ខឹង​ប្រពន្ធ​ស្ដីបន្ទោស​បន្តិចបន្តួច​ ទៅ​ចងក​ធ្វើ​អត្តឃាត

កំពង់ចាម​ ៖ ​សព​បុរស​ចំណាស់​ចិត្តខ្លាំង​ម្នាក់ ​ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​សមត្ថកិច្ច​ជំនាញ ​ស្រាយ​ចុះ​ពីលើ​ធ្នឹម​ផ្ទះ​របស់​ខ្លួន បន្ទាប់ពី​ចង ក ធ្វើ​អត្តឃាត។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ​វេលា​ម៉ោង​១៨​និង​៣០​នាទី ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្វិត​ធំ​បាន​ទទួល ព័ត៌មាន​ពី​លោក​មេភូមិ​ថា​ មាន​ករណី​ចងក​សម្លាប់​ខ្លួនឯង។

ប៉ូលិស​ បាន​បន្តថា ​ក្រោយពី​ទទួល​បាន​ព័ត៌មាន​ខាង​លើ​ភ្លាម ​ជំនាញ​ពិនិត្យ​ និង​វិភាគ​កន្លែង​កើតហេតុ​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ខ្វិត​ធំ​ បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​បង្កើត គណៈកម្មការ​ចម្រុះ​ពិនិត្យ​ឃើញ​ថា ​កន្លែង​កើតហេតុ​ ​​ស្ថិតនៅ​ចំណុច​លើ​ផ្ទះ​សព​ឈ្មោះ​ស៊ុំ អ៊ីម ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ​ជាតិខ្មែរ​នៅ​ភូមិ​បារាយណ៍​ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម បាន​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​ ដោយ​យក​ខ្សែ​អង្រឹង ពណ៌​អាចម៍​សេះ​ មាន​ប្រវែង​២​ម​០២​បត់​ជា​ពីរ ​ចង​នឹង​ធ្នឹម​ផ្ទះ​របស់​ខ្លួន​ បណ្តាល​ឲ្យ​ស្លាប់។

ប៉ូលិស​បាន​បន្ត​ថា សព​ត្រូវ​បាន​ក្រុម​គ្រួសារ​កាត់​ខ្សែ​ទម្លាក់​ចុះក្រោម​មុន សមត្ថកិច្ច​ជំនាញ​ទៅដល់​ហើយ​គណៈកម្មការ​បាន ពិនិត្យ​លើ​ស្លាក​ស្នាម​សាកសព​ឃើញ​ថា​ ៖ ​ផ្នែក​ក្បាល​​ពុំ​មាន​ស្លាកស្នាម​អ្វី​ទេ​, ផ្នែក ក​ មាន​ស្នាម​ទ្រុឌ​ពី​គុម្ពត្រចៀក​ឆ្វេង​មក​គុម្ពត្រចៀក ស្តាំ ប្រវែង​៣២ ស​.​ម, ផ្នែក​ដងខ្លួន​ និង​ផ្នែក​អវយវៈ​ ពុំ​មាន​ស្លាក​ស្នាម​អ្វី​ទេ។

តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​របស់​សព​ បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ ចង ក​ដោយសារ ខឹង​ប្រពន្ធ​ស្ដីបន្ទោស​ឲ្យ​បន្តិចបន្តួច។ ប៉ូលិស ​បាន​ឲ្យ​ដឹង​ថា ​ឆ្លងតាម​ការស្រាវជ្រាវ​ស៊ើបអង្កេត​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ និង​ជុំវិញ​កន្លែង​កើតហេតុ​ និង​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ ​ព្រមទាំង​វត្ថុតាង​បន្សល់ទុក​នៅ កន្លែង​កើតហេតុ មាន​ការ​ស៊ី​សង្វាក់ ​លោកគ្រូ​ពេទ្យ និង​ជំនាញ បាន​សន្និដ្ឋាន​ថា ​៖
១.​ការ​ស្លាប់​របស់​ឈ្មោះ​ស៊ុំ អ៊ីម នេះ ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស ព្រហ្មទណ្ឌ​ឡើយ។
២​ឈ្មោះ ស៊ុំ អ៊ីម ពិតជា​បានធ្វើ​អត្តឃាត ដោយ​​ចងក​សម្លាប់​ខ្លួនឯង បណ្តាល​ឲ្យ​ថប់​ផ្លូវដង្ហើម ដាច់ខ្យល់​ស្លាប់​​​​ ប្រាកដ​មែន។

ក្រោយពី​គណៈកម្មការ​ពិនិត្យ​រួច​ បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ៕
អ សុផល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114