ប្រធាន​បក្ស​មួយ ស្នើ​ឲ្យ​ធនាគារ​ឯកជន​ពន្យារ​ពេល​ការ​ប្រមូល​បំណុល​ពី​ប្រជាពលរដ្ឋ​ខ្មែរ​មួយរយៈ​

​ភ្នំពេញ​ ៖ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ពី​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បានស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពិសេស ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​ធនាគារ​ឯកជន​ពន្យារ​ពេល​ការប្រមូល​បំណុល​ពី​ប្រជាពលរដ្ឋ​ខ្មែរ មួយរយៈ​សិន ដោយសារ​តែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេស​កម្ពុជា​។​

យោងតាម​លិខិត​របស់លោក ពេជ្រ ស្រស់ ចុះ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ ដែល​បាន​ដាក់ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ពេជ្រ ស្រស់ ក្នុងនាម​ប្រធាន​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា ​បានស្នើ​ឲ្យ​សម្ដេច​តេ​ជោ មេត្តា​ពិចារណា​ពិភាក្សា និង​ចរចា​ជាមួយ​ធនាគារ​ឯកជន​ទាំងអស់ ឲ្យ​ពន្យារពេល​ក្នុង​ការ​បង់​បំណុល​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ខ្ចី​ថវិកា​ជាដើម​ទុន​រកស៊ី ហើយ​ត្រូវបាន​មេរោគ កូ​វីដ​១៩ ឆ្លង​មក​ប្រទេស​កម្ពុជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរកស៊ី​របស់​ពួកគាត់ ជាហេតុ​នាំ​ឲ្យ​មុខរបរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជួប​នូវ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ បាត់បង់​ចំណូល​ប្រចាំថ្ងៃ ហើយ​ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​លទ្ធភាព​សង​បំណុល​ធនាគារ​ដែល​ពួកគាត់​បាន​ខ្ចី​។ លោក​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយចំនួនធំ កំពុង​ទៅ​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុង​ការចេញ​ស្វែងរក​ប្រាក់ចំណូល ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ប្រចាំថ្ងៃ ក៏ដូចជា​ការបង់​បំណុល​ជូន​ធនាគារឯកជន ក្នុងអំឡុងពេល ឬ​មេរោគ​កំពុង​រីក​រាលដាល​នៅ​ប្រទេស​កម្ពុជា​។​

សូមបញ្ជាក់ថា គិត​ត្រឹម​ម៉ោង​១០​យប់ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ នៅ​កម្ពុជា​ បាន​រកឃើញ​អ្នកជំងឺ COVID-19 សរុប​ទាំងអស់​ចំនួន​៨៧​ករណី ហើយ​រហូត​ពេលនេះ​ព្យាបាល​ជាសះស្បើយ​ចំនួន​២​នាក់ គឺ​ជន​ជាតិចិន​១​នាក់ និង​ជនជាតិ​អង់គ្លេស​១​នាក់៕
កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114