BREAKING NEWS
Search

សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​ ធ្វើ​តេស្ត​បច្ចេកទេស​អត្តពលិក​ជម្រើស​ជាតិ​ឈុត​ធំ និង​ថ្នាល​ដំណាក់កាល​ទី​១

​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​រៀបចំ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ធ្វើ​​តេស្ត​សាកល្បង​បច្ចេកទេស សម្រាប់​កីឡាករ​-​កីឡាការិនី​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ និង​ក្រុម​ជម្រើស​ជាតិ​ឈុត​តូច​ថ្នាល​ដំណាក់កាល​ទី​១ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២០​នេះ នៅ​ទីលាន​សាល​ដំបូលទូក ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​មានប្រសាសន៍ថា នេះ​ជា​ការ​ប្រកួត​ស្ទាបស្ទង់​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ និង​ក្រុម​ជម្រើស​ជាតិ​ឈុត​តូច​ថ្នាល ដែល​ធ្វើការ​ហ្វឹកហាត់​ប៉ុន្មាន​ខែ​កន្លងមក បន្ទាប់ពី​យើង​ឈប់សម្រាក​ដោយសារតែ​មេរោគ​COVID-19 ចំពោះ​ការ​ធ្វើ​តេ​ស្តិ៍​នេះ​ សហព័ន្ធ​ក៏​កំណត់​យក​ចំណាត់ថ្នាក់​ដែរ​។​

​លោក​បាន​បន្តថា ការប្រកួត​នេះ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​ មាន​ចំនួន​៦​នាក់ ចំណែក​ក្រុម​ជម្រើសជាតិ​យុវជន​ចំនួន​៧​នាក់ និង​កីឡាការិនី​ថ្នាល​ចំនួន​៦​នាក់ ដោយ​ធ្វើការ​ប្រកួត​រូបមន្ត​ដូចគ្នា។ ដូច្នេះ​គណៈកម្មការ​សហព័ន្ធ​អាច​ដឹង​កាន់​តែ​ច្បាស់​សមត្ថភាពរ​បស់​អត្ត​ព​លិ​ក​នីមួយៗ​របស់ខ្លួន​។ អគ្គលេខាធិការ​រូបនេះ បាន​បន្ថែមទៀតថា សហព័ន្ធ​ត្រូវ​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់​ត្រៀមខ្លួន​ប្រកួត​លក្ខណៈ​ជាតិ ដែល​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ នឹង​រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា លើក​ទី​១ ប្រចាំ​ឆ្នាំ​២០២០​នាពេលខាងមុខ​៕
អត្ថបទ៖ ​វិ​សិទ្ធ
សូមចុចអាន៖ ​ លី​គ​(leaque)​កំពូល​របស់​កម្ពុជា​រីកចម្រើន​ខ្លាំង