ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មី ១២០នាក់ថ្ងៃនេះ សរុបឡើងដល់ ១៧៧១នាក់ ស្លាប់ ១២នាក់

អ្នកនាំពាក្យនៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩របស់រដ្ឋាភិបាលថៃ បានឲ្យដឹងនៅថ្ងៃទី១ ខែមេសានេះថាប្រទេសថៃមានករណីឆ្លងថ្មីចំនួន ១២០នាក់និងមានអ្នកស្លាប់ ២ នាក់ទៀតក្នុងរយៈពេលមួយថ្ងៃកន្លងទៅ។

តួលេខថ្មីបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកើនដល់ ១៧៧១ នាក់និងអ្នកស្លាប់ចំនួន ១២ នាក់។

អ្នកស្លាប់ថ្មីទាំង ២ នាក់រួមមានបុរសជនជាតិថៃអាយុ ៧៩ ឆ្នាំម្នាក់មកពីខេត្តភាគខាងត្បូងដែលបានចូលរួមពិធីមង្គលការនៅប្រទេសម៉ាឡេស៊ីកាលពីដើមខែមីនា និងអ្នកជំនួញអាយុ ៥៨ ឆ្នាំម្នាក់ដែលបានវិលត្រឡប់មកពីប្រទេសអង់គ្លេសកាលពីខែមុន។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១២០នាក់ ក្នុងនោះមាន ៣៩នាក់ជាអ្នកបានប្រាស្រ័យទាក់ទងនឹងអ្នកជំងឺមុនៗ ១៦នាក់ជាអ្នកចូលរួមពិធីសាសនានៅប្រទេសឥណ្ឌូណេស៊ី ១១នាក់ជាអ្នកទៅកន្លែងផឹកស៊ីពេលយប់ ១៤នាក់ជាអ្នកប្រកបអាជីពក្នុងវិស័យកម្សាន្ត និងទេសចរណ៍ និងមាន ៦នាក់ជាជនជាតិថៃទើបត្រលប់មកពីក្រៅប្រទេស ៕

ផ្លូវ​ Patong ដែល​ធ្លាប់​តែ​មាន​ភ្ញៀវទេសចរ​អ៊ូអរ​ប្រែ​ជា​ស្ងាត់ជ្រងំ ក្រោយ​រដ្ឋាភិបាល​ប្រកាស​បិទកោះភូកេតដើម្បីទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩ ​ចាប់ពីថ្ងៃទី៣១ ខែមេសា។ រូបថត៖ Reuters

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ CNA