លោក ស៊ុន ចាន់ថុល ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​ខាងជើង (​បាត់ដំបង​-​សិរីសោភ័ណ​)

បាត់ដំបង ៖ លោក ទេសរដ្ឋមន្ត្រី បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចុះ​ពិនិត្យ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​កំណាត់ ផ្លូវជាតិ​លេខ​៥ ភាគ​ខាងជើង (​បាត់ដំបង សិរីសោភ័ណ​) ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី​ថ្នាក់​ខេត្ត ប្រតិភូ​តំណាង​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទី​ប្រឹក្សា​បច្ចេកទេស​ផង​ដែរ​កាលពី ថ្ងៃអាទិត្យ ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២០។​

សូម​ជម្រាប​ជូន​ថា​៖ គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ​៥​មាន​ប្រវែង​សរុប ៣៦៦​គីឡូម៉ែត្រ ឋិត​ក្នុង​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ជា​គម្រោង​ក្រោម​កម្ចី​ឥណទាន សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា គ្រោង ចំណាយ​ថវិកា​ប្រមាណ​៥០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

ការងារ​ស្ថាបនា​ត្រូវ​បាន​បែងចែក​ជា​បី​ផ្នែក​ធំៗ រួមមាន​៖ ផ្នែក​ខាងជើង ផ្នែក​ខាងត្បូង និង​ផ្នែក​កណ្ដាល ដោយ​ក្នុង​នោះ​ មានការ​ពង្រីក​កំណាត់​ផ្លូវ ជាតិ​មាន​ស្រាប់​ពី​២​គន្លង ទៅ​៤​គន្លង ទទឹង​២៣​ម៉ែត្រ មាន​ប្រវែង​សរុប ៣០៤​គីឡូម៉ែត្រ ក្រាល​ជំនួស ដោយ​កៅស៊ូ​AC និង​មាន​សួរ​ច្បារ​កណ្ដាល​។​

គម្រោង​ស្ថាបនា​កំណាត់​ផ្លូវ​នេះ​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​កញ្ចប់​ក្នុង​នោះ​មាន កញ្ចប់​ទី​១ សាងសង់​ដោយ ក្រុមហ៊ុន​សម្ព័ន្ធ​ក្រុមហ៊ុន Tekken-Taiyo JV មាន​ប្រវែង ៤៦,២៧​គម (​ផ្លូវ​វាង​ក្រុង​បាត់ដំបង​ប្រវែង ២៣,៩២​គម​) ហើយ​កញ្ចប់​ទី​២ សាងសង់​ដោយ​ក្រុមហ៊ុន​សម្ព័ន្ធ​ក្រុមហ៊ុន Daiho-Asanuma JV មាន​ប្រវែង​៣៨,៤៧​គម (​ផ្លូវ​វាង​ក្រុង​សិរីសោភ័ណ​ប្រវែង ៩,៣៤​គម​) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ ក្រុមហ៊ុន​ទី​ប្រឹក្សា​បច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ហើយ​ការស្ថាបនា​មាន​រយៈពេល​ន​៣៦​ខែ​។​

ដោយឡែក គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​ខាងជើង (​បាត់ដំបង​-​សិរី​សោ ភ័ណ​)​នេះ ចាប់​ផ្តើម​សាងសង់​ចេញពី​ខេត្ត​បាត់ដំបង​រហូតដល់ ខេត្ត​បន្ទាយមានជ័យ មាន​ប្រវែង​សរុប ៨៤,៧៤ គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៤៣,០៤ លាន​ដុល្លារ​អាមេរិក និង​បាន​សម្ពោធ​បើក ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២៦ មីនា ២០១៨ ហើយ​គិត​រហូត​មក​ដល់​ពេល​នេះ​សកម្មភាព​ការងារ ដែល​បានសម្រេច​បាន​គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២០ គឺ​៖ កញ្ចប់​ទី​មួយ​សម្រេច​បាន ៦៨,១០% និង​កញ្ចប់​ទី​ពីរ​សម្រេច​បាន​៦៦,១០%​ហើយ​។​

គួរកត់​សម្គាល់​ផង​ដែរ​ថា​ កំណាត់​ផ្លូវជាតិ​នេះ​ជា​ផ្លូវ​អាស៊ាន​ហាយ​វេ​លេខ​១ អាច​បង្កើន​ការនាំចេញ នាំចូល និង​ជា​ផ្លូវ​មួយ​ប្រកបដោយ​សក្ដានុពល​ខ្ពស់​សម្រាប់​បម្រើ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា ពិសេស​អាច​កាត់ បន្ថយ​គ្រោះថ្នាក់ និង​ការ កកស្ទះ​ចរាចរណ៍​បាន​យ៉ាង​ច្រើន​។ លើស​ពី​នេះ​ទៅ​ទៀត ប្រជាពលរដ្ឋ​តាម​ដង ផ្លូវ​នេះ​នឹង​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​តាមរយៈ​កំណើន​នៃ​ការ​អភិវឌ្ឍ វិនិយោគ និង​ទេសចរណ៍​៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ​