BREAKING NEWS
Search

ប្រទេស​ថៃ​​ចាប់ផ្ដើម​ឆ្នាំ ២០២០ ជាមួយយុទ្ធនាការ​ហាម​ឃាត់ប្រើប្រាស់​ថង់​ប្លាស្ទិក

ប្រទេស​ថៃ​បាន​ចាប់ផ្ដើម​​ឆ្នាំថ្មី​នេះ​ជាមួយ​នឹង​ការ​ហាមឃាត់​មិន​ឱ្យ​ប្រើ​ថង់​ប្លាស្ទិក​នៅ​តាម​ហាង​ធំៗ ដោយ​បន្ត​យុទ្ធនាការ​ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​និង​អ្នក​លក់រាយ​ឆ្ពោះ​ទៅ​រក​ការ​ហាមឃាត់​ពេញលេញ​ក្នុង​ឆ្នាំ ២០២១ ដើម្បី​កាត់​បន្ថយ​កាកសំណល់​និង​កម្ទេចកំទី​នៅ​ក្នុង​សមុទ្រ។

ការ​យល់ដឹង​ជា​សាធារណៈ​អំពី​ហានិភ័យ​ចំពោះ​សត្វ​ និង​បរិស្ថាន​ពី​កាកសំណល់​បែបនេះ​ត្រូវ​បាន​លើកឡើង​កាល​ពី​ឆ្នាំមុន​ ក្រោយការជួបប្រទះសត្វរងគ្រោះ​ជា​ច្រើន​។ សត្វផ្សេងៗ​រួមមាន​​ សត្វ​ក្ដាន់​និង​កូន​តោ​សមុទ្រ​យ៉ាង​ច្រើន​ត្រូវ​បាន​រក​ឃើញ​ថា​ងាប់ដោយសារ​ថង់​ប្លាស្ទិក​ ដែល​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ពួកវា។

លោក Varawut Silpa-Archa រដ្ឋមន្ត្រី​ក្រសួង​ធនធាន​និង​បរិស្ថាន​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ថា “ប្រទេស​ថៃ​បាន​ជាប់​ចំណាត់​ថ្នាក់​ទី ៦ ក្នុង​ចំណោម​បណ្ដា​ប្រទេស​កំពូលៗ នៅ​លើ​ពិភពលោក​ដែល​បោះចោល​សំរាម​ទៅ​ក្នុង​សមុទ្រ។ ក្នុង​រយៈពេល ៥ខែ​កន្លង​មក​នេះ​យើង​បាន​ធ្លាក់​ចុះ​ដល់​លេខ ១០ ដោយសារ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​ប្រជាជន​ថៃ” ។ ក្រសួង​បាន​និយាយ​ថា ប្រទេស​ថៃ​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ចំនួន ២ ពាន់​លាន​ដុល្លារ​ឬ​ប្រហែល ៥,៧ តោន​ កាល​ពី​ឆ្នាំមុន​ នៅ​ក្នុង​យុទ្ធនា​ការ​ជំហាន​ដំបូង​ដើម្បី​លើកទឹកចិត្ត​ដល់​ការ​បដិសេធ​របស់​អ្នក​ប្រើប្រាស់​ដោយ​មិន​យក​ថង់​ប្លាស្ទិក​ពី​ហាង​លក់​ទំនិញ។

អ្នកទិញ​ម្នាក់​ឈ្មោះ Supanee Burut-thong បាន​និយាយ​ថា “ដំបូង​ខ្ញុំ​តែង​យក​ថង់​ប្លាស្ទិក​នៅ​តាម​ហាង​ដែល​ខ្ញុំ​ទិញ​ទំនិញ ពី​ព្រោះ​ពេលខ្លះ​ខ្ញុំ​មក​ដោយ​ដៃទទេ ​ហើយ​ភ្លេច​យក​កាតាប​ឬ​ថង់​ក្រដាស​មក​តាម​ខ្លួន​បន្ទាប់មក​ខ្ញុំ​តែង​ចងចាំ​នឹង​ដាក់​តាម​ខ្លួន​ជានិច្ច​ ដើម្បី​ចូលរួម​កាត់បន្ថយ​ថង់​ប្លាស្ទិក។​​

លោក Varawut បាន​និយាយ​ថា​បញ្ហា​ប្រឈម​បំផុត​គឺ​ថង់​ប្លាស្ទិក ៤០ %%ចុងក្រោយ ​ដែល​ត្រូវ​បាន​ប្រើ​នៅ​ផ្សារ​និង​នៅ​តាម​ជនបទ។
លោក​មាន​ប្រសាសន៍ថា“ វា​នឹង​មិន​ងាយស្រួល​ទេ​ក្នុង​ការ​ផ្លាស់ប្ដូរ​របៀប​នៃ​ការ​គិត​និង​អាកប្បកិរិយា​របស់​មនុស្ស​ទាំង​នោះ” ៕

 

ប្រែសម្រួល:សាង ស្រីល័ក្ខ