ឈ្លោះជាមួយ​អ្នក​ផ្ទះ​សោះ ចេញ​មកបាញ់រះ ៥០គ្រាប់​ បង្កភាពភ្ញាក់ផ្អើលទាំង​ព្រឹកនៅ​ប្រទេសថៃ

នៅព្រឹកថ្ងៃសុក្រទី ១៤ ខែកុម្ភៈនេះ មានករណីផ្ទុះអាវុធយ៉ាងហោចណាស់ ៤០ គ្រាប់ដោយខ្មាន់កាំភ្លើងម្នាក់នៅក្បែរសាកលវិទ្យាល័យ Chulalongkorn ក្នុងទីក្រុងបាងកក ប្រទេសថៃ ។

យោងតាមសារព័ត៌មាន Khaosod English បានឲ្យដឹងថា គេបានឮស្នូរកាំភ្លើងចេញពីលើដំបូលហាងលក់សម្លៀកបំពាក់ Chula Soi 10 ក្នុងខណ្ឌ Pathum Wan ក្រុងបាងកក។ តាមសេចក្តីរាយការណ៍បានប្រាប់ថា មិនមានអ្នកស្លាប់ឬរងរបួសណាមួយទេ ក្រោយការបាញ់រះនេះ។ សាក្សីនៅក្បែរកន្លែងកើតហេតុបាននិយា គេបានឃើញខ្មាន់កាំភ្លើង តម្រង់កាំភ្លើងរបស់គេទៅអ្នកថ្មើរជើងនៅចំណុចមួយក្បែរសាលកលវិទ្យាល័យ រួចគេបានរត់ចូលទៅលាក់ខ្លួននៅខាងក្នុងហាង Chula Soi 10។

ប៉ូលីសបានបិទតំបន់នោះ និងបានហាមឃាត់អ្នកថ្មើរជើងនិងអ្នកបើកបរម៉ូតូមិនឲ្យចូលទៅក្បែរនោះទេ។ មកដល់ម៉ោងនេះ ប៉ូលីសបានឃាត់ខ្លួនជនសង្ស័យនាំទៅទីស្នាក់ការប៉ូលីសដើម្បីសាកសួរ។

ខ្មាន់កាំភ្លើងត្រូវបានប៉ូលីសប្រាប់ថាមានឈ្មោះ Ekkaichai Charueksilp អាយុ ៤៤ ឆ្នាំ។ តាមសេចក្តីរាយការណ៍បាននិយាយថា ជនសង្ស័យបានមានជម្លោះជាមួយគ្រួសារមុនពេលចាកចេញពីផ្ទះដោយយកកាំភ្លើងទៅជាមួយខ្លួន។

ការបាញ់ប្រហារនេះ ជាឧប្បត្តិហេតុទី២ក្នុងខែកុម្ភៈ ដើមឆ្នាំ ២០២០ នៅក្នុងប្រទេសថៃ បន្ទាប់ពីការបាញ់ប្រហារមួយកាលពីសប្ដាហ៍មុននៅខេត្តនគររាជសីមាដែលបានសម្លាប់មនុស្ស ៣០ នាក់ រួមទាំងខ្មាន់កាំភ្លើងម្នាក់ផង៕

 

ចុចអាន៖  វីរុសកូរ៉ូណា Covid-19 ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទេសចរណ៍​ថៃ

ប្រែសម្រួល៖ សន្យា