អ្នកទោសតៃវ៉ាន់ចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាក្នុងរោងចក្រដេរម៉ាស់

នៅពីក្រោយរបងលួសបន្លានៃពន្ធនាគារតៃប៉ិ អ្នកទោសមួយក្រុមតូចបានអង្គុយជាមួយម៉ាស៊ីនដេរដោយពួកគេបានធ្វើការលើសម៉ោងដើម្បីដេរម៉ាស់និងជួយការពារវីរុសកូរ៉ូណាថ្មី។

ឆ្មាំគុកម្នាក់កំពុងឃ្លាំមើលខណៈពេលដែលអ្នកទោសដេរម៉ាស់ (រូប AFP)

ជាធម្មតា បុរសទាំងនោះគឺជាអ្នកដេរឯកសណ្ឋានគុកក្នុងរោងចក្រកាត់ដេរនៅទីក្រុង Taoyuan ។ ប៉ុន្តែបន្ទាប់ពីវីរុសនេះឆ្លងរាលដាលដល់កោះតៃវ៉ាន់ ពួកគេបានប្តូរទៅជាដេរម៉ាស់វិញដោយសរុបទៅពួកគេបានដេរម៉ាស់បានចំនួន៥២,០០០ម៉ាស់ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក។

អ្នកទោសអាយុ៥០ឆ្នាំម្នាក់ត្រកូល Yuh បាននិយាយថា គាត់គិតពីគ្រួសាររបស់គាត់ជានិច្ចនៅពេលគាត់ធ្វើការ។ គាត់បានប្រាប់ AFP ថា “នៅពេលពួកគេមកជួបខ្ញុំ ពួកគេនិយាយថា វាពិតជាលំបាកណាស់ក្នុងការទិញម៉ាស់នៅទីនោះ។ រាល់ពេលដែលខ្ញុំដេរម៉ាស់ ខ្ញុំគិតខ្លួនឯងថា វាអាចនាំមកនូវសន្តិសុខខ្លះដល់គ្រួសារខ្ញុំ”។

បច្ចុប្បន្ន Yuh ត្រូវជាប់ពន្ធនាគាររយៈពេល២៣ឆ្នាំពីបទកាន់កាប់គ្រឿងញៀននិងអាវុធ។

លោកនិយាយថា “ម៉ាស់ដ៏តូចមួយនេះមិនត្រឹមតែជួយឲ្យយើងចូលរួមចំណែកក្នុងសង្គមបានប៉ុណ្ណោះទេ វាថែមទាំងផ្តល់ឲ្យយើងនូវតម្លៃដល់ខ្លួនឯងផងដែរ”។

អ្នកទោសដែលបានស្ម័គ្រចិត្តចំពោះការងារនេះធ្វើការយ៉ាងលឿនជាមួយម៉ាស៊ីនដែលពួកគេចេះស្ទាត់។ បន្ទាប់ពីចងអំបោះជាមួយម៉ាស៊ីនដេរ ពួកគេបានកាត់ម៉ាស់ដោយប្រុងប្រយ័ត្នជាមួយកន្ត្រៃតូចៗមុនពេលដេរនិងវេចខ្ចប់។

ពន្ធនាគាររបស់កោះតៃវ៉ាន់តែងតែផ្តល់ការងារដល់អ្នកទោសដើម្បីបង្កើតផលិតផលចាប់ពីអាហាររហូតដល់សម្លៀកបំពាក់និងសាប៊ូ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីបង្រៀនជំនាញជាក់ស្តែងដល់អ្នកទោសក៏ដូចជារៃអង្គាសប្រាក់សម្រាប់សំណងជនរងគ្រោះនិងការកែលំអទីតាំងនានាផងដែរ។

ម៉ាស់ទាំងនេះត្រូវបានលក់មួយក្នុងតម្លៃប្រហែល២៥ដុល្លារតៃវ៉ាន់ (០,៨៣ដុល្លារអាមេរិក) ហើយអ្នកទោសទទួលបានប្រាក់ឈ្នួលតិចតួចដែលពួកគេអាចចំណាយនៅក្នុងពន្ធនាគារ៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ