ប្រទេសថៃរារាំងមិនឲ្យនាវាទេសចរណ៍ចូល ស្របពេលមានការភ័យខ្លាចវីរុសកូរ៉ូណា

រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃបាននិយាយនៅថ្ងៃអង្គារថា ប្រទេសថៃបានរារាំងអ្នកដំណើរនៃនាវាទេសចរណ៍ MS Westerdam របស់ក្រុមហ៊ុន Holland America ពីការចុះចតដែលនេះជាការបដិសេធចុងក្រោយបំផុតរបស់ប្រទេសនេះស្របពេលមានការភ័យខ្លាចអំពីវីរុសកូរ៉ូណាថ្វីបើនៅលើនាវានេះគ្មានការបញ្ជាក់ថាមានអ្នកឆ្លងក៏ដោយ។

ក្រុមហ៊ុនដែលជាសាខារបស់ Carnival Corp មានមូលដ្ឋាននៅទីក្រុងម៉ៃអាមីមួយនេះបាននិយាយកាលពីថ្ងៃចន្ទថា អ្នកដំណើរនឹងចុះក្នុងទីក្រុងបាងកកនៅថ្ងៃទី១៣ខែកុម្ភៈហើយថា គ្មានហេតុផលណាដែលត្រូវជឿថា អ្នកនៅលើនាវានេះមានផ្ទុកមេរោគនោះទេ។
យ៉ាងណាក្តី លោក Anutin Charnvirakul រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយនៅក្នុងការបង្ហោះ Facebook “ខ្ញុំបានចេញបញ្ជារួចហើយ។ ការអនុញ្ញាតឲ្យចូលចតត្រូវបានបដិសេធ”។

នាវា Westerdam ត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសមួយចំនួនរួចទៅហើយរួមមានទាំងជប៉ុន ហ្វីលីពីននិងថៃផងដែរចំពេលមានការភ័យខ្លាចអំពីវីរុសកូរ៉ូណាដែលបានសម្លាប់មនុស្សជាង១០០០នាក់និងឆ្លងច្រើនជាង៤ម៉ឺននាក់ចាប់តាំងពីវាត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងទីក្រុង Wuhan របស់ប្រទេសចិនកាលពី២ខែមុន។

ក្រុមហ៊ុន Holland America បាននិយាយថា គ្មាននរណាម្នាក់នៅលើនាវាមានវីរុសនេះទេ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា វាមានផ្ទុកអ្នកដំណើរចំនួន១៤៥៥នាក់និងបុគ្គលិក៨០២នាក់។ ទិសដៅដំបូងរបស់វាគឺទីក្រុងយូកូហាម៉ានៃប្រទេសជប៉ុនប៉ុន្តែត្រូវបានបដិសេធចូលចត។

ក្រុមហ៊ុនបាននិយាយថា “នាវានេះមិនស្ថិតក្នុងវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេនោះទេហើយយើងមិនមានហេតុផលដើម្បីជឿថា មានករណីវីរុសកូរ៉ូណានៅលើនាវាដែរបើទោះបីជាមានរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក៏ដោយ”។
មុននេះ ក្រុមហ៊ុនបាននិយាយថា នាវា Westerdam កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងបាងកកហើយវាមិនទាន់ច្បាស់ទេថាតើនាវានេះនឹងផ្លាស់ប្តូរទិសដៅឬក៏យ៉ាងណា៕ REUTERS

ព្រះសង្ឃពាក់ម៉ាសនៅវត្ត Phra Dhammakaya ក្នុងពិធីមួយនៃបុណ្យមាឃបូជានៅខាងក្រៅទីក្រុង បាងកក (រូប REUTERS)

ប្រែសម្រួល៖ វណ្ណវណ្ណ