BREAKING NEWS
Search

អ្នកនាំពាក្យ ៖ ការ​បង្កើត​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ គឺ​ដើម្បី​រួមគ្នា ​កសាង និង​រក្សា​នូវ​ឯកភាព​ជាតិ

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដែល​បង្កើត​ឡើង​ក្នុង​ទិសដៅ​នយោបាយ​ គឺ​មិនមែន​ជា​ការ​កៀរគរ គណបក្ស​នយោបាយ នៅ​ក្រៅ​សភា ដើម្បី​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នោះឡើយ។

អ្នកនាំពាក្យ បាន​លើក​ឡើង​ថា ប៉ុន្តែ​ជា​កិច្ច​បង្កើត​បាន​នូវ​វេទិកា​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ភាតរភាព​ ជាមួយ និង​ការ​ពង្រឹង​ពង្រីក​ភាព​ជា​ដៃគូ និង​ការ​យោគយល់​អធ្យាស្រ័យ ក្នុង​កិច្ច​រួមគ្នា ដើម្បី​កសាង និង​រក្សា​នូវ​ឯកភាព​ជាតិ ឱ្យ​បាន​រឹងមាំ​បន្ថែម​ទៀត។

លោក​បាន​ចាត់​ទុក​ថា នេះ​ជា​វប្បធម៌​ថ្មី​មួយ និង​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​បង្កើត​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​វេទិកា​នេះ ជា​យន្តការ នៃ​កិច្ច​អនុវត្ត​វប្បធម៌​សន្ទនា សម្រាប់​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដែល​ជា​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ និង​ជា​សសរស្ដម្ភ​មួយ​ក្នុង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែល​កម្ពុជា កំពុង​អនុវត្ត។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ ប្រជុំ​បូក​សរុប​ការងារ​ឆមាសទី៤ របស់​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់។

ក្នុង​កិច្ច​ប្រជុំ​នេះ ប្រធាន​គណៈប្រតិភូ នៃ​គណបក្ស​នយោបាយ​ជា​សមាជិក នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ផ្ដល់​នូវ​ទស្សន​ទាន ដើម្បី​ផ្ដល់​ធាតុ​ចូល​ក្នុង​ន័យ​ស្ថាបនា​អំពី​បរិបទ​បច្ចុប្បន្នភាព​សង្គម ដោយ​ផ្អែកលើ​ការ​រក​ឃើញ​តម្រុយ និង​ភស្តុតាង​នានា តាម​រយៈ​បេសកកម្ម​ការងារ​បន្ថែម​ជា​មួយ​នឹង​ការ​ប្រឈម​នឹង​ជំងឺ​កូវីដ១៩ ផងដែរ។

សូម​រំលឹក​ដែរ​ថា ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៨ ដោយ​មាន​ការ​ស្នើសុំ​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ក្រោយ​ពេល​បោះឆ្នោត​ជាតិ​ អាណត្តិ​ទី៦។ ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ មានសមាសភាពមកពីគណបក្សនយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨ ៕

ចុចអាន ៖ សម្តេចនាយករដ្ឋមន្ត្រី ស្នើឲ្យសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ផ្តល់មតិ ជុំវិញបញ្ហារាតត្បាតនៃកូវីដ១៩