ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង​ ផ្តល់​សណ្ឋាគារ​១​កន្លែង​ឲ្យ​អាជ្ញាធរ​ក្រុង​បាវិត​ សម្រាប់​ជន​ជា​តិ​ចិន​១៧៤​នាក់​ស្នាក់នៅ​ដាច់ដោយឡែក​

ស្វាយរៀង ​៖ ជនជាតិ​ចិន​ចំនួន​១៧៤​នាក់ បាន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​មក​ចុះ​នៅ​ចំណុច​ខាងមុខ​សណ្ឋាគារ​ និង​កាស៊ីណូ ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២០ នៅ​ក្រុង​បាវិត ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម​ហា​ជន​ ក្រុម​សមត្ថកិច្ច ​នគរ​បាល​ក្រុង​បាវិត សហការ​​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បាវិត និង​នគរបាល​អន្តោប្រវេសន្ត​ច្រកទ្វារ​ព្រំ​ដែន​អន្តរជាតិ​បាវិត។

ជាមួយគ្នានោះ អាជ្ញាធរ​ក្រុង​បាវិត​ បាន​ឃាត់ខ្លួន​ និង​អញ្ជើញ​ជនជាតិ​ចិន​ទាំង​១៧៤​នាក់ ក្នុង​នោះ​មាន​ស្រី​៣៧​នាក់ មក​ដាក់​នៅ​សាលាក្រុង​បាវិត អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត និង​អគារ​កងរាជ​អាវុធ​ហត្ថ​ក្រុង​បាវិត​ ដើម្បី​គ្រប់គ្រង ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក។

ករណី​ខាល​លើ​នេះ ​លោក លឹម​សៀង ហេង អភិបាលក្រុង​បាវិត បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​ថា​ កាលពី​យប់​ថ្ងៃ​២៤​ ខែ​មីនា ឆ្នាំ​២០២០ ​គឺមាន​ជនជាតិ​ចិន​ចំនួន​១៧៤​នាក់ បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច ​តាមផ្លូវ​ជាតិ​លេខ​១ មក​ចុះ​នៅមុខ​សណ្ឋាគារ​ និង​កាស៊ីណូ​ក្នុង​ក្រុង​បាវិត ហើយ​គោល​បំណង​ចូល​ស្នាក់​នៅក្នុង​សណ្ឋាគារ ​និង​តាម​កាស៊ីណូ ក៏ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ​ និង​កាស៊ីណូ​ មិន​អនុញ្ញាត ហើយ​ក៏​បាន​រាយការណ៍​មក​ជូន​អាជ្ញាធរ​ និង​សមត្ថកិច្ច ទើប​លោក​សហការ​ជាមួយ​នគរ​បាល​អន្តោប្រវេសន៍ ​ស្នងការ​នគរបាល​ខេត្ត​ នគរបាល​អន្តោប្រវេសន៍​ច្រកទ្វា​រ​ព្រំដែន​អន្តរជាតិ​បាវិត នគរបាល​ក្រុង​បាវិត​ និង​កងរាជអាវុធហត្ថ​ក្រុង​/ខេត្ត ចុះទៅ​ឃាត់​ និង​បញ្ជូន​ជនជាតិ​ចិន​ទាំង​១៧៤​នាក់ មក​ដាក់​ឲ្យ​ស្នាក់​នៅ​ក្នុង​សាលាក្រុង​បាវិត នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត និង​អគារ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​បាវិត ដើម្បី​គ្រប់គ្រង ​និង​សាកសួរ។

លោក​អភិបាលក្រុង​បន្តទៀតថា​ កាលពី​ព្រឹក​ថ្ងៃទី​២៥​ ខែ​មីនា ឆ្នាំ​២០២០ សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ សាកសួរ​ និង​ឲ្យ​មន្ត្រី​សុខាភិបាល​ពិនិត្យ​ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រហូតដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ពុំ​ទាន់​រក​ឃើញ​មានមុខ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ករណី​វីរុស​កូ​វីដ​១៩​នោះ​ទេ។

ចាប់តាំងពី​មាន​ផ្ទុះ​ជំងឺ​COVID-19​នោះ​មក​ រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង ​ទប់ស្កាត់​ការ​រីក​រាលដាល​ នៃ​ជំងឺ​កូ​វីដ​១៩(COVID-19) ដែល​កំពុងតែ​បង្ក​ហានិភ័យ​មក​លើ​សុខភាព ​និង​ជីវិត​ប្រជាជន​កម្ពុជា​។ ជាក់ស្ដែង សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់ទុកថា “​ស្ថានការណ៍​នេះ គឺជា​ការ​ធ្វើ​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​ឥត​ស្រមោល​ “។ ​ដើម្បី​ចូលរួម​នឹង​រាជរដ្ឋាភិបាល​កម្ពុជា លោក សុក រ៉ា​ដូ ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង និង​សមាជិក សមាជិកា បាន​ផ្តល់​សណ្ឋាគារ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាវិត ឈ្មោះថា “​អ៊ឹម ម៉ី​ហៀ​ង​” មាន​ចំនួន​៥២​បន្ទប់ ជូន​រដ្ឋបាល​ខេត្ត​ស្វាយរៀង ចាត់​ចែង​ឲ្យ​រដ្ឋបាល​ក្រុង​បាវិត​ រៀបចំ​ និង​ប្រើប្រាស់​ជាទី​កន្លែង​រក្សាទុក​ប្រជាជន​ចិន​ចំនួន​ប្រមាណ ១៧៤​នាក់ ស្នាក់នៅ​ដាច់ដោយឡែក ចំនួន​១៤​ថ្ងៃ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អាជ្ញាធរ​សុខា​ភិ​បាល​ពិនិត្យ តាមដាន ស្វែងរក និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩(COVID-19)៕​


អត្ថបទ ៖ គឹម ​សេង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114