ថៃបន្ធូរបន្ថយការរឹតត្បិតលើបារនិងរង្គសាលហើយអនុញ្ញាតឲ្យជនបរទេសមួយចំនួនចូលប្រទេស
BREAKING NEWS
Search

ថៃបន្ធូរបន្ថយការរឹតត្បិតលើបារនិងរង្គសាលហើយអនុញ្ញាតឲ្យជនបរទេសមួយចំនួនចូលប្រទេស

ប្រទេសថៃបានប្រកាសកាលពីថ្ងៃចន្ទថា បារនិងរង្គសាលរបស់ប្រទេសនេះនឹងចាប់ផ្តើមឡើងវិញប៉ុន្តែមានការរឹតត្បិតមួយចំនួននៅសប្តាហ៍នេះ។ នេះជាផ្នែកមួយនៃការវិលត្រឡប់ទៅរក​ភាពធម្មតាឡើងវិញខណៈខ្លួនត្រៀមស្វាគមន៍អ្នកដំណើរធ្វើជំនួញនិងអ្នកទេសចរផ្នែកវេជ្ជសាស្រ្តបន្ទាប់ពីមានការហាមឃាត់ការចូលពីបរទេស។

រហូតមកដល់ពេលនេះ ប្រទេសថៃមានករណីឆ្លងចំនួន៣,១៦៩ករណីនិងមានអ្នកស្លាប់ចំនួន៥៨នាក់ដោយសារវីរុសកូរ៉ូណា។

ប៉ុន្តែសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍របស់ប្រទេសនេះបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការបិទព្រំដែនខណៈការផ្អាកការកម្សាន្តពេលឈប់បានធ្វើឲ្យបុគ្គលិកក្រៅផ្លូវការ​របស់ប្រទេសនេះដូចជានៅក្នុងរង្គសាល ហាងម៉ាស្សានិងកន្លែងខារ៉ាអូខេត្រូវរសាត់អណ្តែត។

លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចាបាននិយាយថា “អាជីវកម្មដែលមានហានិភ័យបំផុតនឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញចាប់ពីថ្ងៃពុធនេះតទៅព្រោះមិនមានការឆ្លងក្នុងសហគមន៍ទេរយៈពេលជាងមួយខែហើយមកនេះ”។

លោកនិយាយថា “អ្វីដែលសំខាន់បំផុតដែលយើងខ្វល់គឺប្រជាជនដែលគ្មានប្រាក់ចំណូល​សម្រាប់គ្រួសាររបស់ពួកគេ។ ទី២ យើងមានទំនុកចិត្តថា ប្រព័ន្ធសុខាភិបាលរបស់យើងបាន​ត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយស្ថានការណ៍នេះ”។

អ្នកនាំពាក្យមជ្ឈមណ្ឌលស្ថានការណ៍កូវីដ១៩លោក Taweesin Visanuyothin បាននិយាយថា ​ចាប់ផ្តើមពីថ្ងៃទី១ខែកក្កដាទៅ បារ ក្លិបនិងខារ៉ាអូខេអាចបើកឡើងវិញថ្វីបើពួកគេត្រូវប្រកាន់​ខ្ជាប់នូវពេលវេលាបិទនាពេលកណ្តាលអធ្រាត្រនិងត្រូវមានវិធានការគម្លាតសង្គមក៏ដោយ។

ហាងម៉ាស្សានិងហាងតែដែលពេលខ្លះដើរតួជាផ្ទះបនក៏ត្រូវចុះឈ្មោះអតិថិជនដោយប្រើកម្មវិធីតាមដានរបស់រដ្ឋាភិបាលផងដែរ។

លោក Taweesin បាននិយាយថា “បុគ្គលិកត្រូវតែធ្វើតេស្តរកជំងឺកូវីដ១៩ពីមួយពេលទៅមួយ​ពេលហើយមិនគួរមានការជួញដូរផ្លូវភេទទេ”។

ប្រទេសថៃក៏នឹងបន្ធូរបន្ថយការរឹតត្បិតការចូលរបស់ជនបរទេសដែលមានលិខិតអនុញ្ញាតការងារឬជាប្តីប្រពន្ធនិងគ្រួសារថៃនិងប្រជាជនដែលមានបំណងចូលក្នុងព្រះរាជាណាចក្រមួយ​នេះសម្រាប់សេវាកម្មវេជ្ជសាស្រ្តផងដែរ។

អ្នកធ្វើដំណើរអាជីវកម្មមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរីនិងចិនរួមទាំងហុងកុងផងដែរនឹងត្រូវបានអនុញ្ញាតឲ្យចូលប្រសិនបើពួកគេបង់ប្រាក់សម្រាប់ការស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគារ៕ AFP

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ