BREAKING NEWS
Search

លោក ចម ប្រសិទ្ធ ៖ កម្ពុជានិងគុយបាជាមិត្តដ៍ល្អដែលបានជួយដល់កម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា

ភ្នំពេញ៖  លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងអំណរគុណដល់ប្រទេសគុយបា ដែលជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាក្រោយទើបរំដោះនាថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ខណៈពេលលោកជួបលោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតគូបាប្រចាំកម្ពុជានាថ្មីៗនេះ នៅទីស្តីការក្រសួង។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៌ និងជម្រាបជូនពីភាតរភាព សាមគ្គីភាព និងទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរកម្ពុជា-គុយបា ដែលជាពិសេស បានថ្លែងអំណរគុណដល់ប្រទេសគូបា ដែលបានជួយឧបត្ថម្ភ គាំទ្រ ដល់កម្ពុជា ក្នុងដំណាក់កាលដែលកម្ពុជាទើបរំដោះរួចផុតពីរបបប្រល័យពូជសាសន៌ប៉ុលពត នាថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ។ ជំនួយទាំងនោះរួមមានគ្រឿងឧបភោគ-បរិភោគ ថ្នាំពេទ្យ រួមទាំងជំនាញគ្រូពេទ្យព្យាបាល និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ ។ លោកកិត្តិសេដ្ឋាបណ្ឌិតរូបនេះសង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់លោកស្រីឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា នឹងជំរុញបានថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសទាក់ទងនឹងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាដើម ។

ដោយឡែកលោកស្រី Liurka Rodriguez Barrios បានសម្តែងនូវទឹកចិត្តរីករាយ និងមោទកភាពចំពោះបេសកកម្មការទូតនៅកម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់និងកោតសរសើរ នូវភាពរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលសំខាន់នោះ ការរស់នៅរបស់លោកស្រីក្នុងបេសសកកម្មការទូតនៅកម្ពុជាតាំងពីឆ្នាំ២០១៩ មក មិនគ្រាន់តែបានឃើញនូវភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា និងភាពរួសរាយរបស់ប្រជាជនប៉ុណ្ណោះទេ តែលោកស្រីមានអារម្មណ៍កក់ក្តៅជាមួយស្ថិរភាព សន្តិភាព សុវត្ថិភាពក្នុងការរស់នៅ ជាមួយនឹងការចូលរួមរបស់ប្រជាជនក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។

លោកស្រីឯកអគ្គរដ្ឋទូតគុយបា បានថ្លែងបន្ថែមថា តាមរយៈបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរទាំងផ្នែកការទូត និងវិស័យដ៏ទៃទៀតឲ្យកាន់តែល្អប្រសើរឡើង ។ ក្នុងនោះជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកស្រី បានផ្តល់សារៈសំខាន់ដូចលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានលើកឡើងដែរ គឺការពង្រឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

អត្ថបទ៖ វិមាន

ចុចអាន៖​ អគ្គនាយកដ្ឋានថ្មីមួយបង្កើតដើម្បីចូលរួមអនុវត្តគោលនយោបាយនានា និងសេដ្ឋកិច្ចបែបឌីជីថល

ចុចអាន៖​   បាក់លូ​បង្ហូ​ទឹកស្អុយ​ នៅ​ខេត្តកំពង់ចាម​ ធ្លាក់​ចូល​ម៉ូតូ​មួយ​គ្រឿង