នារី​ម្នាក់​នៅ​ខេត្ត​រតនគិរី ដែល​​សង្ស័យ​ថា ឆ្លង​មេរោគ​កូវីដ​១៩​នោះ លទ្ធផល​បាន​ចេញ​ហើយ

រតនគិរី ​៖ ​នារី​ម្នាក់ នៅ​ខេត្ត​រតនគិរី មាន​អាការៈ​ពិបាក​ដកដង្ហើម ហើយ​វីដេអូ​របស់​នាង​ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ថា «​មាន​ជំងឺ​កូ​វីដ​១៩»​នោះ លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ បានបង្ហាញ​ហើយ គឺ​គ្មាន​ឆ្លង​មេរោគ​នេះ​នោះ​ឡើយ។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឆាយ ធី មេឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ដែល​បាន​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២០​នេះ។

លោក​បាន​សរសេរ​បញ្ជាក់​ដូច្នេះ​ថា «​លទ្ធផល​ចេញ​ហើយ​៖ នៅ​ខេត្តរតនគិរី គិត​ត្រឹម​យប់ ថ្ងៃទី​២៦ មីនា ២០២០ គ្មាន​បុគ្គល​ណា​ម្នាក់ ផ្ទុក​មេរោគ​កូ​វីដ​១៩​នេះ​ទេ ជាពិសេស​នារី​ឈ្មោះ​សល់ ផេ​ក អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ា​អរ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ាវ ២​ថ្ងៃមុន មាន​ព័ត៌មាន​បំផុសបំផុល​ថា​៖​នារី​ឈ្មោះ​សល់ ផេ​ក “​មាន​ជំងឺ​កូ​វីដ​១៩ “ពេលនេះ​ក្រសួង និង​មន្ទីរ សុខាភិបាល ចេញ​លទ្ធផល​កាលពី​យ​ប់​ថ្ងៃទី​២៦ គឺ​អវិជ្ជមាន​»​។​

គួរ​បញ្ជាក់​ថា វីដេអូ​របស់​នារី​ម្នាក់ ឈ្មោះ​សល់ ផេ​ក ស្ថិតក្នុង​ស្ថានភាព​ពិបាក​ដកដង្ហើម​ខ្លាំង​ ហើយ​ត្រូវបាន​គ្រូពេទ្យ​ជួយសង្គ្រោះ​នោះ បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បញ្ជាក់ថា «​មាន​ជំងឺ​កូ​វីដ​១៩»​។

ចំពោះ​ករណី​នេះ មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៥ ខែមីនា បាន​បញ្ជាក់ថា តាម​ការ​រោគវិនិច្ឆ័យ​របស់​គ្រូពេទ្យ​ជំហាន​ដំបូង និង​ការសាកសួរ​ប្រវត្តិ​អ្នកជំងឺ​បាន​បញ្ជាក់​ថា ជា​ជំងឺផ្លូវចិត្ត​។ ទោះយ៉ាងណា មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី ក៏បាន​យក​សំណាក​ស្ត្រី​ម្នាក់​នេះ ទៅធ្វើ​តេស្ដ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ហើយ​លទ្ធផល បានបង្ហាញ​នៅ​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​ហើយ គឺ​គ្មាន​ជំងឺ​កូ​វីដ​១៩​នោះឡើយ៕


សម្រួលដោយ ៖ មនោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114