ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​បង្ហាញ​ថា ​ស្រុក​ថាឡាបរិវ៉ាត់​ នៅ​ខេត្ត​ស្ទឹងត្រែង ​ជា​ទី​ក្រុង​សម័យ​ចេនឡា
BREAKING NEWS
Search

ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​បង្ហាញ​ថា ​ស្រុក​ថាឡាបរិវ៉ាត់​ នៅ​ខេត្ត​ស្ទឹងត្រែង ​ជា​ទី​ក្រុង​សម័យ​ចេនឡា

ស្ទឹងត្រែង​ ៖​ ក្នុង​បេសកកម្ម​រយៈពេល​៤​ថ្ងៃ​នៅ​ខេត្ត​ស្ទឹងត្រែង, មន្ត្រី​នាយកដ្ឋាន​បុរាណវិទ្យា​ និង​បុរេប្រវត្តិ​នៃ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ប្រាសាទ​បុរាណ​ជាច្រើន​កន្លែង​ហើយ​រក​ឃើញ​ថា ​ទឹកដី​នៅ​ស្រុក​ថាឡាបរិវ៉ាត់​ ​បន្សល់​ទុក​នូវ​ភស្តុតាង​បង្ហាញ​ថា ​ជាទី​ក្រុង​សម័យ​ចេនឡា ដែល​មាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ។

លោក​វឿន​វុទ្ធី ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា​ និង​បុរេប្រវត្តិ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ​បាន​បញ្ជាក់ថា ​៖​ ឆ្លងតាម​ការ​ផ្ទៀងផ្ទាត់​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ គ្រប់​ប្រសាទ​ដែល​មាន​នៅ​ខេត្តស្ទឹងត្រែង​ពិតជា​សម្បត្តិ​មរតក​នៅសល់​ពី​ការស្ថាបនា​ឡើង​របស់​ខ្មែរ​យើង​កាលសម័យ​ដើម។

លោក​អះអាង​ថា ​៖​ ប្រសាទ​មួយ​ចំនួន​នៅ​លើ​ផ្ទាំង​សិលា មាន​អក្សរ​ចារឹក​បញ្ជាក់​ពី​ការស្ថាបនា​នៅក្នុង​សម័យ​ចេនឡា ក្នុង​ចន្លោះ​សតវត្ស​ទី​៦​មកដល់​ទី​៨​ក្រោយ​សម័យ​អង្គ​ភ្នំ ដូចជា​នៅ​(​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បា​ន​បន្សល់​ទុក​នូវ​ភស្តុតាង​បង្ហាញ​ថា​ ជាទី​ក្រុង​សម័យ​ចេនឡា ដែល​មាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ)។

លោក​បន្ត​ថា​ ​៖ ​ចំណែក​ផ្សេង​ពី​នេះ​​ ក៏​មាន​ប្រសាទ​មួយ​ចំនួន ​ត្រូវ​បាន​បាក់បែក ខ្លះ​មាន​ការ​ជីក​កកាយ​ធ្វើឲ្យ​បាត់​រូបរាង បណ្តាលមកពី​កត្តា​មនុស្ស​ជំនាន់​ក្រោយ​និង​កត្តា​ធម្មជាតិ​មួយចំនួន​។​

លោក​ម៉ាន់​ផាន់ ​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ព្រះបាទ​ បាន​ទទួលស្គាល់ថា ​៖​ នេះ​ជា​បញ្ហា​ប្រឈម​ដែល​សំដៅ​ធ្វើឲ្យ​បាត់បង់​សម្បត្តិ​បុរាណ​ ដែល​ខ្មែរ​យើង​បាន​កសាង​ឡើង​មាន​អាយុកាល​ច្រើន​ពាន់​ឆ្នាំ​មក​នោះ​។​

លោក​ថា ​៖​ ដូចជា​ប្រសាទ​បា​ចុង​នៅ​ភូមិ​បា​ចុង ​សង្កាត់​ក្រុង​ស្ទឹងត្រែង នេះ​រង​នូវ​ការ​បាក់​បែក​ពី​កត្តា​ធម្មជាតិ​ ព្រោះ​ប្រសាទ​នេះ ​នៅជាប់​មាត់ទន្លេ​មេគង្គ ទឹក​ហូរ​ច្រោះ​បា​ក់​ដី​បន្តិច​ម្តងៗ​ និង​អាច​ធ្វើឲ្យ​បាត់បង់​ទាំងស្រុង នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ព្រោះ​អាជ្ញាធរ​ពាក់ព័ន្ធ​មិនទាន់មាន​លទ្ធភាព​ក្នុង​រៀបចំ​អភិរក្ស​តាម​ការ​ចង់​បានទេ។

សូម​បញ្ជាក់​ថា ​៖ ​តាម​ការ​ផ្ទៀងផ្ទាត់​នេះ​ ខេត្ត​ស្ទឹងត្រែង​ជា​ខេត្ត មួយ​មាន​វ័យ​ចំណាស់​ព្រោះ​នៅតាម​បណ្តា​ស្រុក​នីមួយៗ​សុទ្ធ​តែមាន​ទីទួល​ប្រាសាទ​ជា​ភស្តុតាង ដូចជា​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​មាន​ប្រាសាទ​ព្រះ​គោ​-​ស្រុក​សៀម​ប៉ាង​មាន​ប្រាសាទ​ទួល​អ្នកតា​-​ស្រុក​សៀម​បូក​មាន​ប្រសា​ទទួល​កំណប់​-​ស្រុក​សេសា​ន​មាន​ប្រាសាទ​បា​ដើម​- និង​ក្រុង​ស្ទឹងត្រែង​មាន​ប្រាសាទ​បា​ចុង៕
ងិន​លីម​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114