BREAKING NEWS
Search

រឿងផ្ទាល់ខ្លួនទាំង៨ របស់កំពូលតារាក្បាច់គុនកុងហ្វូ កុំកុំ (Donnie Yen)

ក្រៅពីមានសមត្ថភាពសម្ដែងក្បាច់គុនដ៏ជំនាញ កំពូលតារាសម្តែងហុងកុង Donnie Yen Ji-dan ឬកុំកុំក៏ជាអ្នកលេងព្យ៉ាណូដ៏ស្ទាត់ជំនាញផងដែរ។

ក្រៅពីនោះ តារាវ័យ ៥៧ ឆ្នាំរូបនេះ មានរឿងរ៉ាវ ៨ យ៉ាងខំខាន់ផ្សេងទៀតដែលយើងមិនធ្លាប់ដឹង!

១. កុំកុំមានសញ្ជាតិពីរ ចិន-អាមេរិកាំង

កើតនៅក្វាងចូវ ប្រទេសចិន នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៦៣ កុំកុំបានក្លាយពលរដ្ឋអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកជាមួយគ្រួសារនៅវ័យ ១១ ឆ្នាំ និងទទួលបានសញ្ជាតិអាមេរិកាំង។ ប៉ុន្តែលោកបានប្តូរសញ្ជាតិទៅជាជនជាតិចិន-ហុងកុង វិញ ក្នុងឆ្នាំ ២០០៩ ។

លោកនិយាយថា “តាំងពីខ្ញុំនៅក្មេង ខ្ញុំដឹងថាខ្ញុំមានឈាមជ័រចិនក្នុងខ្លួន ហើយខ្ញុំត្រូវការកម្មសិទ្ធិនោះ។ ឥឡូវ ខ្ញុំជាជនជាតិចិន ១០០%”។

២. ម្តាយរបស់កុំកុំក៏ជាគ្រូក្បាច់គុនម្នាក់ដែរ

ម្តាយរបស់កុំកុំ អ្នកស្រី Bow-sim Mark ជាអ្នកជំនាញខាងសិល្បៈក្បាច់គុនដ៏ល្បីល្បាញដែលមានជំនាញក្បាច់ តៃជី  និងក្បាច់ កុងហ្វូបែប wudangquan ។ អ្នកស្រីបានឈ្នះមេដាយមាសក្នុងការប្រកួតអន្តរជាតិលើកទី ១ របស់តៃជី នៅទីក្រុងអ៊ូហាន នាឆ្នាំ ១៩៨៤ និងបានបង្កើតវិទ្យាស្ថានស្រាវជ្រាវ Wushu របស់ចិន ក្នុងឆ្នាំ ១៩៧៦។ Donnie Yen ចាប់ផ្តើមរៀនក្បាច់គុនជាមួយម្តាយតាំងពីក្មេង។ កុំកុំនិយាយថា ខ្លួនតែងតែចាត់ទុកម្តាយជាអាយដូល ហើយលោកក៏មោទនភាពណាស់ដែរ ដែលមានអ្នកស្រី Mark ជាម្ដាយ។

៣. កុំកុំ និង លីលានជា ជាអតីតមិត្តរួមថ្នាក់

កំពូលតារាសម្ដែងក្បាច់គុនកុងហ្វូ កុំកុំ ​ត្រូវបានម្ដាយបញ្ជូនទៅសាលាកីឡា Shichahaiក្នុងឆ្នាំ ១៩៧៨ ដើម្បីហ្វឹកហាត់ជាមួយក្រុម Wushu ឯទីក្រុងប៉េកាំង។

ក្រោយមក លីលានជា(Jet Li) បានចូលរៀននៅសាលានោះដែរ ហើយអ្នកទាំងពីរបានរៀនថ្នាក់តែមួយ និងក្លាយជាមិត្តនឹងគ្នា។

៤. កុំកុំលេងព្យាណូបានយ៉ាងល្អ

ឪពុករបស់កុំកុំ លោក Klyster Yen ជាអ្នកលេងវីយូឡុងនិងពូកែលេងទ្រចិនផងដែរ។​ ដោយសារឥទ្ធិពលពីឪពុក កុំកុំរៀនលេងព្យាណូតាំងពីក្មេង ហើយលោកបានក្លាយជាតន្ត្រីករព្យាណូដ៏ស្ទាត់មួយរូប។ លោកបានលេងព្យាណូក្នុងបទចម្រៀងនៃភាពយន្ត Rogue One: A Star Wars Story ដែលខ្លួនលោកផ្ទាល់ក៏ជាតួសម្ដែងក្នុងរឿងនេះ។

លោកប្រាប់ថា “ប្រសិនបើខ្ញុំមិនចេះលេងព្យាណូ ឪពុកខ្ញុំនឹងយកដំបងមកវាយខ្ញុំ ហើយបើមិនហាត់ក្បាច់គុនទេ ម្តាយរបស់ខ្ញុំក៏នឹងវាយខ្ញុំដោយដំបងដែរ”។

៥. កុំកុំចូលចិត្តពាក់វ៉ែនតា

ភាពយន្តជាច្រើនរបស់ Donnie Yen សម្ដែងត្រូវបានគេមើលឃើញថាពាក់វ៉ែនតាញឹកញាប់បំផុត។ ក្នុងនោះមានរឿង “Legend of the Fist: The Return of Chen Zhen” រឿង “Chasing the Dragon” ឆ្នាំ ២០១៧ រឿង “ xXx: Return of Xander Cage” ឆ្នាំ ២០១៧ និងរឿង “Big Brother” ឆ្នាំ ២០១៨ ។

លោកមានប្រសាសន៍ថា ខ្លួនបានស្លៀកពាក់ទៅសាលារៀន និងពាក់វ៉ែនតា ដូចគ្នាទៅនឹងលោក Bruce Lee ដែរ។ ការតែងខ្លួនបែបនេះ មនុស្សគ្រប់គ្នានឹងគិតថា លោកចេះក្បាច់គុន ដូច្នេះពួកគេមិនហ៊ានធ្វើបាបលោកទេ។  លោកថា និស្សិតចិននៅសហរដ្ឋអាមេរិកត្រូវបានគេរើសអើង ហើយជាញឹកញាប់ពួកគេតែងតែរងគ្រោះដោយសារអំពើហឹង្សាក្នុងសាលាផងដែរ។

តារាចិនជួរមុខរូបនេះ ថែមទាំងបានរចនាវ៉ែនតាមានឈ្មោះថា DonniEYE ក្នុងឆ្នាំ ២០១៨ ដោយសហការជាមួយវ៉ែនតាម៉ាក Zupa Ztar និងយីហោរ On Aura Tout Vu។

៦. កុំកុំស្រឡាញ់សត្វសេះ

កាលពីឆ្នាំ ២០១៦ លោកបានទិញសេះឈ្មោះ Bad Boy ។ វាកើតនៅអូស្រ្តាលី និងធ្លាប់ឈ្នះការប្រណាំងចំនួន ៣ លើកជាមួយគ្រូបង្វឹក John Moore ក្នុងឆ្នាំ ២០១៦ ។

កុំកុំធ្លាប់ជាឯកអគ្គរដ្ឋទូតរបស់ BMW ហុងកុង Derby ចំនួន ៧ ដង ហើយថែមទាំងជាអ្នកជិះសេះលើទឹកកកទៀតផង។

៧. កុំកុំរងរបួសពេលសម្ដែងតួ Crippled Ho

តួកុនល្បីឈ្មោះរូបនេះ ត្រូវវះកាត់ជើងក្រោយសម្ដែងរឿង “Chasing the Dragon” ភ្លាត់ស្នៀត។ របួសម្រាមជើងចាស់របស់លោកកាន់តែធ្ងន់ធ្ងរទៅៗខណៈសម្ដែងមិនទាន់ចប់ស្រួលបួល។  បន្ទាប់ពីបញ្ចប់ការថតភ្លាម លោកត្រូវវះកាត់និងប្រើឈើច្រត់រយៈពេល ៤ ខែ។

៨. កុំកុំសរសេរជីវប្រវត្តិផ្ទាល់ខ្លួន

លោកធ្លាប់សរសេរអត្ថបទសម្រាប់ទស្សនាវដ្តី Hong Kong’s East Week។ ក្នុងឆ្នាំ ២០១០ គេប្រមូលជីវប្រវត្តិនានានារបស់លោកមកចងក្រងក្នុងសៀវភៅមួយដែលមានចំណងជើង “Ask a Loyalty Heart”។ វារៀបរាប់លម្អិតពីបទពិសោធន៍តាំងពីកុមារ ពីមិត្តភាព រហូតដល់ស្នេហារបស់លោក។ សៀវភៅនេះត្រូវបានបោះពុម្ពនិងលក់ក្នុងតម្លៃ ៦៨ ដុល្លារហុងកុង (៨,៧០ ដុល្លារ)៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ SCMP

ចុចអាន៖ ត្រចៀកកាំ Zhao Wei ក្លាយជាជាសេដ្ឋីនីដោយរបៀបណា?

ចុចអាន៖  តារាកំប្លែងចិន​រិះគន់ថា ភាសាលោកTrumpរើសអើងចិន ជាឧទាហរណ៍នៃការបែងចែកក្នុងសង្គមអាមេរិក