Svay Rieng Cup ៖​ ក្រុម Academy SVR,​ធម្មជាតិ​កីឡា និង​ត្នោត​អែ​ហ្វ​ស៊ី សុទ្ធតែ​ឈ្នះ​ដូចគ្នា​

ពានរង្វាន់​ស្វាយរៀង​ខាប់ (Svay Rieng Cup) លើក​ទី​៥ រដូវ​កាល​ឆ្នាំ​២០២០ ដែល​រៀបចំឡើង​នៅ​ខេត្តស្វាយរៀង បាន​ចាប់​ផ្តើម​ដំណើរការ​ប្រកួត​តាំងពី​ចុងខែ​មករា មកម្ល៉េះ ខណៈ​ក្រុម Academy SVR,​ធម្មជាតិ​កីឡា និង​ត្នោត​អែ​ហ្វ​ស៊ី សុទ្ធតែ​ឈ្នះ​ដូចគ្នា​នៅ​សុក្រ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ លើ​ទីលាន​បាល់ទាត់​វិទ្យាល័យ​ស្វាយរៀង​។

សម្រាប់​លទ្ធផល​សប្តាហ៍​ទី​២ នៃ​ពានរង្វាន់​នេះ​ឃើញថា​ក្រុមបាល់ទាត់ Academy SVR បាន​យកឈ្នះ​លើ​ក្រុម​ស​.​ស​.​យ​.​ក ស្រុក​កំពង់​រោទ៍ ដោយ​លទ្ធផល​៣​ទល់​១ ហើយ​ក្រុមបាល់ទាត់​ធម្មជាតិ​កីឡា​បាន​យកឈ្នះ​លើ​ក្រុមយុវជន​ចុង​ព្រែក ដោយ​លទ្ធផល​១០​ទល់​៣ និង​គូ​ចុងក្រោយ​ក្រុម​ត្នោត FC បាន​យកឈ្នះ​លើ​ក្រុម​អគ្គិសនី​ស្វាយរៀង ៣​ទល់​១​។

​សម្រាប់​កម្មវិធី​ប្រកួត​បន្ទាប់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នេះដែរ​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​ក្រុម​រាជសីហ​ស្វាយ​រំពារ ត្រូវ​ប៉ះ​ក្រុម​ស​.​ស​.​យ​.​ក ស្រុក​ស្វាយជ្រំ នៅវេលា​ម៉ោង​២​រសៀល​លើ​ទីលាន​វិទ្យាល័យ​ស្វាយរៀង ហើយ​ក្រុម​ហនុមាន​មាស​ស្វាយ​ធំ ជួប​ក្រុមយុវជន​គគីរ​សោម នៅ​ម៉ោង​៤​ល្ងាច​លើ​ជាមួយគ្នានេះដែរ​។ ប្រកួត​ទាំង​២​នេះ​ក៏មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា facebook.com/svayriengcup/ ផងដែរ​។

បើ​យោង​តាម​ការ​បញ្ជាក់​រប​ស់​គណៈកម្មការ​ប្រកួត​ការប្រកួត​ពានរង្វាន់​ស្វាយរៀង​ខាប់ រដូវ​កាល​នេះ មានការ​ចូលរួម​ចំនួន​៥១​ក្រុម មាន​ចំនួន​១០៧​ប្រកួត ចាប់ផ្តើម​ដំណើរការ រយៈពេល​០៤​ខែ ចាប់ពី​ខែមករា រហូតដល់​ខែឧសភា ឆ្នាំ​២០២០ ដោយមាន​ក្រុមកីឡា មកពី​បណ្តា​ស្រុក​-​ក្រុង​ទាំង​០៨ ទូទាំង​ខេត្តស្វាយរៀង​។ ក្នុងនោះ​មាន​កីឡាករ និង​មន្ត្រី​ចូលរួម​សរុប​ប្រមាណ​១,៥០០​នាក់​។ ការប្រកួត​នឹងធ្វើ​ឡើង​នៅ​ទីលាន​ចំនួន​០២ គឺ​ទីលាន​វិទ្យាល័យ​ស្វាយរៀង​សម្រាប់​វគ្គ​ជំ​រុះ​ក្នុង​ពូ​ល និង​ទីលាន កីឡដ្ឋាន ខេត្ត​ស្វា​រៀង នឹងធ្វើ​ការប្រកួត​វគ្គ​សំខាន់ៗ​។

ចំណែកឯ​លក្ខខណ្ឌ​ចូលរួម​ក្រុមកីឡា​ទាំងអស់​ត្រូវមាន​កីឡាករ​សញ្ជាតិ​ខ្មែរ មាន​ពី​អាយុ​ចាប់ពី ១៦​ឆ្នាំ​ឡើងទៅ មួយក្រុម​មាន​សមាជិក ច្រើន​បំផុត​ចំនួន​២៣​នាក់ និង​យ៉ាងតិច​បំផុត ១៧​នាក់ ហើយ​ក្នុង​មួយក្រុម​អាច​នាំយក​កីឡាករ​ក្រៅ​ខេត្ត​ចំនួន ៣​នាក់ និង​២០​នាក់​ទៀត ជា​អ្នក​រស់នៅក្នុង​ខេត្តស្វាយរៀង ឬ​មាន​ទីកន្លែង​កំណើត​នៅក្នុង​ខេត្តស្វាយរៀង​។

រូបមន្ត​នៃ​ការប្រកួត​របស់​ក្រុម​ទាំង ៥១​ត្រូវបាន​បែង​ចែកចេញជា ១៣​ពូ​ល ដោយ​ក្នុង ១​ពូ​ល​មាន​ចំនួន ៤​ក្រុម សម្រាប់​ពូ​ល​ទី​១៣​មាន​ចំនួន​តែ ៣​ក្រុម​ប៉ុណ្ណោះ ហើយ​ត្រូវធ្វើ​ការប្រកួត​វិលជុំ​ក្នុង​ពូ​ល ដើម្បី​យក​ក្រុម​ចំណាក់​ថ្នាក់​លេខ​១ និង​លេខ​២ ឡើងទៅ​វគ្គ​៣២​ក្រុម​បន្ត​។ ដោយឡែក​ក្រុម​លេខ​រៀង​ទី​៣ ល្អ​ជាងគេ​ក្នុង​ពូ​ល ចំនួន​៦​ក្រុម​ក៏មាន​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ផងដែរ​។ ចំពោះ​វគ្គ​៣២​ក្រុម ១៦​ក្រុម ៨​ក្រុម ៤​ក្រុម​ចុងក្រោយ នឹងត្រូវ​ធ្វើការ​ចាប់ឆ្នោត​ដើម្បី​ជួប​ប្រកួត​គ្នា​។

គួរ​រំលឹក​ផង​ដែរ​ថា ពានរង្វាន់​ស្វាយរៀង​ខាប់ ត្រូវបាន​បង្កើតឡើងបាន​៥​រដូវ​កាល ចាប់​ពី​ឆ្នាំ​២០១៥ រហូតដល់​បច្ចុប្បន្ន ដោយមាន​ការ​ផ្តួចផ្តើម​ពី​សំណាក់ លោក ឌី វិជ្ជា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង​។ ការរៀបចំ​ពានរង្វាន់​ស្វាយរៀង​ខាប់ នេះ​ឡើង ក្នុង​គោលបំណង​បង្កើត​ឲ្យ​មាន​សកម្មភាព​កីឡា​ដើម្បី​ជា​ប្រយោជន៍​ដល់​យុវជន មហាជន ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត មានឱកាស​ចូលរួម​លេង​កីឡា ដើម្បី​សុខភាព មិត្តភាព និង​សាគ្គីភាព​ ជៀសឆ្ងាយ​ពីការ​ប្រើប្រាស់​គ្រឿងញៀន និង​អំពើអបាយមុខ​ផ្សេងៗ៕
ម៉េង ហួរ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114