ប្រជាជន​ថៃ​ភ័យស្លុត ខណៈសឺរ៉ាំង​នៃមន្ទីរ​ពិសោធន៍ជាច្រើន​ ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ឆ្នេរសមុទ្រ​

វេជ្ជ​បណ្ឌិត​ផ្នែក​សុខភាព​សាធារណៈ​ខេត្តឈុនបុរី ប្រទេសថៃ​បាន​និយាយ​ថា​ ​សឺរ៉ាំង​និង​បំពង់​មន្ទីរ​ពិសោធន៍​ជា​ច្រើន​ដែល​ផ្ទុក​ឈាម​មនុស្ស​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្បែរ​ឆ្នេរ​មួយ​ក្នុង​ឃុំ ​Chong Samae San ខេត្ត​ឈុនបុរី​ កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​បង្ក​ការ​ភ័យ​ស្លន់ស្លោ​ក្នុង​ចំណោម​ប្រជាជន​ក្នុង​តំបន់ និង​ភ្ញៀវ​ទេសចរ​ ដែល​គេ​បាន​សន្និដ្ឋាន​ថា​ទំនង​ជារបស់​គ្លីនិក​កែសម្ផស្ស​ខុសច្បាប់​ណាមួយ។

គ្រឿង​បរិក្ខារ​ពេទ្យ​ដែល​ត្រូវ​គេ​បោះបង់​ចោល ​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក Sompak Panjalak ដែល​ជា​អ្នកស្រុក​ម្នាក់។ គាត់​បាន​ឃើញ​របស់​ទាំងនេះ​លើ​ឆ្នេរ​នៅ​មុខ​ផ្ទះ​របស់​គាត់​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ហើយ​គាត់​បាន​សម្រេច​ចិត្ត​ជូន​ដំណឹង​ដល់​មន្ត្រី​ដោយ​សារ​តែ​ការ​ព្រួយ​បារម្ភ​អំពី​មេរោគ​ថ្មី​ផង​ដែរ។

វេជ្ជបណ្ឌិត​សុខភាព​សាធារណៈ​ខេត្ត លោក Apirat Kanyutanon បាន​ទៅ​ដល់​ឆ្នេរ​ខ្សាច់ ​រួច​ធ្វើការ​ត្រួត​ពិនិត្យ​និង​ប្រមូល​សឺរ៉ាំង​និង​បំពង់​ទាំងនោះ​យក​ទៅ​កាន់​មន្ទីរពេទ្យ​រង​ក្នុង​ស្រុក ​Chong Samae San ។ លោក​វេជ្ជបណ្ឌិត​បាន​និយាយ​ថា ​សឺរ៉ាំង​មិនមែន​ជា​ប្រភេទ​ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ទេ គាត់​សង្ស័យ​ថា​ពួកវា​ជា​របស់​គ្លីនិក​ថែរក្សា​សម្ផស្ស​ខុស​ច្បាប់​ណាមួយ។

លោក​ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ លើស​ពី​នេះ​ទៅ​ទៀត មាន​ស្លាក​ដែល​មាន​ឈ្មោះ​អ្នក​ជំងឺ​នៅ​លើ​បំពង់ ដូច្នេះយើង​អាច​រក​ឃើញ​ថា​តើ​ឧបករណ៍​វេជ្ជសាស្ត្រ​ទាំងនេះ​មាន​ប្រភព​មក​ពី​ណា” ៕

 

ចុចអាន៖អ្នក​ជំងឺ​​សង្ស័យ​ផ្ទុក Covid-19 នៅ​កូរ៉េ​ខាងជើង ត្រូវ​បាន​បាញ់សម្លាប់​បន្ទាប់​ពី​ប្រើប្រាស់​បន្ទប់​ទឹក​សាធារណៈ

ចុចអាន៖ទីក្រុង “ Chinatown” របស់​ជនជាតិ​ចិន ​ដែល​ស្ថិត​នៅ​ទី​ក្រុង​ឡុងដ៍​ក្លាយ​ជា​ទីក្រុង​ដ៏​ស្ងាត់ជ្រងំ

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ