BREAKING NEWS
Search

ថៃចាប់​ផ្ដើម​ស្រក ករណី​ឆ្លង​ថ្មីថ្ងៃនេះត្រឹម ៥១នាក់ ជា​តួលេខទាបបំផុត​ចាប់​ពី​ថ្ងៃទី២១ ខែមីនា​មក

មជ្ឈមណ្ឌលស្ថានភាពជំងឺកូរ៉ូណាប្រចាំប្រទេសថៃបានរាយការណ៍ថា ថៃមានចំនួនករណីអ្នកឆ្លងវីរុសកូវីដ​១៩ចំនួន ៥១ ករណីថ្មីនិងមានអ្នកស្លាប់ ៣ នាក់បន្ថែមទៀតនៅថ្ងៃចន្ទទី៦ ខែមេសានេះ។ ​តួលេខចុងក្រោយដែលបានបញ្ជាក់នៅថ្ងៃនេះ គឺជាចំនួនករណីថ្មីទាបបំផុតប្រចាំថ្ងៃរបស់ប្រទេសចាប់ពីការរីករាលដាលខ្លាំងតាំងពីថ្ងៃទី ២១ ខែមីនាមក។

អ្នកនាំពាក្យមជ្ឈមណ្ឌលស្ថានភាពជំងឺកូរ៉ូណាលោក Taweesin Wisanuyothin បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីៗ មានករណីចំនួន ១៣ ករណីគឺជាបុគ្គលិកពេទ្យដែលបានមើលថែទាំអ្នកជំងឺ ហើយបានឆ្លងមេរោគពីពួកគេ។  លោកបានបន្ថែមថា ជាងពាក់កណ្តាលនៃករណីថ្មីគឺបានរកឃើញនៅក្នុងរាជធានីបាងកក។

ចាប់តាំងពីការផ្ទុះឡើងដំបូងកាលពីខែមករាមកដល់ថ្ងៃនេះ ប្រទេសថៃបានបញ្ជាក់ថាមានករណីអ្នកឆ្លងវីរុសកូវីដ-១៩សរុបចំនួន ២ ២២០ ករណីដោយមានអ្នកស្លាប់ចំនួន ២៦ នាក់ និងអ្នកជាសះស្បើយពីជំងឺ ៧៩៣ នាក់៕

ចុចអាន៖ វីរុសកូវីដ-១៩បានឆ្លង​ដល់មនុស្សជាង ១,២លាននាក់ហើយនៅទូទាំងពិភពលោក ស្រប​ពេល​ ៥​ប្រទេសវ៉ា​ដាច់​ចិន​

ចុចអាន៖ អឺរ៉ុប​មើល​ឃើញ​ពន្លឺ​ក្ដី​សង្ឃឹម ​ប៉ុន្តែ​​អាមេរិក​ប្រាប់​ឲ្យ​ប្រជាជន​ត្រៀម​ចិត្ត​សម្រាប់​សប្ដាហ៍​ដ៏​រន្ធត់

ប្រែសម្រួល៖ សន្យា

ប្រភព៖ ​CNA