មន្ត្រី​ជំនាញ​ថា បច្ចេកវិទ្យា ឥត​ប្រើប្រាស់​ខ្សែ​មានការ​រីក​ចម្រើន ឆាប់រហ័ស​និង​ផ្ដល់​ផលប្រយោជន៍​យ៉ាង​ច្រើន​ដល់​សេដ្ឋកិច្ច​សង្គម

កណ្ដាល ៖ បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​ឥត​ប្រើប្រាស់​ខ្សែ បាន​អភិវឌ្ឍ រីក​ចម្រើនយ៉ាង​ឆាប់រហ័ស និង​បាន​ផ្ដល់​ផលប្រយោជន៍​យ៉ាង​ច្រើន ដល់​វិស័យ​សេដ្ឋកិច្ច​សង្គម និង​វប្បធម៌ នៅ​ក្នុង​ប្រទេស ក្នុង​តំបន់ និង​សកលលោក​ពិសេស ទំនាក់ទំនង គ្នា​ទៅវិញទៅមក បាន​រហ័ស ទាន់​ចិត្ត​ទាំង​ការងារ​ឯកជន និង​រដ្ឋ​។

​លោក អៀង ប៊ុន​ហាក់ ប្រធាន​មន្ទីរ ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​បែបនេះ​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ លិខិត​បទដ្ឋាន គតិយុត្តិ​ស្តី​ពី បច្ចេកវិទ្យា​ទូរសព្ទ​ចល័ត និង​ផល​ប៉ះពាល់ ជូន​ដល់ មន្ត្រីរាជការ សិស្សានុសិស្ស នៅ​វិទ្យាល័យ ទឹក​ឃ្លាំង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។

​នៅ​ក្នុង​ពិធី​នោះ​ដែរ លោក ម៉ៅ ផល្លា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ធនធាន វិសាល​គមន៍ ហ្វ្រេ​កង់​វិទ្យុ នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​នេះ​យើង​ទាំង​អស់​គ្នា​បាន និង​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​ហើយ​ទទួល​ផល​ដ៏​មហិមា​ពី​វិស័យ​ទូរគមនាគមន៍​នេះ ក៏ប៉ុន្តែ​ការ​យល់​ដឹង​នៅ​មាន​កម្រិត​លើ​បច្ចេកវិទ្យា​នេះ សំខាន់​ផល​ប៉ះពាល់​ដែល​កើតមាន​ស្រប​ពេល​យើង​ទាំង​អស់​គ្នា​កំពុងតែ​ប្រើប្រាស់​វា​។​ដូចនេះ​ក្រសួង​បាន​ជំរុញ​ឲ្យ​មន្ទីរ​ជំនាញ​នៅ​បណ្ដា​ខេត្ត ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​មជ្ឈដ្ឋាន​ដើម្បី​ឲ្យ​បាន​យល់​ជ្រួតជ្រាប​អំពី​កម្មវិធី​នេះ ។​

​ទាក់ទង​នឹង​ផល​ប៉ះពាល់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ផង​ដែរ លោក អៀង ប៊ុន​ហាក់ បាន​បញ្ជាក់​ថា​ការប្រើប្រាស់​សេវា ពុំ​មាន​ផល​ប៉ះពាល់​ទេ ប៉ុន្តែ​បើ​មនុស្ស​យើង​ប្រឹង​មើល​ទូរសព្ទ​យូរ​ពេក​អាច​ប៉ះពាល់​ដល់​ភ្នែក​ដោយសារ​ពន្លឺ។ ម្យ៉ាងទៀត បើ​និយាយ​ទូរសព្ទ​យូរ​ពេក​ដោយ​មិន​ប្រើ​កាស នាំ​ឲ្យ​មាន​កម្ដៅ​អាច​ប៉ះពាល់​ដល់​ត្រចៀក ៕

អត្ថបទ៖ ​វ​ត្តី​