អ្នកគាំទ្រ ក៏ដូចជា​សមាជិក​អតីត​បក្ស​សង្គ្រោះ​ជាតិ កំពុង​បង្វែរ​ទិសដៅ​របស់​ខ្លួន ​ទៅ​ចូលរួម​ជាមួយ​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ
BREAKING NEWS
Search

អ្នកគាំទ្រ ក៏ដូចជា​សមាជិក​អតីត​បក្ស​សង្គ្រោះ​ជាតិ កំពុង​បង្វែរ​ទិសដៅ​របស់​ខ្លួន ​ទៅ​ចូលរួម​ជាមួយ​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ

​ភ្នំពេញ​ ៖ លោក ជីវ កត្តា ប្រធាន​បណ្ដោះអាសន្ន​គណ​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ បាន​អះអាង​ថា មកដល់ពេលនេះ អ្នកគាំទ្រ ក៏ដូចជា​សមាជិក សមាជិកា នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ បាន​និង​ចូលរួម​ជាមួយ​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​យ៉ាង​ច្រើន ដើម្បី​សម្រេច​ក្តី​បំណង​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត ដោយ​មិន​រង់ចាំ​អតីត CNRP នោះ​ឡើយ​។

​ការ​លើក​ឡើង​របស់​លោក ជីវ កត្តា បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​សូត្រមន្ត និង​លើក​ស្លាក​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២០​។ លោក​ថ្លែង​ថា ក្រោយពី​គណបក្ស​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​រៀប​ចំ​ក្រុមការងារ ក៏ដូចជា​រចនាសម្ព័ន្ធ ឃុំ សង្កាត់ បាន​ចំនួន​១៣ រាជធានី ខេត្ត រួច​មក​ហើយ សុទ្ធតែ​ខេត្ត​ធំៗ​នៅ​ទូទាំង​ប្រទេស ហើយ​សមាជិក​សមាជិកា ដែល​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ភាគ​ច្រើន​បំផុត គឺ​ចេញ​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP)។ ជាមួយគ្នា​នោះ លោក​បាន​អំពាវនាវ​ទៅដល់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ដែល​ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​រំលាយ​ទៅ​ហើយ​នោះ ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​។

​លោក ជីវ កត្តា បញ្ជាក់​ថា “​ពេលនេះ​ផ្ទះ​ថ្មី​របស់​យើង​បាន​សាងសង់​រួចហើយ ដូច្នេះ​ត្រូវ​ចូល​មក​ជ្រក​ក្នុង​ផ្ទះ​ថ្មី ដើម្បី​បន្ត​ស្មារតី​សង្គ្រោះ​ជាតិ​បន្ត​ទៅ​ទៀត​។ នៅ​ពេល​ដែល​យើង​ជាប់​ស្រមោល​អតីតកាល យើង​តែងតែ​មាន​ការភ័យខ្លាច ដូច្នេះ​ឥឡូវនេះ​ផ្ទះ​ថ្មី​របស់​យើង​មាន​ហើយ ដូច្នេះ​ត្រូវ​ចូល​មក​ជ្រក ដើម្បី​ធ្វើ​សកម្មភាព ឲ្យ​មាន​ការផ្លាស់ប្ដូរ​នៅ​ប្រទេស​កម្ពុជា​។ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បង្កើត​វប្បធម៌​នយោបាយ​ថ្មី​ប្រកាន់យក​វប្បធម៌​អហិង្សា មិន​គុំកួន មិន​លេប​ពណ៌ គឺ​ប្រើ​ធម៌​អហិង្សា មិន​មាន​ការ​គុំកួន​គ្នា គឺ​ដើរ​ទៅមុខ​ដោយ​ក្តី​ញញឹម​ជានិច្ច​”​។

​សូម​បញ្ជាក់​ថា គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ ត្រូវ​បាន​បង្កើត​ឡើង ​ដោយ​ក្រុម​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ដែល​ទទួល​បាន​នីតិសម្បទា​នយោបាយ​នៅ​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ប្រកួតប្រជែង ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​។ ក្រុម​អតីត​ថ្នាក់ដឹកនាំ CNRP មួយ​ក្រុម​នេះ មាន​លោក ជីវ កត្តា​, លោក ស៊ឹម សុវណ្ណនី​, លោក កង គឹម​ហាក់ និង​លោក ខឺ​យ ស៊ី​នឿន ជាដើម​។ លោក ជីវ កត្តា ធ្លាប់​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទកាសែត ស្តី​ពី​ការ​បង្កើត​គណបក្ស​ថ្មី​នេះ​ថា មូលហេតុ​ដែល​ក្រុម​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត CNRP សម្រេច​រួមគ្នា​បង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​នេះ​ឡើង ដោយសារ​មើល​ឃើញ​ថា ក្រុម​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​បាន​បែកបាក់​គ្នា​យ៉ាង​ខ្លាំង ហើយ​គណបក្ស​ថ្មី​នេះ គឺជា​គណបក្ស​ដែល​ប្រកាន់​គោលការណ៍​អហិង្សា និង​ធ្វើ​នយោបាយ​តាម​ការកំណត់​របស់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ព្រមទាំង​បន្ត​គោលនយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៕
អត្ថបទ៖ កោះ​កែវ
សូមចុចអាន៖ ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​ឃុំខ្លួន ​អតីត​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ​និង​គូកន៣ នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន​ ក្រោមការចោទប្រកាន់ចំនួន៤ បទល្មើស