BREAKING NEWS
Search

មិត្តរួមការងារប្រភេទនេះ កុំយកខ្លួនបៀតឱ្យសោះ ព្រោះ​អាច​ធ្វើ​ឱ្យ​យើង​ខាត​បង់​ដោយ​សារ​គេ !

គ្នាយើងមួយចំនួនដែលមានអាកប្បកិរិយាមិនល្អ គឺដោយសារតែពួកគេមិនចេះស្រឡាញ់ និងមិនយល់ពីតម្លៃនៃការគោរពខ្លួនឯង ព្រមទាំងអ្នកដទៃ។

អ្នកជំនាញចិត្តសាស្ត្រ និងជាវេជ្ជបណ្ឌិតចូលនិវត្តន៍ លោក Greg Baer ដែលក្រោយមកចំណាយជីវិតចុងក្រោយក្នុងការតាក់តែងនិពន្ធជាមួយសៀវភៅចំនួន ១៧ ក្បាល ដែលជាស្នាដៃចេញពីក្តីស្រឡាញ់ ក៏បានសរសេរអត្ថបទមួយចុះផ្សាយនៅទំព័រទស្សនវដ្តី Forbes ដោយបង្ហាញថា មនុស្សឃ្លានអំណាច និងបង្កសង្គ្រាមខ្លាំង អាចបំផ្លាញកន្លែងធ្វើការ និងវិជ្ជាជីវៈយើងទាំងមូលបានប្រសិនយើងមានការធ្វេងប្រហែសជាមនុស្សប្រភេទនេះ។

បណ្ឌិត Baer មានប្រសាសន៍ថា កង្វះសេចក្តីស្រឡាញ់ចំពោះមនុស្សម្នា ជាពិសេសអ្នកដែលមានភាពអត្មានិយម និងសាហាវស្រេកឃ្លានតួនាទីហួសហេតុ ជាហេតុបង្កឥទ្ធិពលអវិជ្ជមានប៉ះពាល់ទៅលើមិត្តរួមការងារដទៃទៀត។

ប្រភេទមិត្តរួមការងារទាំងនេះ យើងអាចសម្គាល់តាមរយៈចំណុចខាងក្រោម៖

១- អាកប្បកិរិយាការងារបង្កជម្លោះ

ដើម្បីកំណត់ឥរិយាបទរំលោភអំណាចរំខានដល់បុគ្គលិកស្មោះត្រង់ដទៃ និងបង្វែរកន្លែងធ្វើការឱ្យទៅជាសមរភូមិ មានសម្ពាធ និងភាពភ័យខ្លាចនោះ បណ្ឌិត Baer ពន្យល់ថា មិត្តរួមការងារអស់នោះ ចូលចិត្តរាយការណ៍មិនល្អអំពីមិត្តដទៃទៀតនៅពីក្រោយខ្នង មិនទទួលស្គាល់លទ្ធផលការងារអ្នកផ្សេងដែលធ្វើបានល្អ ឈានដល់រកវិធីរារាំងថែមទៀត។

២- រារាំងព័ត៌មានពិត ប្រឌិតដំណឹងចចាមអារ៉ាម

ពួកគេរវល់ជាមួយការបង្កើតព័ត៌មានចចាមអារ៉ាម ដើម្បីលុបបំបាត់ការពិត។ វេជ្ជបណ្ឌិត Baer សរសេរថា ការគ្រប់គ្រងការសន្ទនាសម្ងាត់ចេញពីមាត់មិត្តរួមការងារ នោះពិបាកអនុវត្តិជាមួយ «មនុស្សបំពុល»ណាស់ ពួកគេមិនខ្វះរឿងប្រឌិតទេ។

៣- រំលោភសិទ្ធិអំណាច

មនុស្សបំពុលទាំងនោះ ភាគច្រើនបំពានសិទ្ធិអំណាច ហួសដែនសមត្ថកិច្ចរបស់ខ្លួន ហើយភាគច្រើន ធ្វើអ្វីលាក់បំពួនមិនចេញមុខមាត់ទេ។ ពួកគេបំភិតបំភ័យអ្នកដែលតូចជាង និងវាយប្រហារអ្នកស្មើគ្នា ចុងក្រោយចង់ផ្តួលអ្នកធំជាងខ្លួនថែមទៀត។

៤- រារាំងការច្នៃប្រឌិត

យើងអាចសម្គាល់មិត្តរួមការងារប្រភេទទាំងនោះបានត្រង់ចំណុច គេរារាំងអ្នកពូកែៗ ដែលមិនមែនជាបនភឿនរបស់ខ្លួន ហើយដាក់អ្នកទាំងនោះមួយដុំ បំបិទឱកាស បំបិទលទ្ធផលចោល។

៥- យកជើងរាទឹក

លោកវេជ្ជបណ្ឌិត Baer មានប្រសាសន៍ថា មនុស្សដែលនិយមរាំងស្ទះដំណើរការនានា មិនឱ្យរលូន តាមពិត ដោយសារមានភាពច្រណែន និងចង់ក្តោបក្តាប់គ្រប់យ៉ាងមកខាងខ្លួន មិនគិតពីប្រយោជន៍ជារួមអ្វីឡើយ។ ពួកគេគិតតែពីខ្លួនឯង ហើយកម្រខ្វល់អំពីអ្នកដទៃ ឬសុខុមាលភាពក្រុមហ៊ុនទាំងមូលណាស់។

៦- គ្មានវិជ្ជាជីវៈ

មនុស្សទាំងនោះភាគច្រើនមិនគោរពក្រមសីលធម៌វិជ្ជាជីៈទេ ហើយចូលចិត្តដោះស្រាយជីវិត តាមវិធីសាស្ត្រ សង្គ្រាមចម្បាំង។ មានមនុស្សបែបនេះនៅទីណា ទីនោះកម្របានស្ងប់សុខរហូតដល់ ខាតបង់លិចលង់ខ្លាំង ទើបជននោះអាចចាកចេញ ពេលលែងមានប្រយោជន៍សម្រាប់គេ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ INC.

អត្ថបទពាក់ព័ន្ធ៖