ព័ត៍មានទាន់​ហេតុការណ៏
Search

ការសម្រេច​របស់​រដ្ឋា​ភិ​បាល​ថៃ មិន​ឲ្យ​ទណ្ឌិត សម រង្ស៊ី ចូល បញ្ជាក់​ពី​ឯករាជ្យភាព និង​ការគោរព​ធម្មនុញ្ញ​អាស៊ាន

ភ្នំពេញ​ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​ ការដែល​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ដ្រី​របស់​ប្រទេស​ថៃ សម្រេច​មិន​ឲ្យ​ទណ្ឌិត សម រង្ស៊ី ចូលទៅ​កាន់​ទឹកដី​របស់គេ ជាការ​បញ្ជាក់​ពី​ឯករាជ្យភាព និង​អាធិបតេយ្យ​ភាព ព្រមទាំង​ការអនុវត្ត​ធម្មនុញ្ញ​អាស៊ាន​របស់​ប្រទេស​ថៃ​។

លោក សុខ ឥសាន បញ្ជាក់​បែបនេះ​ថា “​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ថៃ មិន​ឲ្យ​ទណ្ឌិត​មេ​ឧទ្ទាម​ខ្មែរ​ក្រៅច្បាប់​ចូល​ទឹកដី​ថៃ បញ្ជាក់​ពី​ឯករាជ្យភាព និង​អាធិបតេយ្យ​ភាព​របស់​ប្រទេស​ថៃ ព្រមទាំង​ការអនុវត្ត​ធម្មនុញ្ញ​អាស៊ាន ហើយ​ការដែល​រាជរដ្ឋាភិបាល​ថៃ គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដោយសារ​តែ​រាជរដ្ឋាភិបាល​ប្រជាធិបតេយ្យ​។ ចំណែក​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ថៃ​នោះ មានន័យថា ពួកគេ​គឺជា​ក្រុម​ឧទ្ទាម​ខុសច្បាប់​និង​អានាធិបតេយ្យ​”​។

​តាម​លោក សុខ ឥសាន ដោយសារ​ថៃ​ឲ្យ​តម្លៃ​ដល់​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា ទើប​ថៃ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ក្រៅច្បាប់​ចូល និង​ឆ្លងកាត់​ទឹកដី​របស់​គេ ហើយ​នេះ​មិនមែន​មានន័យថា សម្តេច​តេ​ជោ ហ៊ុន សែន បញ្ចេញ​សាច់ដុំ​ទេ នេះ​គឺជា​ច្បាប់​របស់​ប្រទេស ហើយ​មាន​ប្រជាជន​ដ៏​ច្រើន​លើសលប់ ដែល​គាំទ្រ​រាជរដ្ឋាភិបាល ដែល​នេះ​គឺជា​សាច់ដុំ​ដ៏​រឹងមាំ​សម្រាប់​ការពារ​សន្តិភាព និង​សេចក្តីសុខ​របស់​ប្រជាជន​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ដ្រី​របស់​ប្រទេស​ថៃ បានបញ្ជាក់​ពី​ជំហរ​រដ្ឋាភិបាល​របស់​ខ្លួន​ថា នឹងមិន​អនុញ្ញាត​ឲ្យ​សម រង្ស៉ី ជាន់​ទឹកដី​ថៃ ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​នោះឡើយ ហើយ​ការសម្រេច​បែបនេះ ដោយសារ​តែ​ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន​ដូចគ្នា​។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​ដកស្រង់​សម្តី​លោក​ឧ​ត្ត​ម​សេនី​យ៏ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា តាម​ការ​ប្តេជ្ញាចិត្ត​រប​ស់​ថៃ​ចំពោះ​អាស៊ាន ថៃ​នឹងមិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា​ទៅវិញទៅមក​នោះ​ទេ ហើយ​យើង​ក៏​នឹង​មិន​អនុញ្ញាត​ឲ្យ​ក្រុមប្រឆាំង នឹង​រដ្ឋាភិបាល​ណាមួយ​ប្រើប្រាស់​ប្រទេស​ថៃ​សម្រាប់​បម្រើ​សកម្មភាព​ផ្ទាល់ខ្លួន​នោះឡើយ ហើយ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជា​ទៅកាន់​មន្ត្រី​របស់ខ្លួន​ផងដែរ​។

លោក សម រង្ស៊ី គ្រោង​ចាក​ចេញពី​ទីក្រុង​ប៉ារីស មកកាន់​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី​០៧ វិច្ឆិកា តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន Thai Airways នេះ​ជា​អ្វីដែល​លោក សម រង្ស៊ី ប្រកាស​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​យប់​ថ្ងៃ​អង្គារ ទី​០៥ វិច្ឆិកា ដោយមាន​ភ្ជាប់​ជាមួយ​នូវ​រូបថត​សំបុត្រ​យន្តហោះ​របស់ខ្លួន​ផង ប៉ុន្តែ​គម្រោង​នេះ បាន​ប្រែប្រួល ដោយ​ដូរ​ពីថ្ងៃ​ទី​៧ ខែវិច្ឆិកា ទៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​វិញ ហើយ​កំណត់​មកដល់​ប្រទេស​ថៃ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​។

ទោះជា​យ៉ាងណា រូបថត​ទណ្ឌិត សម រ​ង្ស៉ី និង​បក្ខពួក ដែល​ជា​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​ចំនួន​៩​នាក់ ដែល​រង​ការចោទប្រកាន់​ពី​តុលាការ​កម្ពុជា​ពីបទ “​ឧបឃាត​” នោះ ត្រូវបាន​ទាហាន​ឈុតខ្មៅ​របស់​ថៃ បាន​យក​ទៅ​បិទ​នៅ​ច្រកព្រំដែន ដើម្បី​ទប់ស្កាត់ និង​ចាប់ខ្លួន ប្រសិនបើ​ឃើញ​ពួកគេ​ទាំង​ឆ្លងកាត់ ឬ​ទៅដល់​ទីនោះ​៕

កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114