លទ្ធផល​សំណាក​១០​នាក់​ពី​ខេត្ត​ព្រៃវែង​ អវិជ្ជមាន​កូវីដ​១៩

ព្រៃវែង ​៖ ​សំណាក​មនុស្ស​ចំនួន​១០​នាក់ ដែល​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង បាន​ប្រមូល​យក​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ទទួល​លទ្ធផល​​យប់​មិញ​ហើយ គឺ​ពុំ​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​នេះ​ឡើយ។

នេះ​បើ​តាម​ប្រភព គោរព​រាយការណ៍​ជូន​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ហើយ​ត្រូវបាន​លោក​ធ្វើ​ការ​ផ្សព្វផ្សាយ​បន្ត​នៅ​តាម​បណ្ដាញ​សង្គម​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២០​នេះ។

ប្រភព​ បាន​គោរព​រាយការណ៍​ជូន​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដូច្នេះ​ថា «​សូម​គោរព​រាយការណ៍​ជូន​ឯកឧត្តម ព្រៃវែង​:​លទ្ធផល​សំណាក​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង​ចំនួន 10 នាក់​ដែល​បាន​បញ្ជូនទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ា​ស្ទ​រ័​រសៀល​ថ្ងៃទី 26/3/2020 មន្ទីរ​សុខាភិបាល​ខេត្ត​បានទទួល​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​យប់​ថ្ងៃទី 26/03/2020 វេលា​ម៉ោង 22:00 នាទី គឺ អវិជ្ជមាន​ទាំង 10 នាក់។ ដូច្នេះ​គិត​មកដល់​ត្រឹម​ម៉ោង 22:00​នាទី យប់​ថ្ងៃទី 26/3/2020 នៅ​ទូទាំង​ខេត្តព្រៃវែង​យើង​មិនទាន់មាន​ជំងឺ COVID-19 នៅឡើយ​ទេ សូមមេត្តា​ជ្រាប សូម​អរគុណ​»​។​

​គួរ​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​១០​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ កម្ពុជា​ បាន​រកឃើញ​អ្នកជំងឺ COVID-19 ២​នាក់ (​ជនជាតិ​ឥណ្ឌូនេស៊ី​ទាំងពីរ​)​បន្ថែមទៀត ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ទាំងអស់​ទូទាំងប្រទេស​កើនឡើង​ដល់​៩៨​ករណី ហើយ​ក្នុងចំណោម​ខេត្ត​ដែល​ឆ្លង​មេរោគ​នេះ​​ មិនទាន់មាន​ខេត្តព្រៃវែង​នៅឡើយ​ទេ​៕
សម្រួលដោយ ៖ មនោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114