថ្ងៃនេះ។

អំឡុងពេលឡើងកាន់អំណាច បុរសមានឥទ្ធិពលនៅពីក្រោយអតីតនាយករដ្ឋមន្ត្រីជប៉ុនជាច្រើនឆ្នាំរូបនេះ បានប្តេជ្ញា បន្តគោលនយោបាយជាច្រើនរបស់លោក ស៊ីនហ្ស៊ូ អាបេ ដែលមិនទាន់បានជោគជ័យ ក្នុងនោះរាប់បញ្ចូលទាំង ការចុះហត្ថលេខាលើយុទ្ធសាស្ត្រសេដ្ឋកិច្ចជាតិថ្មីមួយហៅថា Abenomics ថែមទៀតផង។

ទោះជាយ៉ាងណា ការឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីជប៉ុន របស់លោក ស៊ូហ្គា ក្នុងកាលៈទេសៈនេះ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះត្រូវប្រឈមដោះស្រាយវិបត្តិកូវីដ ១៩ ដែលកំពុងរាតត្បាតនៅជប៉ុន ពិសេសគឺស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក៏ដូចជាវិបត្តិមួយសង្គមមួយចំនួនទៀត រាប់បញ្ចូលទាំង ១/៣ នៃពលរដ្ឋជប៉ុន គឺជាមនុស្សចំណាយវ័យចាប់ ៦៥ឆ្នាំ ជាដើម។

លោក អាបេ ដែលត្រូវគេដឹងថា ជាមនុស្សគាំទ្រពេញទំហឹងទៅលើតំណាងនាយករដ្ឋមន្ត្រីសម្រាប់លោក ស៊ូហ្គា បានបង្ហាញវត្តមាននៅថ្ងៃចុងក្រោយ ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន ដោយបានអរគុណពលរដ្ឋជប៉ុនទាំងអស់ ថែមទាំងប្តេជ្ញាជួយគាំទ្ររដ្ឋាភិបាលថ្មី និងគណៈរដ្ឋមន្ត្រីយ៉ាងពេញទំហឹង។

ក្រោយប្រកាសពីតំណែងនាយករដ្ឋមន្ត្រីរបស់លោក ស៊ូហ្គា ហើយនោះ ជួរគណៈរដ្ឋមន្ត្រីជប៉ុន ហាក់មិនការប្រែប្រួលខ្លាំងនោះឡើយ ដោយមន្ត្រីសំខាន់ៗក្នុងជួររដ្ឋាភិបាលចាស់របស់លោក អាបេ សុទ្ធតែរក្សាតំណែងចាស់ដដែល ស្របពេលរដ្ឋមន្ត្រីសុខាភិបាល ត្រូវបន្ថែមតំណែងថ្មីមួយទៀត ជាប្រធានដឹកនាំអង្គភាពពិសេសរបស់ជាតិ ប្រឆាំងជំងឺរាតត្បាតកូវីដ ១៩៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

អត្ថបទពាក់ព័ន្ធ៖