ការប្រកួត​ស្វាយរៀង​ខាប់ ត្រូវ​បាន​លើក​ការប្រកួត ដោយសារ​ស្ថានភាព​វីរុស COVID-19

កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២០ នេះ ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ពានរង្វាន់​ខេត្ត​ស្វាយរៀង ( Svay Rieng Cup ) បាន​ជូនដំណឹង​ស្ដីពី​ការ​លើក​ការប្រកួត ដែល​នៅសល់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ជា​បណ្ដោះអាសន្ន ខណៈ​ដែល​កាលបរិច្ឆេទ​ថ្មី​ នៃ​ការប្រកួត គណៈកម្មការ​ប្រកួត នឹង​ជូនដំណឹង​នា​ពេល​ក្រោយ។

ការ​លើក​ការ​ប្រកួត​នេះ ​ធ្វើ​ឡើង​ដោយ​​យោង​តាម​របាយការណ៍​ស្ថានភាព​រាតត្បាត ​នៃ វីរុស​កូ​វីដ​១៩ (COVID-19) នៅតាម​ប្រទេស​នានា​ជាច្រើន​នៅក្នុង​ពិភពលោក និង​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល ដែល​កំពុង​យកចិត្តទុកដាក់​បំផុត​ក្នុងការ​បង្ការ កាត់បន្ថយ និង​ទប់ស្កាត់​ហានិភ័យ​ នៃ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា (COVID-19) នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

សូម​បញ្ជាក់​ថា ការប្រកួត​ពានរង្វាន់​ស្វាយរៀង​ខាប់ រដូវ​កាល​នេះ មានការ​ចូលរួម​ចំនួន​៥១​ក្រុម មាន​ចំនួន​១០៧​ប្រកួត ចាប់ផ្តើម​ដំណើរការ​រយៈពេល​០៤​ខែ ចាប់ពី​ខែ​មករា រហូតដល់​ខែ​ឧសភា ឆ្នាំ​២០២០ ដោយមាន​ក្រុម​កីឡា មកពី​បណ្តា​ស្រុក​-​ក្រុង​ទាំង​៨ ទូទាំង​ខេត្ត​ស្វាយរៀង​។ ការប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ទីលាន​ចំនួន​២ គឺ​ទីលាន​វិទ្យាល័យ​ស្វាយរៀង​សម្រាប់​វគ្គ​ជម្រុះ​ក្នុង​ពូ​ល និង​ទីលាន កីឡ​ដ្ឋាន​ខេត្ត​ស្វាយរៀង នឹង​ធ្វើ​ការប្រកួត​វគ្គ​សំខាន់ៗ​។​

​រូបមន្ត​ នៃ​ការប្រកួត​របស់​ក្រុម​ទាំង​៥១ ត្រូវបាន​បែង​ចែកចេញជា​១៣​ពូ​ល ដោយ​ក្នុង​១​ពូ​ល​មាន​ចំនួន​៤​ក្រុម សម្រាប់​ពូ​ល​ទី​១៣ មាន​ចំនួន​តែ​៣​ក្រុម​ប៉ុណ្ណោះ ហើយ​ត្រូវ​ធ្វើ​ការប្រកួត​វិលជុំ​ក្នុង​ពូ​ល ដើម្បី​យក​ក្រុម​ចំណាក់​ថ្នាក់​លេខ​១ និង​លេខ​២ ឡើង​ទៅ​វគ្គ​៣២​ក្រុម​បន្ត​។ ដោយឡែក​ក្រុម​លេខ​រៀង​ទី​៣ ល្អ​ជាងគេ​ក្នុង​ពូ​ល ចំនួន​៦​ក្រុម ​ក៏​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ផង​ដែរ​។​

​គួរ​រំលឹក​ផង​ដែរ​ថា ពាន​រង្វាន់​ស្វាយរៀង​ខាប់ ត្រូវ​បាន​បង្កើត​ឡើងបាន​៥​រដូវ​កាល ចាប់ពី​ឆ្នាំ​២០១៥ រហូតដល់​បច្ចុប្បន្ន ដោយមាន​ការ​ផ្ដួចផ្ដើម​ពី​សំណាក់ ឯកឧត្ដម ឌី វិជ្ជា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង​។​

​ការរៀបចំ​ពានរង្វាន់​ស្វាយរៀង​ខាប់​នេះ​ឡើង ក្នុង​គោលបំណង​បង្កើត​ឲ្យ​មាន​សកម្មភាព​កីឡា​ដើម្បី​ជា​ប្រយោជន៍​ដល់​យុវជន មហាជន ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត មានឱកាស​ចូលរួម​លេង​កីឡា ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព ជាស​ឆ្ងាយ​ពី​ការប្រើប្រាស់​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114