BREAKING NEWS
Search

កំណើតនៃការ​បង្វឹកភាពជោគជ័យដោយ​ឲ្យមនុស្សដើរលើរងើកភ្លើង

លោក Anthony Jay Robbins ឬ Tony Robbins ជាជនជាតិអាមេរិក កើតនៅទីក្រុង Los Angeles រដ្ឋកាលីហ្វញ៉ា។

លោកជាគ្រូបង្វឹក ជាអ្នកលើកទឹកចិត្តសាធារណជន និងជាអ្នកនិពន្ធ។ ភាពល្បីល្បាញរបស់ Robbins ត្រូវបានគេស្គាល់ដោយសារកម្មវិធីសិក្ខាសាលា និងការបោះពុម្ពសៀវភៅបែបលើកទឹកចិត្តខ្លួនឯងរួមមានសៀវភៅ Unlimited Power ឆ្នាំ ១៩៨៧ និង Awaken the Giant within ឆ្នាំ ១៩៩៣ ។

ជាងនេះទៀត Tony Robbins ជាគ្រូបង្វឹកផ្ទាល់ខ្លួនរបស់មេដឹកនាំ និងបុគ្គលល្បីល្បាញជាច្រើនរួមមាន មេដឹកនាំបដិវត្តប្រឆាំងការរើសអើងពូជសាសន៍នៅទ្វីបអាហ្វ្រិក លោក Nelson Mandela កំពូលអ្នកជំនួញស្ត្រីនិងជាមហាសេដ្ឋីមានប្រាក់វាល់លានរបស់ពិភពលោកអ្នកស្រី Oprah Winfrey, អត្តពលលិកឆ្នើមលេខមួយរបស់សហរដ្ឋអាមេរិកនាចុងសតវត្សរ៍ទី ២០ ដល់ដើម សតវត្សរ៍ទី ២១ ក្នុងប្រភេទកីឡាវាយតេននីស Andre Agassi, ប្រធានាធិបតីអាមេរិកទី ៤២ លោក Bill Clinton, អ្នកជំនាញវិនិយោគ និងជាម្ចាស់ក្រុមហ៊ុន Tudor Investment Jones លោក Paul Tudor Jones II, តារាភាពហូលីវូដ Leonardo DiCaprio, ម្ចាស់ក្សត្រី Princess Diana របស់ប្រទេសវែលស៍ និងស្ត្រីមានចិត្តសប្បុរសជាងគេបំផុត Mother Teresa។

ក្នុងវ័យកុមារ​ Tony មានខ្សែជីវិតក្រលំបាក ខ្វះព្រឹកខ្វះល្ងាច ដែលនេះអាចជាមូលហេតុជម្រុញឱ្យលោកតាំងចិត្តនឹងប្រែក្លាយខ្លួនធ្វើជាអ្នកមានម្នាក់នៅពេលធំឡើងដើម្បីជួយជនក្រីក្រ។

លោក Tony ក៏ត្រូវបានមហាជនស្គាល់តាមរយៈអង្គការមនុស្សធម៌ The Anthony Robbins Foundation ដែលជួយដល់ជនក្រីក្ររាប់លាននាក់ និងការនិយាយលើកទឹកចិត្តជាសាធារណៈដែលពោរពេញដោយថាមពលនានាផងដែរ។ ក្នុងឆ្នាំ ២០១៤ លោក Tony បានបរិច្ចាគប្រាក់ ១ លានដុល្លារដល់កម្មវិធី Global Learning X Prize និងប្រាក់សរុប ១៥ លានដុល្លារដើម្បីជូនដល់ក្រុមហ៊ុន ឬអង្គភាពណាដែលអាចបង្កើតភាពច្នៃប្រឌិតអំពីរបៀបសិក្សាតាមបច្ចេកវិទ្យា។

នៅខែកក្កដា ឆ្នាំ ២០១២ សារព័ត៌មាន San Jose Mercury News បានចុះផ្សាយថាមនុស្សជាច្រើនត្រូវបានរលាកនិងបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងកំឡុងសិក្ខាសាលាដើរលើភ្លើងរបស់ Robbins នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១២ ។ ប៉ុន្តែកាសែត Fox News, New York Time និង CNN បានដកព័ត៌មាននេះចេញ ហើយរាយការណ៍ថា វាជាព័ត៌មានមិនត្រឹមត្រូវ។

លុះនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ មានសេចក្តីរាយការណ៍ម្ដងទៀតថា “មនុស្សរាប់សិបនាក់ត្រូវបានរលាកនិងបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីប៉ុនប៉ងដើរលើធ្យូងថ្មក្តៅនៅក្នុងសិក្ខាសាលា Tony Tony Robbins ក្នុងទីក្រុង Dallas រដ្ឋ Texas” ។ ពេលមានអ្នកចូលរួមប្រមាណ ៣០-៤០ នាក់ត្រូវបានគេដឹកទៅព្យាបាលការរលាកភ្លាមៗ។

វិធីបង្វឹកដែលដ៏គ្រោះថ្នាក់នេះត្រូវបាន លោក Tony Robbins អះអាងលើការសែត Washingtonpost ថា “វាអាចជួយឱ្យមនុស្សជម្នះភាពភ័យខ្លាចរបស់ខ្លួន នៅពេលចាប់ផ្តើមធ្វើរឿងដែលមិនអាចទៅរួច នោះពួកគេនឹងអាចគ្រប់គ្រងឧបសគ្គក្នុងជីវិតបានងាយស្រួល” ។

ទោះជាយ៉ាងនេះក្ដី លោក Tony Robbins ក្លាយជាសេដ្ឋីមិនមែនដោយសារតែវគ្គបណ្តុះបណ្ដាលមនុស្សឱ្យជោគជ័យដោយការដើរលើអណ្តាតភ្លើងតែមួយមុខនោះទេ។ លោកបានរកស៊ីក្នុងវិស័យជាច្រើនដូចជា ផ្តល់ដំបូន្មាននិងយុទ្ធសាស្ត្រក្នុងការធ្វើជំនួញផ្សេងៗ ចំណូលពីការលក់សៀវភៅល្បីៗជាច្រើនក្បាល និងតាមរយៈការបង្កើតវីឌីអូបណ្តុះបណ្ដាលអាជីព និងកម្មវិធីសិក្ខាសិលាដោយខ្លួនឯង។ បន្ថែមពីលើនេះ លោកបានបង្កើតក្រុមហ៊ុនមួយដាក់ឈ្មោះថា The Anthony Robbins Company ។ ក្រុមហ៊ុននេះរកស៊ីចម្រុះទាំងក្នុងវិស័យអប់រំ បដិសណ្ឋារកិច្ច ផលិតកម្ម និងវិស័យជំនួញបែបសេវាកម្ម ដែលត្រូវបានគេដឹងថាអាចរកចំណូលបានជិត ៦ ប៊ីលានដុល្លារក្នុងមួយឆ្នាំឯណោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Wikipedia

ចុចអាន៖  តើមេដឹកនាំពិភពលោករូបណាដែលមានអ្នកតាមដានច្រើនជាងគេលើបណ្ដាញសង្គម?

ចុចអាន៖ រឿងអស្ចារ្យ​​មួយចំនួនរបស់ក្រុមហ៊ុនផលិតម៉ូតូធំបំផុតលើលោក Honda