BREAKING NEWS
Search

បុរសតៃវ៉ាន់ម្នាក់ដែលបំពាន​​បទបញ្ជា​ផ្ដាច់​ខ្លួន​នៅដោយឡែកត្រូវបានពិន័យយ៉ាងធ្ងន់ធ្ងរ

អាជ្ញាធរតៃវ៉ាន់បាននិយាយនៅថ្ងៃចន្នេះទថា បុរសម្នាក់ត្រូវបានពិន័យជាប្រាក់ចំនួន ១ លានដុល្លារតៃវ៉ាន់ (៣៣ ០០០ ដុល្លារ) ដោយសារតែគាត់រំលងការដាក់ខ្លួនឯងនៅដាច់ដោយឡែកដើម្បីទៅក្លិបកម្សាន្ត ។

បុរសដែលមិនបញ្ចេញឈ្មោះដែលត្រូវបានកំណត់​ឲ្យដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកនៅផ្ទះរយៈពេល ១៤ ថ្ងៃ បន្ទាប់ពីត្រឡប់មកពីអាស៊ីអាគ្នេយ៍វិញត្រូវបានគេចាប់ខ្លួនក្នុងពិធីជប់លៀងមួយនៅក្រុងតៃប៉ិក្នុងអំឡុងពេលការត្រួតពិនិត្យជាធម្មតារបស់ប៉ូលីសនៅក្លិបរាត្រីកាលពីថ្ងៃអាទិត្យ ។

អាជ្ញាធរបានពិន័យបុរសនោះជាអតិបរមាដែលអាចធ្វើទៅបាន ពីព្រោះការចេញទៅក្រៅរបស់គាត់ត្រូវបានគេចាត់ទុកថាជា “ការបង្កអន្តរាយ” ។

អភិបាលក្រុង New Taipei លោក Hou Yu-ih បាននិយាយថា “អ្នកដែលចេញក្រៅទៅកន្លែងដែលមានមនុស្សច្រើន ហើយមិនមានខ្យល់ចេញចូលល្អនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលបង្ការការរាលដាលនៃជំងឺឆ្លង និងពិន័យជាប្រាក់ចំនួន ១ លានដុល្លារតៃវ៉ាន់” ។

កោះតៃវ៉ាន់ត្រូវបានគេយកធ្វើជាឧទាហរណ៍មួយនៃវិធីដោះស្រាយការផ្ទុះឡើងនេះដោយរដ្ឋាភិបាលបានធ្វើចលនាយ៉ាងលឿនដើម្បីកាត់បន្ថយការមកដល់ពីបរទេសពីតំបន់ឆ្លង និងចេញសេចក្តីណែនាំវេជ្ជសាស្រ្តច្បាស់លាស់ដែលត្រូវបានទទួលយកដោយសាធារណជនទូទៅ ។

មជ្ឈមណ្ឌលត្រួតពិនិត្យការរីករាលដាលផ្នែកកណ្តាលរបស់ខ្លួនត្រូវបានធ្វើឲ្យសកម្មមុនពេលដែលប្រទេសចិនបានបិទទីក្រុងវូហានជាកន្លែងដែលវីរុសបានចាប់ផ្តើមផ្ទុះ ។

ទោះបីជាមានភាពកៀកជិតនឹងការផ្ទុះឡើងដំបូងនៅចិនដីគោកក៏ដោយក៏កោះតៃវ៉ាន់ទើបតែមានករណីដែលត្រូវបានបញ្ជាក់ថាមាន ១៩៥ ករណីប៉ុណ្ណោះក្នុងនោះមានមនុស្សស្លាប់ ២ នាក់ ។

ទោះជាយ៉ាងណាការកើនឡើងថ្មីៗនេះបានកើតឡើងលើដែលមនុស្សត្រឡប់មកពីបរទេស ខណៈដែលការរីករាលដាលកំពុងកើតមាន ។

ឥឡូវនេះកោះតៃវ៉ាន់បានហាមឃាត់ការចូលមករបស់ជនបរទេស ហើយបានបញ្ជាឲ្យប្រជាជាតិទាំងអស់ត្រឡប់ទៅរកការដាក់ខ្លួនឯងដាច់ដោយឡែករយៈពេលពីរសប្តាហ៍ ។

ទន្ទឹមនោះអ្នកដែលនៅដាច់ដោយឡែកត្រូវបានត្រួតពិនិត្យតាមប្រព័ន្ធ GPS តាមទូរស័ព្ទ និងប្រព័ន្ធផ្ញើសារ ខណៈដែលប៉ូលីសនឹងត្រូវបានជូនដំណឹងនៅពេលពួកគេចាកចេញពីផ្ទះរបស់ពួកគេ ។

កាលពីដើមខែនេះរដ្ឋាភិបាលទីក្រុងតៃប៉ិបានប្រកាសពីការផាកពិន័យជាអតិបរិមាលើកដំបូងចំពោះបុរសម្នាក់ដែលបានហោះចេញពីប្រទេសចិនដីគោកដែលបានបដិសេធមិនដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ជិះរថភ្លើងល្បឿនលឿន ហើយបន្ទាប់មកព្យាយាមហោះចេញពីកោះនេះផងដែរ ។

សូមបញ្ជាក់ផងដែរថា ការផាកពិន័យជាទឹកប្រាក់ចំនួន ១ លានដុល្លារតៃវ៉ាន់អាចត្រូវបានកើនឡើងទ្វេដងសម្រាប់អ្នកដែលធ្វើដំណើរជាសាធារណៈ ៕ AFP

ប្រែសម្រួល៖ ជីវ័ន្ត
ប្រភព៖ AFP