សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​មន្ត្រី​កីឡា​ និង​អត្ត​ព​លិ​ក​៤.៣៥០​នាក់ ​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ក្នុង​មហា​គ្រួសារ​កីឡា ​នា​ថ្ងៃទី​៤​មេសា​

លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​តំណាង​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បានឲ្យ​ដឹងថា ពិធី​ពិសា​អាហារ​សាមគ្គី​ក្នុង​មហា​គ្រួសារ​កីឡា ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន នា​ថ្ងៃ​ទី​៤ ខែ​មេសា​ខាងមុខនេះ នឹង​មាន​មន្ត្រី​កីឡា​និង​អត្ត​ព​លិ​ក​ចំនួន​ប្រមាណ​៤.៣៥០​នាក់​ចូលរួម។​

លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​រាយការណ៍​ក្នុង​អង្គប្រជុំ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ថា សមាសភាព​ចូលរួម​ក្នុង​កម្មពិធី​ពិសា​អាហារ​សាមគ្គី​ក្នុង​មហា​គ្រួសារ​កីឡា ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​៤​ ខែមេសា ឆ្នាំ​២០២០​ខាងមុខ រួមមាន​ក្រសួង​អប់រំ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) គណៈកម្មាធិការ​ជាតិ​រៀបចំ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣(CAMSOC) គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក ព្រឹទ្ធាចារ្យ​កីឡា មន្ត្រី​ព័ត៌មាន​កីឡា អង្គភាព​កីឡា​នគរបាលជាតិ ក្រុមប្រឹក្សា​កីឡា​កងយោធពលខេមរភូមិន្ទ​ខ​.​ម​.​ភ សហព័ន្ធ​កីឡា​ជាតិ​ទាំង​៥៣ សរុប​ទាំងអស់​៤.៣៥០​នាក់​។​

លោក សុខ សប្បាយ​ណា បាន​អំពាវនាវ​ដល់​អង្គភាព​ជាប់​ព័ន្ធ​ទាំងអស់ ត្រូវ​គោរព​ឲ្យ​បាន​ពេលវេលា​បាន​ល្អ​ប្រសើរ​ទាំង​ពេលចេញ​ដំណើរ និង​ការចូលរួម​ក្នុង​ពិសា​អាហារ​សាមគ្គី​ក្នុង​មហា​គ្រួសារ​កីឡា​។ ហើយ​មនុស្ស​ម្នាក់​ ត្រូវតែ​មានឈ្មោះ​តែមួយ​អង្គភាព មិន​អាច​ឲ្យ​មានឈ្មោះ​២ ​ឬ​៣​នោះ​ឡើយ​៕

អត្ថបទ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114