BREAKING NEWS
Search

ជំនាញទំនាក់ទំនង៖ កសាងមិត្តភាពល្អនៅកន្លែងធ្វើការ

ការកសាងវប្បធម៌ល្អក្នុងទំនាក់ទំនងជាមួយមិត្តរួមការងារ ពិតជាសំខាន់។ កន្លែងធ្វើការ ប្រៀបបាននឹងផ្ទះ រីឯមិត្តរួមការងារ ប្រៀបដូចបងប្អូន។ ពួកយើងត្រូវការជំនួយគ្នាទៅវិញទៅមក ទើបការលទ្ធផលល្អ ​ហើយទំនាក់ទំនងក៏កាន់តែស្អិតរមួត។

១. ចេះស្ដាប់គ្នាទៅវិញទៅមក

ចេះស្ដាប់អ្នកដទៃ មិនថាការជជែក ឬរយោបល់ នាំឱ្យធ្វើការបានយូរ។ មនុស្សម្នាក់ៗតែងមានវិធីក្នុងការឆ្លើយតបទៅនឹងបុគ្គលដែលពិតជាចង់ស្តាប់នូវអ្វីដែលខ្លួននិយាយ។ នៅពេលចៅហ្វាយឬមិត្តរួមការងារកំពុងនិយាយជាមួយ សូមយកចិត្តទុកដាក់ស្ដាប់ ពួកគេនឹងចាត់ទុកអ្នកថា ជាមនុស្សទៀងត្រង់ គួរឱ្យទុកចិត្ត និងផ្ដល់ការគោរពមកវិញ។

២. ធ្វើការគួរសមសាមញ្ញៗ

ការអនុវត្តការគួរសមសាមញ្ញដូចជាការនិយាយថា “អរុណសួស្ដី” នៅពេលព្រឹក ការសំឡឹងមើលភ្នែកនៅពេលជជែក ឬញញឹមញញែម ពិតជាអាចជួយដល់ការកសាងទំនាក់ទំនងល្អជាមួយមិត្តរួមការងារ។ ការគួរសមដោយសាមញ្ញៗត្រូវបានគេចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ដែលគួរបន្តអនុវត្តឲ្យបានរាល់ថ្ងៃ។

៣. រក្សាឥរិយាថវិជ្ជមាន

គ្មាននរណាម្នាក់ចូលចិត្តនៅជាមួយបុគ្គលដែលតែងតែមានអាកប្បកិរិយាអវិជ្ជមានទៅកាន់អ្នកជុំវិញខ្លួនគេនោះទេ។ ដូច្នេះ ប្រសិនបើចង់ឲ្យមិត្តរួមការងាររាប់អាន គួររក្សាខ្លួនជាបុគ្គលដែលមានគំនិតវិជ្ជមាន ពាក្យសម្ដីសមរម្យ និងអាកប្បកិរិយាល្អជានិច្ច។

៤. បុគ្គលផ្សេងៗគ្នា ប្រើវិធីទាក់ទងខុសគ្នា

បុគ្គលផ្សេងគ្នាតែងចូលចិត្តវិធីសាស្រ្តក្នុងការទំនាក់ទំនងផ្សេងៗពីគ្នា។ មិត្តរួមការងារមួយចំនួនប្រហែលជាចូលចិត្តទំនាក់ទំនងតាមរយៈអ៊ីម៉ែល ព្រោះវាផ្តល់នូវកំណត់ត្រាជាលាយលក្ខណ៍អក្សរ ខណៈពេលដែលអ្នកខ្លះទៀតអាចចូលចិត្តការនិយាយទូរសព្ទ ដើម្បីឱ្យវាកាន់តែងាយស្រួល។ ដូច្នេះ គួរប្រើមធ្យោបាយទំនាក់ទំនងណាដែលមិត្តរួមការងារ ទម្លាប់ប្រើដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍របស់ពួកគេ។

៥. ចេះគោរពសិទ្ធអ្នកដទៃ

នរណាៗក៏ត្រូវការពេលវេលា និសសិទ្ធិផ្ទាល់ខ្លួនដែរ។ ការមិនគោរពព្រំដែនផ្ទាល់ខ្លួនអាចជាមធ្យោបាយមួយដែលអាចបំផ្លាញទំនាក់ទំនងពិបាកប៉ះប៉ូវ។ ដោយហេតុផលនេះ ត្រូវដឹងពីព្រំដែនផ្ទាល់ខ្លួនរបស់អ្នកដទៃ ដូច្នេះអ្នកនឹងមិនបំពានព្រំដែនគេនោះទេ។

៦. តែងតែលើកសរសើរមនុស្សជុំវិញខ្លួន

គ្រប់គ្នារមែងចង់ទទួលបានការកោតសរសើរចំពោះការងាររបស់ខ្លួន ទោះបីតិចតួចក្ដី។ ដូច្នេះ គួរចេះកោតសរសើរសម្រាប់ការខិតខំរបស់មិត្តរួមការងារ។ សូម្បីតែការនិយាយថា “សូមអរគុណ” ក៏អាចចាត់ទុកថាជាការកោតគោរពដែរ។ ការធ្វើបែបនេះអាចធ្វើឱ្យមានការគោរពគ្នាទៅវិញទៅមកនៅក្នុងកន្លែងធ្វើការ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖  វិធី ៣ យ៉ាង​ដែល​ស្ត្រី​អាច​ឈាន​មុខខ្លាំង​​ក្នុង​វិស័យ​ការងារ

ចុចអាន៖ មនុស្ស​ដែល​មាន​ឥទ្ធិពល​ពិតប្រាកដ​មាន​លក្ខណៈ​យ៉ាងណា?