BREAKING NEWS
Search

ថៃបើកសាលារៀនឡើងវិញជាមួយនឹងច្បាប់អនាម័យដ៏តឹងរ៉ឹង

សិស្សពាក់ម៉ាស់ដែលគេឃើញជួបជុំជាមួយមិត្តភក្តិនៅវិទ្យាល័យមួយក្នុងទីក្រុងបាងកកត្រូវបានគេប្រាប់ឲ្យបំបែកគ្នាយ៉ាងឆាប់រហ័សនៅពេលពួកគេវិលត្រឡប់ទៅសាលារៀនវិញនៅថ្ងៃពុធនេះបន្ទាប់ពីការសិក្សាពីចម្ងាយរយៈពេលរាប់ខែដោយសារតែការរឹតត្បិតជុំវិញវីរុសកូរ៉ូណា។

ក្មេងជំទង់ដែលកំពុងបន្តការសិក្សាឡើងវិញរួមជាមួយសិស្សសាលាសាធារណៈដទៃទៀតនៅក្នុងប្រទេសនេះបានជជែកគ្នាលេងមុនពេលត្រូវបានគេហៅឲ្យទៅអង្គុយតាមជួរដ៏ទូលាយនៅក្នុងថ្នាក់រៀន។

នាយកសាលាលោក Arwuth Meekhanphet បានព្រមានពួកគេទាំងអស់ឲ្យគោរពឲ្យបានខ្ជាប់​ខ្លួនចំពោះច្បាប់អនាម័យថ្មីដែលរួមមានទាំងការបិទមុខនិងវិធានការគម្លាតសង្គមផងដែរ។

លោកបាននិយាយថា “អ្នកមិនដឹងទេថាតើអ្នកឬមិត្តភក្តិរបស់អ្នកមានជំងឺកូវីដ១៩ដែរឬក៏អត់”។

មុនការបើកសាលារៀនទូទាំងប្រទេសឡើងវិញនៅថ្ងៃពុធនេះ អាជ្ញាធរបានណែនាំថា ទំហំថ្នាក់រៀនត្រូវតែដាក់កម្រិតឲ្យមានសិស្សត្រឹមតែ២០ទៅ២៥នាក់ប៉ុណ្ណោះខណៈដៃទ្វារ តុនិងទីតាំងផ្សេងទៀតដែលមានហានិភ័យនៃការឆ្លងរាលដាលគឺត្រូវតែធ្វើអនាម័យជាប្រចាំ។

ការកម្សាន្តពេលរាត្រីរបស់ប្រទេសនេះក៏នឹងចាប់ផ្តើមជាថ្មីផងដែរនៅថ្ងៃពុធនេះដោយបារ ក្លិបនិងហាងម៉ាស្សាត្រូវបានគេរំពឹងថានឹងបើកដំណើរការឡើងវិញនៅពេលយប់។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរបាននិយាយថា មិនគួរមានការធ្វើពាណិជ្ជកម្មផ្លូវភេទទេ​ខណៈការរឹតត្បិតយ៉ាងតឹងរ៉ឹងទៅលើស្ថានភាពសង្គមគួរតែត្រូវបានគោរពដូចជានៅក្នុងបារ មនុស្សត្រូវតែឈរនៅចម្ងាយមួយម៉ែត្រពីគ្នា។

ថ្វីបើមានការជំរុញឲ្យមានភាពធម្មតាឡើងវិញនៅក្នុងជីវិតប្រចាំថ្ងៃក៏ដោយប៉ុន្តែគណៈរដ្ឋមន្រ្តី​នៃប្រទេសនេះ កាលពីថ្ងៃអង្គារបានបន្តដាក់ច្បាប់ប្រទេសក្នុងគ្រាអាសន្នរបស់ខ្លួនរយៈពេលមួយខែទៀត។

គួរបញ្ជាក់ថា ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ជាង៣,១០០ករណីនិងមានអ្នកស្លាប់ចំនួន៥៨នាក់៕ AFP

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ