ថៃរាយការណ៍ករណីឆ្លងកូវីដថ្មី ៩១នាក់ និងស្លាប់ម្នាក់ទៀតថ្ងៃនេះ ករណីសរុបឡើងដល់ ១១៣៦នាក់

ក្រសួងសុខាភិបាលប្រទេសថៃនៅថ្ងៃសុក្រនេះបានរាយការណ៍ថាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៩១ នាក់ និងអ្នកស្លាប់ថ្មីម្នាក់ដែលនាំឱ្យមានករណីសរុបឈានដល់ ១១៣៦ នាក់ និងអ្នកស្លាប់សរុបចំនួន ៥ នាក់។

មន្ត្រីសុខាភិបាលថៃបាននិយាយថាករណីស្លាប់ចុងក្រោយគឺអ្នកជំងឺម្នាក់នៅខេត្តណារ៉ាធីវ៉ាតដែលជាប់ព្រំដែនប្រទេសម៉ាឡេស៊ី។

ករណីឆ្លងថ្មីរួម​មានអ្នកជំងឺ ៣០ នាក់ជាអ្នកជាប់ទាក់ទងនឹងអ្នកឆ្លងករណីមុនៗ និង ១៩ នាក់ជាករណីអ្នកទើបធ្វើដំណើរមកពីបរទេស។ នេះបើតាមប្រសាសន៍របស់លោក Anupong Sujariyakul អ្នកជំនាញជាន់ខ្ពស់ផ្នែកថ្នាំបង្ការនៅនាយកដ្ឋានប្រយុទ្ធនឹងជំងឺប្រទេសថៃ។ លោកបន្ថែមថាអ្នកឆ្លងថ្មី ៤២ នាក់ទៀតកំពុងរង់ចាំលទ្ធផលការស៊ើបអង្កេតដើម្បីកំណត់ថាតើពួកគេឆ្លងជំងឺនេះមកពីណា។

រហូតមកដល់ពេលនេះអ្នកជំងឺ ៩៧ នាក់បានជាសះស្បើយនិងបានវិលត្រឡប់ទៅផ្ទះវិញចាប់តាំងពីមានការផ្ទុះឡើង។

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ bangkokpost