ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ឬស្សីកែវ​ថ្លែង​អំណ​គុណ​សម្តេច តេ​ជោ​ហ៊ុនសែន​ជាថ្មី​ម្តងទៀត

ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ ចំនួន ៨​គ្រួសារ ដែលមាន​ទំនាស់​ដីធ្លី នៅ​តំបន់​អភិវឌ្ឍន៍​ឬ​ស្សី​កែវ បានធ្វើ​លិខិត​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ជាថ្មី​ម្តងទៀត​ចំពោះ​សម្តេច​តេ​ជោ ហ៊ុនសែន​និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​ ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស។​

នេះ​ជា​លិខិត​ទី​២​ហើយ ដែល​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​ទំនាស់​ដីធ្លី បានធ្វើ​លិខិត ថ្លែង​អំណរ​គុណ​បន្ទាប់ពី​សម្តេច​តេ​ជោ បាន​ឯកភាព​លើ​របាយការណ៍​សង្ខេប​របស់​ប្រធាន​ប្រតិភូ គណបក្ស​ខ្មែរ​ក្រោក ដោយបាន​ឯកភាព​ប្រគល់ជូន រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ដោះស្រាយ និង​រាយការណ៍​ជូន​សម្តេច​នាយករដ្ឋមន្ត្រី​។​

នៅក្នុង​លិខិត​របស់​ប្រជាពលរដ្ឋ បានឲ្យដឹងថា «​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ប្រជាជន ដែលមាន​ទីលំនៅ នៅ​តំបន់​អភិវឌ្ឍ​ឫស្សីកែវ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ និង​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ ២ ខណ្ឌ​ឫស្សី​យេ​កែវ រាជធានី​ភ្នំពេញ​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាថ្មី​ម្តងទៀត​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​ប៊ុន រ៉ានី​ហ៊ុន សែន​ដែល​បានចេញ​ស ជ ណ​លេខ ១០០​ចុះ​ថ្ងៃទី​១៧​ខែមករា ឆ្នាំ ២០២០​ដោយបាន​ប្រគល់​ភារកិច្ច​ទៅ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​បន្ត​ដោះស្រាយ​ជាមួយ​យើងខ្ញុំ​ទាំង​៨​គ្រួសារ​នៅ​តំបន់​អភិវឌ្ឍន៍​ឬ​ស្សី​កែវ​។​

នៅក្នុង​លិខិត ក៏បាន​ឲ្យ​ដឹងទៀតថា នេះ​គឺជា​ការយកចិត្ត​ទុក​របស់ សម្តេច ចំពោះ យើងខ្ញុំ​ជា​ប្រជាជន​រស់នៅ​ក្រោម​ម្លប់ សន្តិភាព ដែលជា​ទម្លាប់​របស់ សម្តេច គឺ​ទីណា​ដែល​ប្រជាជនមាន​ទុក្ខលំបាក​ ទីនោះ​មាន​វត្តមាន របស់​សម្តេច​។ យើងខ្ញុំ ទាំង​៨​គ្រួសារ​សង្ឃឹម ថា សាលា​រាជធានី​ភ្នំពេញ​នឹង​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​យើងខ្ញុំ​ដោយ​ឈរលើ​គោលការណ៍​គ្រឹះ​របស់​សម្តេច​គឺ​ការ​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា។

នៅក្នុង​លិខិត​នោះ​ប្រជាពលរដ្ឋ ក៏បាន​បួងសួង​ដល់​ទេវតា ឆ្នាំ​ថ្មី​សូម​ប្រសិទ្ធិ​ពរជ័យ​ជួន​ដល់​សម្តេច សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទាំង​បុត្រា បុត្រី និង​ចៅប្រុស​ចៅស្រី​ទាំងអស់ របស់​សម្តេច សូម​ឲ្យ​បាន​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​៖ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​
ប្រជាជន ៨​គ្រួសារ សូម​សំណូមពរ​ដល់​សាលា​រាជធានី​មេត្តាជួយ​ព​ន្លឿ​ន​ការដោះស្រាយ​បន្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​បញ្ចប់​ទំនាស់​ដ៏​រ៉ាំរ៉ៃ​នេះ៕
ឌី​រៀ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114