BREAKING NEWS
Search

តៃវ៉ាន់សម្រេចទិញយន្តហោះចម្បាំង F-16 ពីក្រុមហ៊ុន Lockheed Martin របស់អាមេរិកក្នុងទំហំទឹកប្រាក់៦២ពាន់លានដុល្លារ

កាលពីថ្ងៃសុក្រ កោះតៃវ៉ាន់បានសម្រេចការទិញយន្ដហោះចម្បាំង F-16 ពីក្រុមហ៊ុនផលិតយន្តហោះអាមេរិក Lockheed Martin ក្នុងកិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំមានទំហំទឹកប្រាក់៦២ពាន់លានដុល្លារដែលនេះប្រាកដណាស់នឹងធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា។

ដោយគូសបញ្ជាក់ពីភាពរសើបនៃប្រតិបត្តិការនេះ មន្ទីរបញ្ចកោណបានប្រកាសពីកិច្ចសន្យានេះដោយមិនបានបញ្ជាក់ពីអ្នកទិញទេប៉ុន្តែប្រភពដែលដឹងច្បាស់ពីបញ្ហានេះបានបញ្ជាក់ប្រាប់ AFP ថា នោះគឺកោះតៃវ៉ាន់។

កោះគ្រប់គ្រងដោយខ្លួនឯងដែលប្រទេសចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួនមួយនេះកាលពីឆ្នាំមុនបានទទួលភ្លើងខៀវពីទីក្រុងវ៉ាស៊ីនតោនសម្រាប់ការទិញយន្តហោះ F-16 ជំនាន់ថ្មីចំនួន៦៦គ្រឿងដែលនឹងអនុញ្ញាតឲ្យកោះនេះធ្វើទំនើបកម្មវិស័យការពារជាតិរបស់ខ្លួន។

កោះតៃវ៉ាន់មានក្រុមយន្តហោះចម្បាំង F-16 រួចទៅហើយដែលបានទិញនៅក្នុងឆ្នាំ១៩៩២។

កិច្ចសន្យាថ្មីនេះត្រូវបានមន្ទីរបញ្ចកោណនិយាយថាសម្រាប់ការកុម្ម៉ង់ទិញដំបូងនូវយន្ដហោះចំនួន៩០គ្រឿង។ កិច្ចសន្យានេះគឺសម្រាប់ផ្តល់នូវភាពទំនើបបន្ថែមទៀតនៃបច្ចេកវិទ្យានិងអាវុធថ្មីបំផុតដល់យន្តហោះ។

រដ្ឋាភិបាលក្រុងប៉េកាំងបានទទូចថាកោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួនហើយបានប្តេជ្ញាឆ្លើយតបដោយកម្លាំងប្រសិនបើក្រុងតៃប៉ិព្យាយាមឆ្ពោះទៅរកការប្រកាសឯករាជ្យ។

កិច្ចសន្យារបស់ក្រុមហ៊ុន Lockheed បានកើតឡើងចំពេលដែលទីក្រុងប៉េកាំងបង្ហាញសាច់ដុំនយោបាយរបស់ខ្លួននៅក្នុងទីក្រុងហុងកុងដោយដាក់ចេញនូវច្បាប់សន្តិសុខដែលគ្របដណ្ដប់លើមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិមួយនេះហើយទង្វើនេះបានបង្កឲ្យមានការព្រួយបារម្ភនៅកោះតៃវ៉ាន់៕

ចុចអាន៖ ក្រុងតៃប៉ិ ៖ យន្តហោះចម្បាំងចិនហោះចូលដែនអាកាសកោះតៃវ៉ាន់

ចុចអាន៖ តៃវ៉ាន់បញ្ជូនយន្តហោះទៅប្រដេញយន្តហោះចម្បាំងចិនដែលហោះជុំវិញកោះ

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ AFP